ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បានប្រកាសថា ​នឹងមិន​មាន​មន្ត្រី​ណា​ម្នាក់​ត្រូវបាន​ដក​ចេញពី​តំណែង​នោះទេ​នៅក្នុងឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់៦ជាន់​នៅ​ខេត្ត​កែប។សម្តេចនាយក​រដ្ឋមន្ត្រី​បន្តថា​ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​និង​អភិបាលរង​ មិន​ជាប់​ព័ន្ធ​នឹង​បញ្ហា​បាក់​អគារ​ឡើយ​ បើទោះជា​ករណី​បាក់​អគារ​នេះ​កើតឡើង​ក្នុង​ដែនដី​របស់ខ្លួន​ក៏ដោយ។សម្តេច​បន្តថា​ ការបកស្រាយ​បែបនេះ​មិនមែន​ចង់​សម្រាល​ការទទួលខុសត្រូវ ​ឬក៏​ចង់​បិទបាំង​ភាព​ខ្សោយ​របស់​រាជរដ្ឋាភិបាល ​ឬ​មន្ត្រី​ឡើយ ​តែ​សម្តេច​ចង់​ឲ្យ​អ្នក​រិះគន់​ទាំងនោះ​កុំ​ឲ្យ​មាន​ភាពជ្រុលនិយម​លើ​បញ្ហា​ដែល​កើតឡើង ​ហើយចាប់ផ្តើម​ស្តីបន្ទោស​ជាមុន​ដោយ​ខ្វះ​ការស្រាវជ្រាវ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​ នៅក្នុង​ក្នុង​សន្និសីទកាសែត​នៅ​ម៉ោង​១២ ថ្ងៃត្រង់​ នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០២០ ស្តីពី​ការបិទ​បញ្ចប់​ការ​រុករក​ជនរងគ្រោះ​ក្នុង​គំនរ​អគារ ៦​ ជាន់​នៅ​ខេត្ត​កែប ។

​សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែន ដែល​បាន​ប្រចាំការ​នៅ​ទីនោះ​ពី​ដើម​រហូតដល់​បិទ​បញ្ចប់​ប្រតិបត្តិ​ការរុករក​ជន​រងគ្រោះ​បានប្រកាសថា​៖ ​លោក កែន ស​ត្ថា អភិបាល​ខេត្ត​កែប​និង​អភិបាលរង​ មិនជា​ប់​ព័ន្ធ​នឹង​បញ្ហា​បាក់​អគារ​ឡើយ ​បើទោះជា​ករណី​បាក់​អគារ​នេះ​កើតឡើង​ក្នុង​ដែនដី​របស់ខ្លួន​ក៏ដោយ ។ សម្តេច​បញ្ជាក់​ដូច្នេះ​ថា​៖ «​អភិបាលខេត្ត​កែប​និង​មន្ត្រីខេត្ត​នឹងមិន​ត្រូវបាន​ដកចេញ​ពី​តំណែង​ទេ​»​។

​ជាមួយគ្នា​នឹង​ការមិន​ដក​អភិបាលខេត្ត​ សម្តេចនាយក​រដ្ឋមន្ត្រី​ថែមទាំង​ព្រមាន​ចាត់ការ​លើ​មន្ត្រី​រាជរដ្ឋាភិបាល និងអ្នក​ទាំងឡាយណា​ដែល​ផ្ញើ​សារ​ទៅ​សម្តេច​តាម WhatsApp និងតាម Telegram រួមទាំង​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ជំរុញ​ឲ្យ​សម្តេច​ដក​អភិបាលខេត្ត​កែប​។​ដោយ​សម្តេច​បានលើកឡើង​ថា​ អ្នក​ទាំងនោះ​ដែល​គិតតែ​ពី​ចង់​ឲ្យ​ដក​អ្នកនោះ ឬ អ្នកនេះ​ចេញពី​តំណែង ​ទាំង​ដែល​សម្តេច​យល់ថា​រឿង​សំខាន់បំផុត​គឺ​ការជួយ​សង្គ្រោះ​អ្នក​ដែល​កំពុង​ស្ថិតក្នុង​គំនរ​អគារ ។សម្តេចបាន​ព្រមាន​ថា​៖ «​ខ្ញុំ​អាច​នឹង​ពិនិត្យ​លើ​មន្ត្រី​របស់ខ្ញុំ​មួយចំនួន​ដែល​រុញច្រាន​ឲ្យ​ខ្ញុំ​ដក​អភិបាល​…»​។​

