ដោយបូកគោ/កែប៖យ៉ាងហោចមនុស្សប្រុសស្រីប្រាំពីរនាក់បានស្លាប់និង២០នាក់ផ្សេងទៀតរបួសធ្ងន់ស្រាលក្នុងហេតុការណ៍បាក់រលំអគារសំណង់កម្ពស់ប្រាំពីរជាន់នៅក្រុងកែប។មន្ត្រីជំនាញបានរកឃើញថាសម្ភារសំណង់គ្មានគុណភាពនិងបានហាមឃាត់ដំណើរការសាងសង់ពីរលើករួចមកហើយ។
មន្ត្រីសមត្ថកិច្ចនគរបាលខេត្តកែបបានឱ្យដឹងថាគិតមកដល់វេលាម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី៤ ខែមករាឆ្នាំ២០២០ក្រុមសង្គ្រោះបានរកឃើញនិងរំដោះចេញនូវអ្នកជាប់ក្រោមផ្ទាំងបេតុងសំណង់ដោយការបាក់រលំអគារចំនួន២៧នាក់។ ក្នុងនោះប្រាំពីរនាក់បានបាត់បង់ជីវិត។
ប្រភពដដែលបានបញ្ជាក់ថាជនរងគ្រោះទាំងនោះមកពីខេត្តផ្សេងៗគ្នា ដោយខេត្តកំពតមាន១២នាក់ ស្លាប់បីនាក់, ខេត្តបន្ទាយមានជ័យបួននាក់ស្លាប់ម្នាក់, ខេត្តព្រៃវែងបីនាក់ ។ ខេត្តតាកែវពីរនាក់, ខេត្តបាត់ដំបងម្នាក់,ខេត្តកំពង់ស្ពឺម្នាក់និងខេត្តស្វាយរៀងម្នាក់។ដោយឡែកសពបីនាក់ទៀតដែលពីរនាក់ទើបតែរកឃើញមុននេះបន្តិចមិនទាន់ស្គាល់សាវតា។
លោកវ៉ៅសុខាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកែបបានបញ្ជាក់ថាជំនាញធ្លាប់ហាមឃាត់មិនឱ្យដំណើរការសាងសង់ចំនួនពីរលើករួចមកហើយ។បន្ទាប់ពីរកឃើញថាបេតុងនៃសំណង់នោះមានកម្រិតគុណភាពអន់។ប៉ុន្តែម្ចាស់នៅតែព្យាយាមជួលកម្មករនិងលួចធ្វើរហូតមានហេតុការណ៍អាក្រក់បែបនេះកើតឡើងតែម្តង។
លោកប្រធានមន្ទីរបានបន្តថាជាមួយនឹងករណីនេះមន្ទីរជំនាញបានដាក់បណ្តឹងរួចរាល់ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតបានឃាត់ខ្លួនទាំងពីរនាក់ប្តីប្រពន្ធជាម្ចាស់សំណង់តាំងពីក្រោយកើតហេតុដែលបណ្តាលឱ្យមនុស្សប្រុសស្រីស្លាប់ និងរបួសជាច្រើននាក់នោះ។
សូមបញ្ចាក់ថាជាមួយវត្តមានក្នុងការចុះពិនិត្យសភាពការណ៍ផ្ទាល់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានខ្លឹមសារថាដើម្បីសម្រាលនូវការលំបាកសម្រាប់ជនរងគ្រោះទាំងអ្នករបួសនិងគ្រួសារអ្នកដែលបានស្លាប់សម្តេចបានសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ៗ៤០លានរៀលស្មើនឹងមួយម៉ឺនដុល្លារអាមេរិក។ចំណែកគ្រួសារអ្នកស្លាប់ក្នុងសពម្នាក់ផ្តល់ជូន២០០លានរៀលស្មើនឹង៥០.០០០ដុល្លារហើយបន្ថែម១០លានរៀលសម្រាប់ធ្វើពិធីបុណ្យសព។
សូមរំលឹកថាកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០មានករណីបាក់រលំសំណង់អគារដែលកំពុងសាងសង់មួយកន្លែងស្ថិតក្នុងទឹកដីភូមិកែបសង្កាត់កែបក្រុងកែបបណ្តាលឱ្យសង្កត់កម្មកររាប់សិបនាក់។ភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះបានរួមសហការគ្នាដើម្បីរុករកនិងរំដោះជនរងគ្រោះរួចបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់។
ម្ចាស់សំណង់នេះមានទីលំនៅក្នុងខេត្តព្រះសីហនុ ដោយប្តីឈ្មោះឯក សារុន និងប្រពន្ធឈ្មោះឈីវ សុធី៕S/