ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖មកទល់ល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០២០ករណីស្លាប់ជនជាប់ចោទម្នាក់ជាមេខ្លោងដឹកនាំបំផុសចលនារំលោភដីធ្លីកម្មសិទ្ធិឯកជនគេនៅក្នុងគុកខេត្តបន្ទាយមានជ័យ នៅតែមន្ទិលសង្ស័យត្បិតគ្មានការបំភ្លឺឬប្រកាសព័ត៌មានផ្លូវការពីអង្គភាពស្ថាប័នពាក់ព័ន្ធ។
ជនជាប់ចោទដែលស្លាប់នោះមានឈ្មោះទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ឈ្មោះនេះស្ថិតក្នុងចំណោមមេខ្លោងដ៏សកម្មចំនួន៥នាក់ដែលត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពដឹកនាំរចនាសម្ព័ន្ធលើកមនុស្សរាប់សិបរាប់រយនាក់មកពីឃុំសឹង្ហស្រុកអូរជ្រៅនិងមកពីភូមិឃុំស្រុកខេត្តនានា។
ពួកគេទៅវាស់វែងដាំបង្គោលសង់សំណង់អាណាធិបតេយ្យលើដីកម្មសិទ្ធិឯកជនរបស់ឈ្មោះព្រឹមសាលីប្រធានពន្ធដារខេត្តបន្ទាយមានជ័យជាដើម…..នៅភូមិសាស្ត្រឃុំសឹង្ហស្រុកអូរជ្រៅនិងឃុំស្លក្រាមស្រុកស្វាយចេកជាបន្តបន្ទាប់តាំងពីខែមីនាឆ្នាំ២០១៩មក។ក្នុងនោះបានលើកគ្នាតវ៉ារឿងដីធ្លីនៅមុខសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩។ជនជាប់ចោទនេះស្ថិតក្នុងចំណោម៥នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមបណ្តឹងរបស់ម្ចាស់ដីនិងតាមដីកាបង្គាប់របស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យក្នុងករណីខាងលើ។
ជនជាប់ចោទ៥នាក់នោះរួមមាន៖១ឈ្មោះនូវនឿនភេទប្រុសអាយុ៦១ឆ្នាំ។២ឈ្មោះយិបម៉ក់ភេទប្រុសអាយុ៦២ឆ្នាំរស់នៅភូមិជ្រៃឃុំសឹង្ហស្រុកអូរជ្រៅ។៣ឈ្មោះហឹមគីរីភេទប្រុសអាយុ៤៥ឆ្នាំ។៤ឈ្មោះអានរួនភេទប្រុសអាយុ៥៩ឆ្នាំនិង៥-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ។
ជនជាប់ចោទក៏ជាប់ពាក់ព័ន្ធនឹងសកម្មភាពពេលមន្ត្រីអាជ្ញាធរសមត្ថកិច្ចនិងកងកម្លាំងចម្រុះនៃគណៈបញ្ជាការខេត្តបន្ទាយមានជ័យបានចាត់វិធានក្តៅដោយចុះបង្ក្រាបចលនាជនអាណាធិបតេយ្យមកពីប្រភពជាច្រើនដែលលើកគ្នាចាប់ដីរដ្ឋនិងដីឯកជននៅស្រុកអូរជ្រៅនិងស្រុកស្វាយចេកហើយកាលពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៩ ។
ក្រោយចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួនភ្លាមៗទៅឃុំខ្លួនពន្ធនាគារខេត្តបន្ទាយមានជ័យ។ប៉ុន្តែក្នុងចំណោមជនជាប់ចោទមេខ្លោង៥នាក់នោះឈ្មោះទុយស្រស់ទោះជាមានវ័យក្មេងតែមានសុខភាពទ្រុឌទ្រោមទន់ខ្សោយជាងគេ។ស្រាប់ដោយជំងឺថ្លើមនិងសួតធ្វើទុក្ខខ្លាំងហើយត្រូវបញ្ជូនពីពន្ធនាគារទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី។