​ពាក់ព័ន្ធ​ការដួលរលំ​បាក់​អគារ​នេះ​ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ការបាក់​អគារ​មិនមែន​កើតឡើង​តែ​នៅ​កម្ពុជា​ទេ​ គឺ​តាម​បណ្តា​ប្រទេស​ដទៃ​លើ​ពិភពលោក​ក៏មានដែរ។សម្តេច​ប្រាប់​ឲ្យ​អ្នក​រិះគន់​ទៅ​មើល​ព័ត៌មាន​ដើម្បី​ដឹងថា​តើ​ក្នុង​ឆ្នាំ​២០១៩ ​មាន​ព្រឹត្តិការណ៍​បាក់​អគារ​ប៉ុន្មាន​លើ​ពិភពលោក​។​សម្តេច​បាន​លើក​ជា​ឧទាហរណ៍​ថា​ នៅ​អាម៉េរិក​ធ្លាប់មាន​ករណី​បាក់​សណ្ឋាគារ​។​នៅ​ប្រទេស​បារាំង​ឆេះ​សារមន្ទីរ Notre-Dame ក្នុង​ក្រុងប៉ារីស​។ សម្តេច​ចោទ​ជា​សំណួរ​ទៀតថា​ តើ​គេ​ឲ្យ​អភិបាលក្រុង​ប៉ារីស​លាលែង​ទេ​ ហើយ​ត្រូវ​ឲ្យ​រដ្ឋមន្ត្រី​លា​លែង​ទេ​?​ សម្តេច​បាន​បន្តថា​ ហេតុអ្វី​បាន​អ្នក​ទាំងឡាយ​ចូលចិត្ត​ណាស់​អា​រឿង​ក្តិចត្រួយ​ផ្តួល​គ្នា​? ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បន្តថា​ ការបកស្រាយ​បែបនេះ​ មិនមែន​ចង់​សម្រាល​ការទទួលខុសត្រូវ ឬក៏​ចង់​បិទបាំង​ភាព​ខ្សោយ​របស់​រដ្ឋាភិបាល​ឬ​មន្ត្រី​ឡើយ​​ តែ​សម្តេចចង់​ឲ្យ​អ្នក​រិះគន់​ទាំងនោះ​កុំ​ឲ្យ​មាន​ភាពជ្រុលនិយម​លើ​បញ្ហា​ដែល​កើតឡើង ​ហើយ​ចាប់ផ្តើម​ស្តីបន្ទោស​ជាមុន​ដោយ​ខ្វះ​ការស្រាវជ្រាវ ។សម្តេច​សង្កត់ធ្ងន់ថា​៖ ​នេះ​ជា​ចំណុច​ដែល​ចង់​ដាស់តឿន​មនុស្ស​ទាំងឡាយ​។​ពិត​មែនហើយ​ សម្តេច​គ្មាន​សិទ្ធិ​បិទមាត់​ចំពោះ​សេរីភាព​របស់​អ្នកណា​ទេ​ ក៏ប៉ុន្តែ​យើង​មាន​សិទ្ធិ​នឹង​ពន្យល់ត្រឡប់​ទៅវិញ​ថា​យើង​គួរ​ធ្វើ​អ្វី​នៅពេលណា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ឲ្យ​ដឹង​ជាបឋម​អំពី​មូលហេតុ​នៃ​ការបាក់​រលំ​អគារ​នៅ​ខេត្ត​កែប​នេះ​ថា​៖ សម្តេច​ទទួលបាន​ព័ត៌មាន​បឋម​ថា ​ការសាងសង់​អគារ​នេះ​មាន​កំហុស​២​យ៉ាង​គឺ​ទី​១.​ កំហុស​ផ្នែក​គូរ​ប្លង់​និង​ទី​២.​កំហុស​ផ្នែក​ចាក់​ប្លង់​សេ​។​សម្តេច​ថ្លែងថា​ កំហុស​ទី​១.​គឺ​ដោយសារតែ​ការសាងសង់​ដាក់​ដែក​តូច​ជាង​ក​ម្រិត​បច្ចេកទេស​ដែល​អ្នក​គូរ​ប្លង់​ផ្តល់​ឲ្យ ,​ហើយ​កំហុស​ទី​២​គឺ​បញ្ហា​ចាក់​ប្លង់​សេ​ដោយ​គេ​ត្រូវការ​រយៈពេល​ពី ២៧ ទៅ ២៨ ថ្ងៃ ទើប​អាច​ដក​ក្តារ​ពុម្ព​ចេញ​ តែ​ការចាក់​ប្លង់​សេ​នៃ​អគារ​នេះ​មិន​ដល់ ១០ ថ្ងៃ​ផង​ មេការ​ក៏​ដក​ក្តារ​ពុ​ម្ពចេញ​ដើម្បី​ទៅ​ចាក់​ជាន់​ខាងលើ​ទៀត​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​កំហុស​ទាំង​២​នេះ​ថា​ជា​កំហុស​របស់​មេការ ។ ប៉ុន្តែ​មេការ​និង​កូន​របស់គាត់​បាន​បាត់​ជីវិត​ទៅហើយ​ដោយសារ​កា​របាក់​អគារ​នេះ​។ ដូចនេះ​យើង​មិនអាច​ចាប់គាត់​ឲ្យ​មក​សង​គេ​ទេ​ ​ក្រៅតែពី​ផ្តល់​ថវិកា​​បន្ថែម​ដល់​គ្រួសារ​​ ព្រោះនេះ​ជា​សោកនាដកម្ម​ដែល​បាន​កើតឡើង​…​។ បច្ចុប្បន្ន​ម្ចាស់​អគារ​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ ។ សម្តេច​និយាយថា​ ចំពោះ​ការប្តឹង​ទារ​សំណង​រដ្ឋប្បវេណី​គឺត្រូវធ្វើ​ទៅតាម​ច្បាប់ ។ ប៉ុន្តែ​ផ្នែក​កោ​លស​វិច័យ​នឹង​បន្ត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ប្រតិបត្តិ​ការរុករក​និង​ជួយសង្គ្រោះ​នេះ​ត្រូវបាន​បិទ​បញ្ចប់​នៅ​ម៉ោង​១១:៣៥​នាទី​ព្រឹក ​ដោយ​ប្រើ​រយៈពេល​៤៣​ម៉ោង​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ​ប្រតិបត្តិការ​នេះ​យើង​មិនអាច​ធ្វើ​ដោយ​ទទឹងទិស​នោះទេ ​ពោលគឺ​ពេលណា​ដែល​យើង​សង្ស័យថា​មាន​អ្នក​នៅរស់​គឺ​យើង​ត្រូវ​បញ្ឈប់​គ្រឿងចក្រ ​ហើយ​ត្រូវ​រក​វិធី​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស ។ ម្យ៉ាងវិញទៀត​យើង​ក៏ត្រូវ​គោរព​ទៅលើ​សាកសព​ផងដែរ ​យើង​មិន​អាចឲ្យគ្រឿងចក្រ​កាយ​ទៅ​ប៉ះពាល់​ដល់​សាកសព​ឡើយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​កម្លាំង​ប្រតិបត្តិការ​ទាំងអស់ ​មិន​ថា​តែ​ខេត្ត​កែប​ទេ​ គឺ​មកពី​បណ្តា​ខេត្ត​នានា​ផងដែរ​។ សម្តេច​តេជោ​នាយករ​ដ្ឋមន្ត្រី​ក៏បាន​គោរព​ថ្លែង​នូវ​អំណរ​ព្រះ​គុណ​យ៉ាង​ខ្ពង់ខ្ពស់​បំផុត​ដល់​ព្រះមហាក្សត្រ​កម្ពុជា និងសម្តេចម៉ែ​ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​យក​ព្រ​ទ័យ​ទុកដាក់​អំពី​សុខទុក្ខ​ប្រជារាស្ត្រ​ ហើយ​ព្រះអង្គ​ក៏បាន​ចូលរួម​ជា​ព្រះរាជ​អំណោយ​ថវិកា​ក្នុង​ការជួយ​ដល់​បងប្អូន​ជនរងគ្រោះ​នៅក្នុង​ឧប្បទ្ទវហេតុ​ដ៏រ​ន្ធ​ត់​នេះ​ផងដែរ ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន បានប្រកាស​ឧបត្ថម្ភ​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​គឺ​សម្រាប់​អ្នក​ដែល​រងរបួស​គឺ​ទទួលបាន​១​ម៉ឺន​ដុល្លារ​។​ដោយឡែក ករណី​ពិសេស​នៃ​ការជួយ​សង្គ្រោះ ៧ នាក់​ចុង​ក្រោយនេះ​គឺ​ម្នាក់ៗ​ទទួលបាន ២ ម៉ឺន​ដុល្លារ ។ សម្រាប់​គ្រួសារ​សព​ជនរងគ្រោះ​ម្នាក់ៗ​ទទួលបាន ៥ ម៉ឺន​ដុល្លារ​និង បន្ថែម ១០ លាន​រៀល​ទៀត​សម្រាប់​ពិធី​បុណ្យសព ។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​និង​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ ជួយសង្គ្រោះ​បន្ទាន់​នេះ ​ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​វិភាគទាន​ថវិកា​ជួយ​ដល់​បងប្អូន​ជនរងគ្រោះ​។​

