​មជ្ឈិម​បូព៌ា ដែល​ត្រូវ​គេ​គិតថា​ជា​តំបន់​មិន​នឹងនរ​បំផុត​ក្នុង​លោក កាន់តែ​ធ្លាក់​ក្នុង​ភាព​តានតឹង​ឡើង​ក្រោយ​ការសម្លាប់ មេ​បញ្ជាការ​កងឯកភាព​មួយ​របស់​​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​(IRGC) លោក​ឧត្តមសេនីយ៍ កា​សេម សូ​ឡេ​ម៉ានី ។​

​ឧត្តមសេនីយ៍​នៃកង​IRGC​លោក ហូ​ស​សេន សាឡា​មី បាន​និយាយថា «​ការធ្វើឃាត​ឧត្តមសេនីយ៍ កា​សេម សូ​ឡេ​ម៉ានី​នឹង​នាំអោយ​មាន​ការវាយប្រហា​រ​សងសឹក​​បែប​យុទ្ធសាស្ត្រ​មួយ ដែល​នៅ​ទីបំផុត​នឹង​បញ្ចប់​វត្តមាន​អាម៉េរិក​នៅក្នុង​តំបន់​»​។​

​សូមបញ្ជាក់​ថា ក្រោយ​ការសម្លាប់​សូ​ឡេ​ម៉ានី អ៊ីរ៉ង់​បាន​ប្តេជ្ញា​ធ្វើការ​សងសឹក ហើយ​ក្រុម​ជីវពល​ផ្សេងៗ បាន​ចេញ​ការព្រមាន​ដល់​អាម៉េរិក​។​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​​កាតា​អ៊ី​ប ហេស​បូ​ឡា ដែល​ជា​ក្រុម​ជីវ​ពលនិកាយ​សៀ​នៅ​អ៊ីរ៉ាក់ បាន​គំរាម​ធ្វើការ​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់ ចាប់​ពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៥​មករា​​តទៅ​។​

តែ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ក្រុម​ហេស​បូ​ឡា​ចេញ​សេចក្តីថ្លែងការណ៍ លោក​ត្រាំ​បាន​អះអាង​ថា ការវាយប្រហារ​ណា​មួយ​លើ​ពលរដ្ឋ​ឬ ទ្រព្យសម្បត្តិ​អាម៉េរិក នឹង​នាំ​ដល់​​ការវាយប្រហារ​សងសឹក​លើ​ទីតាំង​ចំនួន​៥២​របស់​អ៊ីរ៉ង់​។​

​ចំណែក ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ ហ្គោឡា​ម៉ាលី អា​ប៊ូ​ហាម​ហ្សេ​ស មេបញ្ជាការ​IRGC​ប្រចាំខេត្ត គឺ​ម៉ាន់ បាន​លើកឡើង​អំពី​លទ្ធភាព​វាយប្រហារ​នាវា​អាម៉េរិក​​នៅ​ឈូង​សមុទ្រ​។​លោក​ថា «​អ៊ីរ៉ង់​រក្សា​សិទ្ធិ​សងសឹក​អាម៉េរិកចំពោះ​ការសម្លាប់​សូ​ឡេ​ម៉ានី​។​ច្រក​សមុទ្រហ័​រមូស​ជា​ចំណុច​សំខាន់​មួយ​សំរាប់​លោកខាងលិច និង​​នាវាចម្បាំង​អាម៉េរិក​ជាច្រើន​គ្រឿង​ឆ្លងកាត់​តំបន់​នេះ​…​វា​ជា​គោលដៅ​សំខាន់​របស់​អាម៉េរិក​នៅ​ក្នុង​តំបន់ ដែល​អ៊ីរ៉ង់​បានកំណត់​ទុក​ជា​ស្រេច​ជា​យូ​រមក​ហើយ​។​​គោលដៅ​អាម៉េរិក​៣៥​នៅក្នុង​តំបន់ ព្រមទាំង​ទីក្រុង​តែ​ល​អា​វីវ​របស់​អ៊ីស្រាអែល ស្ថិតក្នុង​រង្វង់​វាយប្រហារ​របស់​យើង​»៕​ប្រែ​សម្រួល​៖​វាសនា​

នាវាចម្បាំង​អាម៉េរិក​នៅ​ឈូង​សមុទ្រ​ជា​គោលដៅ​វាយប្រហារ​របស់​អ៊ីរ៉ង់