​សហរដ្ឋ​អាម៉េរិក​មិនគួរ​ប្រើ​កម្លាំង​បែប​រំលោភ ជំនួស​អោយ​ការ​ស្វះស្វែង​រក​ដំណោះស្រាយ​តាម​ការចរចា​គ្នា​ទេ នេះ​បើ​តាម​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ការបរ​​ទេស​ចិន​លោក​វ៉ាង យី ក្នុងអំឡុងពេល​និយាយ​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍​ទី​០៤​មករា​។​

​លោក​វ៉ាង បាន​ប្រាប់​លោក ចា​វ៉ាត ហ្សារី​ហ្វ ថា​«​ប្រតិបត្តិការ​ដ៏​គ្រោះថ្នាក់​របស់​អាម៉េរិក រំលោភ​បទដ្ឋាន​គោល​នៃ​ទំនាក់ទំនង​អន្តរជាតិ​ហើយ​នឹង​បង្កើន​ភាព​​តានតឹង​និង​ចលាចល​នៅ​ក្នុង​តំបន់​»​។​

​សូម​រំលឹក​ថា យន្តហោះ​ដ្រូ​ន​មួយ​របស់​អាម៉េរិក​បាន​សម្លាប់​ឧត្តមសេនីយ៍ កា​សេម សូ​ឡេ​ម៉ានី មេបញ្ជាការ​កងកម្លាំង​គូត​របស់​អ៊ីរ៉ង់ ដែល​ជា​ក្រុម​ប្រតិបត្តិការ​​នៅ​ក្រៅប្រទេស​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្រុង​បា​ដា​ត របស់​អ៊ីរ៉ាក់​។​

​ភ្លាមៗ អ៊ីរ៉ង់ បាន​សន្យា​«​សងសឹក​ខ្លាំងក្លា​» នៅ​ពេល​ប្រទេស​ជាច្រើន​រួមមាន​ចិន អំពាវនាវ​អោយ​អត់ធ្មត់​។​

​លោក​វ៉ាង​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា «​ចិន​ប្រឆាំង​ការប្រើ​កម្លាំង​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​។​មធ្យោបាយ​យោធា​មិន​មាន​ច្រក​ចេញ​ទេ រួម​ទាំង​ការ​ដាក់​​សម្ពាធ​ខ្លាំងក្លា​ផងដែរ​»​។​

​ការវាយប្រហារ​សម្លាប់​មេទ័ព​អ៊ីរ៉ង់​នេះ​បាន​កើតឡើត​ក្រោយ​ពី​អ៊ីរ៉ង់​ទើប​បញ្ចប់​ការធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​ជាមួយ​ចិន​និង​រុស្ស៊ី​កាលពី​សប្តាហ៍​មុន និង​រដ្ឋមន្ត្រី​​ការបរទេស​អ៊ីរ៉ង់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ចិន​នៅ​សប្តាហ៍​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​វ៉ាង យី បាន​និយាយថា អាម៉េរិក​ប្រើ​កម្លាំង​រំលោភ​បទដ្ឋាន​គោល​នៃ​ទំនាក់ទំនង​អន្តរជាតិ​