​រដ្ឋបាលខេត្ត​កែប​នៅ​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០​នេះ​ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ការបិទ​បញ្ចប់​ជា​ស្ថាពរ​នៃប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​នៅក្រោម​គំនរ​បាក់បែក​អគារ​រលំ​ដួល​កម្ពស់ ៦ ជាន់​នៅ​ខេត្ត​កែប​។​ដោយបាន​រកឃើញ​អ្នក​ស្ថិតនៅក្រោម​គំនរ​បាក់បែក​នៃ​អគារ​នេះ​មាន​រហូតដល់​៥៩ នាក់ ក្នុងនោះជួយសង្គ្រោះ​ជីវិត​បាន ២៣ នាក់​និង​ស្លាប់ ៣៦ នាក់ ។​

​រដ្ឋបាលខេត្ត​កែប​បាន​បញ្ជាក់ថា ​ប្រតិបត្តិការ​នៃ​ការរុករក​ជនរងគ្រោះ​ប្រើ​រយៈពេល​ជិត​២​ថ្ងៃ​(៤៣​ម៉ោង​២០​នាទី​)​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​វេលា​ម៉ោង​១១៖៣៥​ថ្ងៃត្រង់​នា​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០​។ តុល្យការ​ជនរងគ្រោះ​ដែល​ក្រុមការងារ​បាន​ជួយសង្គ្រោះ​យកចេញពី​គំនរ​បាក់បែក​នៃ​អគារ​រលំ​មាន​ចំនួន​សរុប​៥៩​នាក់​(​ស្រី​២២​នាក់​)​ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន​៣៦​នាក់​(​ស្រី​១៤​នាក់​)​។ក្នុងចំណោម​ជនរងគ្រោះ​ទាំងនេះ​មាន​ក្មេង​ចំនួន​៦​នាក់​(​ក្មេងស្រី​២​នាក់​)​និង​រងរបួស​ចំនួន​២៣​នាក់​(​ស្រី​៨​នាក់​)​។​រដ្ឋបាលខេត្ត​កែប​បានបញ្ជាក់​ទៀតថា ​ចំពោះ​ជនរងគ្រោះ​បាត់​បង់ជីវិត​ត្រូវបាន​ក្រុមគ្រួសារ​មក​បំពេញ​ឯកសារ​ដើម្បី​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​រដ្ឋបាលខេត្ត​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប​ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជាដែល​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​រយៈពេល​២​ថ្ងៃ​២​យប់និងបាន​ឧបត្ថម្ភ​ជា​សម្ភារ ​ថវិកា​ផង​នោះ ​គឺ​ពិតជា​បានបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​កម្មករ​ជា​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ ហើយក៏​ជាការ​លើកទឹកចិត្ត​ដ៏​ធំធេង​ដល់​បងប្អូន​គ្រប់​ក្រុមការងារ​ទាំងអស់​ដែល​ចូលរួម​ក្នុង​បេសកកម្ម​ករក​ជនរងគ្រោះ​ដោយ​ឧបទ្ទវហេតុ​ដ៏​សែន​អាក្រក់​នេះ​។​

​ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​កែប​ក៏​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ជួយសង្គ្រោះ​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​ប្រើ​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​ដួលរលំ​នេះ​៕/Ha