​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយគ្លេអ៊ែរ​របស់​កងទ័ពជើងទឹ​កអង់​គ្លេស​បំពាក់​ដោយ​កាំជ្រួច​បណ្តែត​Tomahawk​កំពុង​ត្រៀម​វាយប្រហារ​លើ​អ៊ីរ៉ង់​បើ​ភាព​តា​ន​​តឹង​រុញ​ទៅដល់​ការផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​។​

​ទោះជា​មាន​កិច្ចខិតខំ​បន្ថយ​ការប្រឈមមុខ​គ្នា​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់ ក៏​ពួក​មេទ័ព​អង់គ្លេស​កំពុង​ធ្វើកា​រយ៉ា​ង​ប្រញឹក​ដៃ​ដើម្បី​ធានាថា អង់គ្លេស​ត្រៀមខ្លួន​រួច​​រាល់​ដើម្បី​គាំទ្រ​យោធា​អាម៉េរិក បើសិនជា​មាន​សំណើ​។​

​កងកម្លាំង​ពិសេស​អង់គ្លេស​មក​ពី​កង SAS និង SBS ក៏​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​បេសកកម្ម​ជួយ​សង្គ្រោះ ។​

​ការសម្លាប់ មេបញ្ជាការ​កងកម្លាំង​គូត​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​ដោយ យន្តហោះ​ដ្រូ​ន​អាម៉េរិក បាន​បង្ក​ការភ័យខ្លាច​ផ្ទុះ​សង្គ្រាមលោកលើកទី​៣​។​

​នៅក្នុង​រដ្ឋធានី តេ​អេ​រ៉ង់ កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ចេញ​ការព្រមាន​ដ៏​ព្រឺព្រួច​មួយ​ថា អាម៉េរិក​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​មួយ និង​ថា អាម៉េរិក​​នឹង​ជួប​ផលវិបាក​នៅ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​។​

​នៅពេល​ពិភពលោក​កំពុង​រង់ចាំ​មើល​ចំណាត់ការ​បន្ទាប់​របស់​អ៊ីរ៉ង់ ប្រភព​យោធា​អង់គ្លេស​បាន​និយាយថា​នាវាមុជទឹក​អង់គ្លេស​កំពុង​បណ្តែត​ខ្លួន​យ៉ាង​ស្ងាត់​​ស្ងៀម​នៅក្នុង​ដែនទឹក ដែល​អាច​វាយ​ដល់​គោលដៅ​អ៊ីរ៉ង់​។​

​ប្រភព​ផ្ទៃក្នុង​មួយ​បាន​និយាយថា « នឹង​មិន​មាន​ការវាយប្រហា​រ​មុន​ទេ តែ​រាល់​ការបង្ការ​ជាមុន​ត្រូវតែ​ធ្វើ វា​អាស្រ័យ​លើ​ប្រតិកម្ម​របស់​អ៊ីរ៉ង់ ចំពោះ​ការស្លាប់​របស់ សូ​ឡេ​ម៉ានី​។​អង់គ្លេស​ឈរ​កៀក​ស្មា​ជាមួយ​អាម៉េរិក​។​នាវា​ប្រមាញ់​និង​ពិឃាត​នេះ​ជា​នាវាមុជទឹក​ទំនើប​បំផុត​មួយ​ក្នុង​កងទ័ពជើងទឹក​អង់គ្លេស​។​វា​មាន​សព្វាវុធ​​ប្រល័យ​និង​កំពុង​ស្ថិត​ក្នុង​រង្វង់​វាយប្រហារ​ដល់​អ៊ីរ៉ង់​»​។​

​អង់គ្លេស​ក៏​កំពុង​បញ្ជូន​នាវា​ពិឃាត​ទៅ​អម​ការពារ​នាវា​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ច្រក​សមុទ្រហ័​រមូស ហើយ​កងកម្លាំង​ពិសេស​SAS​ត្រូវ​ចេញដំណើរ​ទៅ​មជ្ឈិមបូព៌ា​​នៅ​យប់​ថ្ងៃ​០៥​មករា​ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​អង់គ្លេស ក្នុង​ករណី​ចាំបាច់​៕​ប្រែ​សម្រួល​៖​វាសនា​

នាវា​ពិឃាត​និង​កងកម្លាំង​ពិសេស​អង់គ្លេស​ត្រូវ​បញ្ជូន​ទៅ​មជ្ឈិមបូព៌ា ដើម្បី​ការពារ​នាវា​ពាណិជ្ជកម្ម​អង់គ្លេស​និង​ជម្លៀស​ពលរដ្ឋ​អង់គ្លេស​