ដោយ​ច័ន្ទ​គារ​/​សៀមរាប​៖​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​១០​មករា​១៩៧៩ ស្ថិតនៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ត្រូវបាន​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​អប់រំ​យុវជន​រៀបចំ​បើក​វគ្គ​អប់រំ​សីលធម៌​បណ្តុះបណ្តាល​គុណធម៌​និង​នាទី​ផ្កាឈូក​កតញ្ញូ​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​ចូលរួម​បើក​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ​បណ្ឌិត​ខេង​រ៉ា​មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​លោកស្រី​អ៊ុក​រីតា​។​តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥​ដែល​ធ្វើឡើង​នៅក្នុង​វត្ត​រាជ​បូព៌​នា​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​។​

បើតាម​គម្រោង​អប់រំ​សីលធម៌​បណ្តុះបណ្តាល​គុណធម៌​និង​នាទី​ផ្កាឈូក​កតញ្ញូ​ខាងលើនេះ​គឺធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០២០​ដែល​គម្រោង​នេះ​ធ្វើឡើង​លើក​ទី​៧៧​ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​អប់រំ​យុវជន​។​គម្រោង​នេះដែរ​គឺមាន​គោលបំណង​ឱ្យ​សិស្សានុសិស្ស​ដែលជា​យុវជន​បាន​ចូល​សិក្សា​និង​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធសាសនា​។​ជាពិសេស​ឱ្យ​ស្គាល់​ពី​គុណ​តម្លៃ​និង​សេចក្តី​សំខាន់​របស់​ព្រះពុទ្ធសាសនា​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ​បណ្ឌិត ខេង រ៉ា បាន​មានប្រសាសន៍ថា គម្រោង​នេះ​ពិត​ជាមាន​សារសំខាន់ ព្រោះថា​ធ្វើឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​យល់ដឹង​អំពី​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​ជាពិសេស​ស្គាល់​ពី​តម្លៃ​ពិតប្រាកដ​នៃ​ព្រះពុទ្ធសាសនា ដែល​កំពុង​រីកលូតលាស់​យ៉ាងខ្លាំង​ក្លា​ថែម​ទៀតផង​។​

ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​បាន​បញ្ជាក់ជូន​ប្អូនៗ​សិស្សានុសិស្ស​ថា​ក្រៅពី​ការសិក្សា​របស់​ប្អូនៗ​នៅឯ​សាលា ដែលជា​ការយល់ដឹង​ចំណេះ​ទូទៅ​យុវជន​គ្រប់រូប​ក៏ត្រូវ​បាន​យល់ដឹង​បន្ថែម​ដែលជា​ចាំបាច់​បំផុត ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា​នេះឯង​។​ហេតុ​ដូចនេះហើយ​ទើប​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​យ៉ាងច្បាស់​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។​

​ក្នុងឱកាស​ប្រកាស​បើក​វគ្គ​អប់រំ​សីលធម៌ បណ្តុះបណ្តាល​គុណធម៌ និង​នាទី​ផ្កាឈូក​កតញ្ញូ​នេះដែរ ឧ​ត្ត​ម​សេនីយ៍​ទោ​បណ្ឌិត ខេង រ៉ា ក៏បាន​នាំយក​នូវ​ថវិកា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​ភរិយា​ចំនួន​៤​លាន​រៀល​ទៅ​ឧបត្ថម្ភ​កម្មវិធី​រៀបចំ​។​ថវិកា​ចំនួន​៤០០.០០០​រៀល​ឧបត្ថម្ភ​ក្រុម​ភ្លេង​សាលាបឋមសិក្សា​វត្ត​បូព៌​ផងដែរ​។​បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​ប្រកាស​បើក​វគ្គ​អប់រំ​សីលធម៌​បណ្តុះបណ្តាល​គុណធម៌​និង​នាទី​ផ្កាឈូក​កតញ្ញូ​ចាប់ពីពេលនេះ​តទៅ​៕S/

​រូបភាពៈ ឧ​ត្ត​ម​សេនីយ៍​ទោ​បណ្ឌិត ខេង រ៉ា និង​លោកស្រី ចូលរួម​បើក​កម្មវិធី​វគ្គ​អប់រំ​សីលធម៌ បណ្តុះបណ្តាល​គុណធម៌ និង​នាទី​ផ្កាឈូក​កតញ្ញូ​៕​ច័ន្ទ​គារ​