ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី៤មករាបានចេញការព្រមានច្បាស់ៗទៅកាន់អ៊ីរ៉ង់ថាអាម៉េរិកនឹងវាយប្រហារគោលដៅរាប់សិបនៅក្នុងសាធារណរដ្ឋអ៊ីស្លាម(អ៊ីរ៉ង់)យ៉ាងទាន់ហន់និងខ្លាំងក្លាបំផុត ប្រសិនបើអ៊ីរ៉ង់សងសឹកចំពោះការសម្លាប់មេដឹកនាំកងកម្លាំងគូតរបស់អ៊ីរ៉ង់។
ត្រាំ ព្រមានថាអាម៉េរិកនឹងវាយបកលើអ៊ីរ៉ង់យ៉ាង«ទាន់ហន់និងខ្លាំងក្លា» បើសិនជាអ៊ីរ៉ង់វាយប្រហារសងសឹក
ការបង្ហោះសារព្រមាននេះកើតឡើង នៅពេលសេតវិមានបានបញ្ជូនការជូនដំណឹងផ្លូវការមួយទៅកាន់សភាអំពីការវាយប្រហារដោយដ្រូនលើឧត្តមសេនីយ៍ កាសេម សូឡេម៉ានី ។ច្បាប់អាម៉េរិក តំរូវអោយជូនដំណឹងក្នុងរង្វង់៤៨ម៉ោងអំពីការបញ្ជូនកងកម្លាំងអាម៉េរិកចូលក្នុងជម្លោះប្រដាប់អាវុធណាមួយ ឬស្ថានការណ៍ណាមួយដែលអាចនាំដល់ការកើតសង្គ្រាម។
ក្នុងការសរសេរបង្ហោះមួយ លោកត្រាំបាននិយាយថា រដ្ឋការរបស់លោកបានកំណត់គោលដៅអ៊ីរ៉ង់ចំនួន៥២រួចហើយ។លោកត្រាំក៏បាននិយាយថា «អាម៉េរិកមិនចង់បានការគំរាមទៀតទេ»។
កាលពីថ្ងៃសៅរ៍នេះដែរ មនុស្សរាប់ពាន់នាក់បានឈរតាមផ្លូវនៃទីក្រុងបាដាតសំរាប់ការដង្ហែសពលោកសូឡេម៉ានី ហើយអ៊ីរ៉ង់បានប្តេជ្ញាធ្វើការសងសឹកការវាយប្រហារសម្លាប់មេបញ្ជាការទ័ព រូបនេះកាលពីថ្ងៃសុក្រ។
ក្នុងពេលជាមួយគ្នា បាតុកររាប់រយនាក់បាននាំគ្នាចេញមកតាមដងផ្លូវនៃទីក្រុងវ៉ាស៊ីនតោន ទីក្រុងញូវយ៉កនិងទីកន្លែងផ្សេងទៀតនៅទូទាំងអាម៉េរិកដើម្បីប្រឆាំងសង្គ្រាមលើអ៊ីរ៉ង់។
នៅក្រៅសេតវិមាន បាតុករប្រមាណ២០០នាក់បានជួបជុំគ្នា ជាផ្នែកមួយនៃបាតុកម្មជាច្រើនដែលរៀបចំឡើងដោយអង្គការនិយមឆ្វេងមួយ។ពួកគេបានស្រែកពាក្យស្លោកជាច្រើនរួមមាន « គ្មានយុត្តិធម៌ គ្មានសន្តិភាព អាម៉េរិកចាកចេញពីមជ្ឈិមបូព៌ា»។
ពួកអ្នករៀបចំនិយាយថា មានការជួបជុំតវ៉ានៅទីក្រុងអាម៉េរិកប្រមាណ៧០ ដោយថ្កោលទោសការធ្វើឃាតមេបញ្ជាការកងកម្លាំងគូតរបស់អ៊ីរ៉ង់តាមបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ការវាយប្រហារនេះបណ្តាលអោយមានការភ័យខ្លាចអំពីការប្រឈមមុខគ្នាដ៏ធំមួយនៅមជ្ឈិមបូព៌ា៕ប្រែសម្រួល៖វាសនា