ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី៤ខែមករាថាសមត្ថកិច្ចបានឃាត់មនុស្សមួយចំនួនពាក់ព័ន្ធការបាក់ស្រុតអគារកម្ពស់ ៦ជាន់កាលពីថ្ងៃទី៣ ខែមករាស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។សម្តេចបានបញ្ជាក់ថា មនុស្សដែលឃាត់ខ្លួនមានដូចជាម្ចាស់សំណង និងអ្នកពាក់ព័ន្ធមួយចំនួន។
គិតត្រឹមម៉ោង៥:៤០ល្ងាច ថ្ងៃទី៤ ខែមករា ក្រុមជួយសង្គ្រោះបានគាស់រំលើងថ្ម កាត់ដែក រុករកជួយសង្គ្រោះមនុស្សបានចំនួន ២៦នាក់ ចេញពីគំនរថ្មនៃអគារបាក់រលំក្នុងនោះមានមនុស្សចំនួន ៦នាក់បានស្លាប់។ ក្រុមសង្គ្រោះបានកំពុងបន្តជួយរកដែលនៅក្នុងអគារបាក់រលំនោះជាបន្តទៀត។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា “មកដល់ពេលនេះ យើងបានឃាត់ខ្លួនមនុស្សមួយចំនួនហើយ ពិសេសម្ចាស់សំណង់ និងអ្នកពាក់ព័ន្ធមួយចំនួន។ … រឿងធំគឺអនុវត្តច្បាប់ទាំងអស់គ្នា ត្រូវគោរពច្បាប់ ទាំងអ្នកសាងសង់ ទាំងអ្នកឲ្យច្បាប់សាងសង់”។
សម្តេចក្រឡាហោមបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យបាក់អគារនេះ គឺសំណង់ខ្វះគុណភាព ប៉ុន្តែនៅមិនទាន់ដឹងថា កំហុសអ្នកណាពិតប្រាកដទេ តែមានចំណុចមួយគុណភាពសំណងមិនគ្រប់ស្តង់ដារ ហើយតាមគោលការណ៍នៃច្បាប់តម្រូវឲ្យមានការត្រួតពិនិត្យ ប៉ុន្តែប្រហែលជាមិនបានត្រួតពិនិត្យឲ្យបានម៉ត់ចត់ពីសំណាក់ក្រុមហ៊ុនឯកជនដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ។
គួរបញ្ជាក់ថាយោងតាមឯកសារបង្ហាញថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ។សំណើចុះថ្ងៃ ០៦-៣-២០១៩។មកដល់ច្រកចេញចូលសាលាខេត្ត លេខ ១៧៩/១៩ ចុះថ្ងៃ ១៦-៧-២០១៩។មន្ទីរ ដនសស ខេត្តកែប លេខ ០០៩ ដនសស/ក.សុដី ចុះថ្ងៃ ០៣-៧-២០១៩។ ខេត្តសម្រេច លេខ ៤២៧/១៩ បជ ចុះថ្ងៃ ០២-៨-២០១៩។ បើកការដ្ឋាន ០២៣/ដនសស-ខក ចុះថ្ងៃ២០-៨-២០១៩។ ថ្ងៃទី ៥-១២-២០១៩ មន្ទីរបានចុះពិនិត្យ បានសន្និដ្ឋានថា សំណង់សង់ខុសពីលិខិតអនុញ្ញាត។ សំណង់នេះ ក្រោម៣០០០ម៉ែត្រការ៉េរដ្ឋបាលខេត្តកែប សម្រេចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕សរន