ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ក្រុមនិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សហការ​ជាមួយ​ក្រុមការងារ​ស​.​យ​.​ស​.​ស​ខេត្តមណ្ឌលគិរី​រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន​នៅ​ក្រុង​សែន​មនោ​រម្យ​។​ដើម្បី​បំផុស​ចលនា​ដល់​ប្រជាពលរដ្ឋ​និង​សាធារណៈជន​ឱ្យមាន​ការយល់ដឹង​និង​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ទាំងអស់គ្នា​។​

​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០​នេះ​ក្រុមនិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សហការ​ជាមួយ​ក្រុមការងារ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្តមណ្ឌលគិរី​សរុប​ប្រមាណ​ជា​១៣០​នាក់​រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន​នៅលើ​សួនច្បារ ក្នុង​ក្រុង​សែន​មនោ​រម្យ​។​

​លោក ឡុង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ និង​ជា​ប្រធានកិត្តិយស​ស​.​យ​.​ស​.​ស​ខេត្ត​បានឱ្យដឹងថា ក្រុមនិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ចុះមក​ទស្សនកិច្ច​នៅ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​រួមទាំង​ការផ្សារភ្ជាប់​នូវ​កិច្ចការងារ​សង្គម​ផងដែរ​។​លោក​អភិបាលក្រុង​បញ្ជាក់ថា​ទោះបីជា​ការចូលរួម​សំអាត​អនាម័យ​បរិស្ថាន​នាពេលនេះ​មិន​អាចឱ្យ​សំរាម​អស់​គ្រប់​ទីកន្លែង​ក៏ដោយ ។​តែ​ដើម្បី​បំផុស​ឱ្យ​សាធារណៈជន រួមគ្នា​ចូលរួម​អនុវត្ត​ឱ្យបាន​គ្រប់ៗ​គ្នា ។

​លោក​បន្ថែមថា​អ្នក​ស្អាត​ខ្ញុំ​ស្អាត​យើង​ស្អាត​ទាំងអស់គ្នា​និង​ត្រូវ​រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន​ដើម្បី​ភូមិ​ស្អាត​និង​សុខភាព​ល្អជា​ពិសេស​ក្នុង​អត្ថន័យ​អប់រំ​បណ្ដុះ​គំនិត​ស្រឡាញ់​និង​ពញ្ញាក់​ស្មារតី​ដល់​អ្នកចូលរួម​ទាំងអស់​គ្នា​ក្នុង​គោលបំណង​បំផុសស្មារតី​និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ស្រឡាញ់​ថែរក្សា​និង​ការសម្អាត​អនាម័យ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា​។

​លោក​ឡុង​វិបុល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន​ព្រោះ​បរិស្ថាន​ស្អាត​ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ​ក្នុង​ការចេះ​ទទួលខុសត្រូវ​រៀបចំ​ទុកដាក់​សំរាម​និង​សំណល់​ដោយ​មិន​ចោល​ពាសវាល​ពាសកាល​តា​ម​ទីសាធារណៈ​។​ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​បរិស្ថាន​ជំរុញ​ការចូលរួម​ពី​សាធារណជន​ក្នុងការ​កាត់បន្ថយ និង​ការបំពុល​ដោយ​ប្លា​ស្ទីក​៕S/​