ដោយមូលសម្បត្តិ/ភ្នំពេញ៖ថ្ងៃទី១នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ឆ្នាំ២០២០ត្រូវបានបញ្ចប់ដោយជោគជ័យក្រោយចំណាយពេលប្រណាំងជិត៥ម៉ោង។ចាប់ផ្ដើមពីរមណីយដ្ឋានតារាសាគរមកបញ្ចប់នៅមុខសាលាខេត្តកោះកុងកាលពីរសៀលថ្ងៃទី៤ខែមករា។ក្នុងនោះកីឡាករឡាវដណ្ដើមបានលេខ១កីឡាករម៉ាឡេស៊ីលេខ២និងកីឡាករហុងកុងដណ្ដើមបានលេខ៣។
សម្រាប់ព្រឹត្តិការណ៍ដ៏ធំនៅតំបន់ឆ្នេរសមុទ្រកម្ពុជានេះទាំងពិធីបាញ់កាំភ្លើងចេញដំណើររហូតដល់ពិធីបិទ និងបំពាក់មេដាយជ័យលាភី ក្នុងថ្ងៃទី១នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោកស្រី មិថុនាភូថងអភិបាលខេត្ដកោះកុង,លោកBrunoBODARDអគ្គនាយកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក, និងលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ចំពោះលទ្ធផលនៃការប្រណាំងក្នុងថ្ងៃទី១នេះរួមមាន៖*ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លិប Laos Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៤នាទី និង ៣៨វិនាទី។ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Mohd Zariff មកពីក្លឹប Team Sapura Cycling ប្រើថេរវេលា ៣ម៉ោង ៥៦នាទី និង ៥៩វិនាទី។ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងកុង Fung Ka Hoo មកពីក្លិប HKSI Pro Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៦នាទី និង ៥៩វិនាទី។
ដោយឡែកក្រៅពីលទ្ធផលប្រណាំងជារួមខាងលើគណៈកម្មការរៀបចំក៏បានផ្ដល់នូវចំណាត់ថ្នាក់ល្អលក្ខណៈឯកជនផងដែរ។ក្នុងនោះរួមមាន៖ជ័យលាភីអាវពណ៌ស(កីឡាករវ័យក្មេងហើយធ្វើបានល្អជាងគេ)បានទៅកីឡាករឡាវជ័យលាភីអាវពណ៌ក្រហម(កីឡាករដែលប្រើល្បឿនឡើងភ្នំបានល្អជាងគេ)បានទៅកីឡាករឡាវដូចគ្នាជ័យលាភីអាវពណ៌បៃតង។(កីឡាករដែលប្រើល្បឿនវ៉ាជែងបានល្អជាងគេ)បានទៅកីឡាករម៉ាឡេស៊ីនិងចុងក្រោយជ័យលាភីអាវពណ៌លឿង(កីឡាករដែលប្រើល្បឿនឡើងភ្នំ និងវ៉ាជែងបានល្អជាងគេ) បានទៅកីឡាករឡាវឈ្មោះ Phounsavath Ariya។
គួរបញ្ជាក់ថាខាងលើនេះគឺជាលទ្ធផលប្រណាំងដំណាក់កាលទី១ដែលចាប់ផ្ដើមនិងបញ្ចប់លើទឹកដីខេត្តកោះកុង។ក្នុងថ្ងៃទី២ត្រូវនឹងថ្ងៃទី៥ខែមករាស្អែកនេះការប្រកួតនឹងចាប់ផ្ដើមពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង កាត់តាមស្រុកស្រែអំបិល ខេត្តព្រះសីហនុ ឆ្ពោះទៅកំពូលភ្នំបូកគោ ខេត្តកំពត ។ដោយមានរយៈចម្ងាយ១៧២.៨គីឡូម៉ែត្រនិងថ្ងៃទី៣នៅថ្ងៃទី៦ខែមករាការប្រកួតនឹងចេញដំណើរពីជើងភ្នំបូកគោខេត្តកំពតឆ្ពោះទៅមុខសាលាខេត្តកែបដែលជាទីព្រ័ត្រចុងក្រោយមានចម្ងាយប្រមាណ១៤៣.៥គីឡូម៉ែត្រ៕S/