ដោយ:អង្គរតូច/សៀមរាប៖ពលរដ្ឋដែលប្រកបមុខរបរដឹកអុសនិងឃ្យូងរួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ស្រុកស្វាយលើចោទប្រកាន់ថាមេស្នាក់ការអង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជាប្រចាំស្រុកស្វាយលើដាក់កុងត្រូលដេញស្ទាក់ឡានទារប្រាក់បង្កការភ័យខ្លាច។ករណីមេស្នាក់ការអង្គការខាងលើឆ្លើយថាពិតជាបានដេញឡានមែនតែមិនបានឃាត់ទេគ្រាន់តែពិនិត្យនិងថតរូបភាពឯរឿងលុយក៏យកតិចតួចប៉ុណ្ណោះ។
ពលរដ្ឋដឹកអុសម្នាក់ ក្នុងចំណោមនោះ បានប្រាប់ថា ជារៀងរាល់ថ្ងៃ គាត់តែងឃើញមានរថយន្ត និងម៉ូតូបើកប្រដេញឡានឬគោយន្តដែលដឹកអុសនិងឈើកែច្នៃ នៅលើដងផ្លូវនៃស្រុកស្វាយលើ ដើម្បីទារលុយ។ក្រៅពីរូបគាត់គឺមានអ្នកផ្សេងទៀតដូចជាអ្នកដឹកអុសដឹកធ្យូង។ខ្លះទៀតឡានឈ្នួលដឹកមនុស្សក៏ក្រុមខាងលើប្រដេញស្ទាក់ផងដែរ។
ពលរដ្ឋដដែលបន្តថាក្រុមអ្នកបើករថយន្តប្រដេញទាំងនោះមិនដឹងច្បាស់ថាជាមន្ត្រីជំនាញឬអង្គភាពមកពីខាងណាឱ្យប្រាកដឡើយតែឃើញបើកចេញពីស្នាក់ការអង្គការខាងលើនោះ។ចំណែកអ្នករត់តាក់ស៊ីឡានប្រភេទសាំយុងម្នាក់ទៀតក៍បានផ្តល់ព័ត៌មានមកថាខ្លួនធ្លាប់បានទទួលរងការប្រដេញស្ទាក់ដោយមេស្នាក់ការអង្គការបរិស្ថានខាងលើនោះច្រើនដងមកហើយ។រាល់ពេលឃាត់ឡានរបស់ខ្លួនក្រុមមនុស្ស៣ទៅ៤នាក់ដែលខ្លះឯកសណ្ឋានស្រដៀងមេព្រៃនិងខ្លះស៊ីវិលនោះតែងសួរថាមានដឹកឈើដែរឬអត់?
ប្រភពបន្តថាការប្រដេញស្ទាក់មិនថាពេលថ្ងៃឬយប់បែបនេះធ្វើឱ្យអ្នកជិះក្នុងឡានភ័យខ្លាចយ៉ាងខ្លាំងរហូតលើកជាហេតុផលពីរមកសួរ។ទី១បង្កគ្រោះថ្នាក់ដូចជាបុកជល់ទី២បើមិនមែនជាសមត្ថកិច្ចពិតប្រាកដអាចជាក្រុមចោរប្លន់ក៏ថាបាន។ជាមួយគ្នានោះបុរសខាងលើក៏បានទទូចសុំឱ្យអាជ្ញធរមានសមត្ថកិច្ចពិនិត្យបើសិនជាអាចបញ្ឈប់ការដាក់កុងត្រូលសម្រាប់ប្រដេញស្ទាក់បែបនេះ។
ពិសេសទៅទៀតមិនគួរឱ្យមានស្នាក់ការអង្គភាពដែលមិនមែនជាសមត្ថកិច្ចពិតប្រាកដនោះឡើយ។មេភូមិទឹកលិចឃុំបឹងមាលានៃស្រុកស្វាយលើលោកស្រីអ៊ាបាបានឱ្យដឹងតាមទូរសព្ទ័ថាករណីអង្គការខាងលើនេះអ្នកស្រីក៏បានឃើញថាពួកគាត់ចុះមកអនុវត្តន៍ការងារនេះវាហាក់លើសពីច្បាប់អីចឹងមែន។
ព្រោះពលរដ្ឋបានរាយការណ៍មកគាត់ថាគ្រាន់តែពលរដ្ឋដឹកអុសក៏បើកឡានដេញកាក់យកលុយហើយពលរដ្ឋឱ្យលុយ១០.០០០រៀលអត់យកទេ។ក្នុងនាមអាជ្ញាធរមូលដ្ឋានអ្នកស្រីស្នើឲ្យស្ថាប័នពាក់ព័ន្ធមេត្តាជួយចាត់ការករណីបែបនេះផងព្រោះអង្គការប្រភេទនេះមិនដែលមានអីជួយដល់ពលរដ្ឋនោះទេផ្ទុយទៅវិញគឺមានតែធ្វើបាបពលរដ្ឋបន្ថែមទៀត តាមបែបប្រដេញស្ទាក់ទារប្រាក់។
ចំណែកលោកអៀងពិសិដ្ឋអភិបាលស្រុកស្វាយលើក៏បានឱ្យដឹងតាមទូរស័ព្ទថាបញ្ហាកុងត្រូលជជុះនៅតាមដងផ្លូវក្នុងដែនសមត្ថកិច្ចរបស់ស្រុកស្វាយលើលោកនឹងមានចំណាត់ការតាមផ្លូវច្បាប់ជាធរមានដោយមិនលើកលែងបុគ្គលណាដែលធ្វើខុសច្បាប់នោះឡើយ។ជុំវិញការចោទប្រកាន់ខាងលើនេះលោកសំសៅប្រធានស្នាក់ការអង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជាប្រចាំស្រុកស្វាយលើបានឱ្យដឹងថាលោកមិនដែលស្ទាក់ឬឃាត់ឡាននរណាបានមួយគ្រឿងនោះឡើយ។
បើរឿងដេញពិតជាមានមែនពេលមានគេរាយការណ៍ថាជាឡានសង្ស័យតែដេញដើម្បីថតរូបភាពទុកប៉ុណ្ណោះ។លោកបន្តថាចំណែករឿងយកលុយគឺមិនបានទាមទារនោះឡើយគេឱ្យ៣.០០០រៀលក៏យក៥.០០០រៀលក៏យក។ប្រធានអង្គការបរិស្ថានជាជនជាតិវៀតណាមរូបនេះបញ្ជាក់ថាទោះខ្លួនជាវៀតណាមតែមិនដែលប្រកាន់ពូជសាសន៍អីទេគឺជួយពលរដ្ឋពេលមានលំបាកដូចតែគ្នានឹង។
លោកបន្ថែមថាស្នាក់ការរបស់លោកទោះបីទើបលើលស្លាកត្រឹមរយៈពេល៥ខែតែមានច្បាប់ពីក្រសួងនិងខេត្ត។ទោះជាបែបនេះក្តីក៏ពលរដ្ខក្នុងមូលដ្ឋានស្រុកស្វាយលើទទូចសុំកុំឱ្យមានកុងត្រូលប្រដេញស្ទាក់ព្រោះជាមុខសញ្ញាគ្រោះថ្នាក់បំផុត៕S/