ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានថ្លែងបញ្ជាក់ថាសម្រាប់ប្រពលរដ្ឋកម្ពុជាសូមអរគុណសន្តិភាពក្នុងរយៈកាលជាង២០ឆ្នាំកន្លងមកនេះ។ដែលសម្រេចបានក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា។
អំណោយផលនៃសន្តិភាពបាននិងកំពុងផ្តល់ឱ្យពលរដ្ឋកម្ពុជានូវជីវភាពរស់នៅដ៏សុខសាន្តប្រកបដោយសុភមង្គលសិទ្ធសេរីភាពគ្រប់បែបយ៉ាងនិងភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារញាតិមិត្តក្នុងឱកាសបុណ្យតូចធំទាំងអស់ក្នុងមាតុភូមិកម្ពុជាជាទីស្នេហានៃយើង។
ការថ្លែងបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការនិងបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩របស់កងពលតូចអន្តរាគមន៍លេខ១៤នៅខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានបន្តថាក្នុងនាមក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាននិងបញ្ជាការដ្ឋានកងទ័ពជើងគោកសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់កងពលតូចអន្តរាគមន៍លេខ១៤ដែលកន្លងទៅនេះ។បងប្អូនបានបំពេញភារកិច្ចការពារជាតិមាតុភូមិក្នុងនាមជាកម្លាំងចល័តអន្តរាគមន៍ឱ្យតាមបណ្តាទិសនៅសមរភូមិមុខទិសយោធភូមិភាគទី៥។
ការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនិងថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋធានាបាននូវភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។
មេបញ្ជាការកងទ័ពជើងគោកបានបន្តទៀតថាលទ្ធផលនៃវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់កងពលតូចអន្តរាគមន៍លេខ១៤ក្នុងការអនុវត្តយ៉ាងសកម្មនូវការងារហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប់ជាប្រចាំ។ដើម្បីឆ្លើយតបបានទៅនឹងសំណូមពរភារកិច្ចចំពោះមុខ ក៏ដូចជាតម្រូវការនៃការអភិវឌ្ឍសមត្ថភាពរបស់យោធិនដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់របស់កងយោធពលខេមរភូមិន្ទ។
ក៏បានបង្ហាញឱ្យឃើញផងដែរអំពីការប្តេជ្ញាចិត្តនិងការសាមគ្គីសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំនាយទាហាននាយទាហានរងនិងពលទាហានទាំងអស់របស់កងពលក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទឱ្យមានសមត្ថភាពពេញលេញនិងប្រកបដោយវិជ្ជាជីវៈសំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតសូមគាំទ្រចំពោះការបេ្តជ្ញាចិត្តរបស់កងពលក្នុងការអនុវត្តទិសដៅការងារហ្វឹកហ្វឺនឆ្នាំ២០២០។ក្នុងនោះកងពលត្រូវបន្តសង្កត់ធ្ងន់លើការពង្រឹងគុណភាពហ្វឹកហ្វឺន។បន្តទៅនេះគ្រប់បណ្តាអង្គភាពនិងសាលាចំណុះកងទ័ពជើងគោកត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណាឱ្យការហ្វឹកហ្វឺនធានាបាននូវគុណភាពជាជាងបរិមាណ។សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលអគារទីបញ្ជាការថ្មីដែលកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់និងស្រុកក្រគរព្រមទាំងអគ្គិសនីកម្ពុជាជាអង្គភាពសម្ព័ន្ធមេត្រីភាពដែលជានិច្ចជាកាលតែងបានឧបត្ថម្ភគាំទ្រដល់កងពលរហូតអង្គភាពមានការរីកចម្រើនជាលំដាប់និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា៕S/
រូបថតលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការ និងបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩ របស់កងពលតូចអន្តរាគមន៍លេខ១៤