ជននេះបានស្លាប់នៅទីនោះគឺក្រោយឃុំខ្លួនបាន១យប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩កន្លងមក។ប្រភពក្រៅផ្លូវការពីគ្រូពេទ្យថាទុយស្រស់មានជំងឺថ្លើមសួតហើយញៀនគ្រឿងស្រវឹងជាខ្លាំងហើយមិនព្រមទៅរកគ្រូពេទ្យព្យបាលជំងឺដោយខ្លួនឯងជាទៀងទាត់ឡើយ ។
ប៉ុន្តែប្អូនប្រុសនិងក្រុមគ្រួសារសពអះអាងថា៖ទុយស្រស់បានរងអំពើវាយដំវាយធ្វើទារុណកម្មវាយផ្ទប់រហូតជាំដងខ្លួនគ្រាំក្នុងនិងបែកថ្លើមព្រោះតែរឹងរួសពេកនឹងការបង្គាប់បញ្ជារបស់មន្ត្រីពន្ធនាគារនុរក្ស។ការស្លាប់របស់ជនជាប់ចោទស្លាប់ព្រោះតែការធ្វើទារុណកម្មបែកថ្លើម។មេខ្លោងនេះជាប់ពាក់ព័ន្ធបំផុសដឹកនាំមនុស្សពីប្រភពចម្រុះរុករានទន្ទ្រានព័ទ្ធយកជាដីកម្មសិទ្ធិឯកជននៅឃុំសឹង្ហស្រុកអូរជ្រៅនុងឃុំស្លាក្រាមស្រុកស្វាយចេក។
ប៉ុន្តែពួកគេថា ប្រជាពលរដ្ឋទាំងនោះតវ៉ាទាមទារយកមកវិញនូវដីសហគមន៍ ជាកន្លែងឃ្វាលគោ ព្រៃសហគមន៍ដីបង្កបង្កើនផលក្នុងស្រុកភូមិខ្លួន។ប៉ុន្តែទីបំផុតត្រូវអាជ្ញាធរនិងជំនាញឃុបឃឹតគ្នាលក់ឬផ្តល់ដីនោះទៅឱ្យអ្នកមាន អ្នធំអស់ទៅវិញ ។ហេតុនេះហើយ ពួកគេចេះបន្តសំណូមពរ លើកគ្នាតវ៉ានិងប្រថុយលើកគ្នាចាប់ដីបែបអណាធិបតេយ្យក្នុងបំណងដាក់សម្ពាធឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ។ប៉ុន្តែទីបំផុតអាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំក្រុមដាក់គុក។និងបានធ្វើឱ្យជនជាប់ចោទម្នាក់រងគ្រោះស្លាប់ដូច្នោះ ?
លោកឧត្តមសេនីយ៍អ៊ុងស៊ីផានប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យមិនព្រមបំភ្លឺករណីនេះទេដោយរុញទៅសួរមន្ត្រីនគរបាលបច្ចេកទេសជំនាញពេទ្យនិងស្ថាប័នតុលាការវិញព្រោះមន្ត្រីស្ថាប័នទាំងនោះកំពុងធ្វើការជំនាញបច្ចេកទេស។ឯមន្ត្រីជំនាញផ្សេងក៏រុញដាក់គ្នាហើយបិទទូរស័ព្ទលែងឆ្លើយបំភ្លឺមកសារព័ត៌មានតែម្តង។អំពីបុណ្យសពរបស់ទុយស្រស់អាជ្ញាធរខេត្តបន្ទាយមានជ័យបានឱ្យលោកទូច សីហា អភិបាលរងស្រុកអូរជ្រៅនាំបច្ច័យជាច្រើនលានរៀលទៅចូលរួមបុណ្យសព៕S/
រូបថត៖ករណីស្លាប់ជនជាប់ចោទមេខ្លោងរំលោភដីធ្លីក្នុងគុកខេត្តបន្ទាយមានជ័យនៅតែមន្ទិលសង្ស័យត្បិតគ្មានការបំភ្លឺឬប្រកាសព័ត៌មានផ្លូវការ (រូប៖ ប.ជ័យ)