​យោធា​អាម៉េរិក​អាច​វាយប្រហារ​លើ​ពួក​មេដឹកនាំ​អ៊ីរ៉ង់​បន្ថែមទៀត ប្រសិនបើ​សាធារណរដ្ឋ​អ៊ីស្លាម​(​អ៊ីរ៉ង់​)​សងសឹក​ចំពោះ​ការសម្លាប់​ឧត្តមសេនី​យ៍មាន​ឥទ្ធិពល​​បំផុត​របស់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​កាលពី​សប្តាហ៍​មុន​, នេះ​បើ​តាម​អ្វី​ដែល​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ម៉ៃ ផ​ម​ផេវ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មករា​។​

​នៅ​ពេល​លោក​រដ្ឋមន្ត្រី​ធ្វើ​កិច្ចសម្ភាសន៍​ពន្យល់​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី ត្រាំ ដើម្បី​កម្ចាត់ឧត្តមសេនីយ៍ កា​សេម សី​ឡេ​ម៉ានី ប្រតិកម្ម​ពី​ការ​ផ្តាច់ជីវិត​​នេះ​បាន​ធ្លាក់​មក​ព្រោងព្រាត ដោយ​សភា​អ៊ីរ៉ាក់​អំពាវនាវ​ឲ្យ​ទាហាន​អាម៉េរិក​៥.២០០​នាក់​ចាកចេញ​ពី​ប្រទេស​របស់​គេ ក្រុមចម្រុះ​អាម៉េរិក​នៅ​ក្រុង​បា​ដា​​ត​ផ្អាក​ការហ្វឹកហាត់​កងកម្លាំង​អ៊ីរ៉ាក់​និង​នៅ​ក្រុង​បេរូត ប្រមុខ​ក្រុម​ហេស​បូ​ឡា​លី​បង់ ​បាន​និយាយ​ថា ​កងកម្លាំង​អាម៉េរិក​នៅ​ទូ​ទាំង​មជ្ឈិមបូព៌ា​អាច​ក្លាយជា​​គោលដៅ​នៃ​ការវាយប្រហារ​សងសឹក​។​

​នៅក្នុង​រដ្ឋធានី តេ​អេ​រ៉ង់ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា អ៊ីរ៉ង់​នឹង​លែង​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​ខ្លួន​បាន​ចុះ​​ហត្ថលេខា​ជាមួយ​អាម៉េរិក​និង​មហាអំណាច​ពិភពលោក​ផ្សេងទៀត​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អាម៉េរិក​ លោក​ដូណាល់ ត្រាំ បាន​បន្ត​ចេញ​ការព្រមាន​ទៅ​កាន់​អ៊ីរ៉ង់ ​ដោយ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​លោក​បាន​សរសេរ​បង្ហោះ​ថា​«​ការ​បង្ហោះ​សារ​ទាំងនេះ​ប្រើ​ជា​ការជូនដំណឹង​ទៅ​កាន់​សភា​អាម៉េរិក​ថា បើសិនជា​អ៊ីរ៉ង់​វាយប្រហារ​អាម៉េរិក មិន​ថា​លើ​ពលរដ្ឋ ឬ​គោលដៅ​អាម៉េរិក សហរដ្ឋ​អា​​ម៉េ​រិក​នឹង​ឆ្លើយតប​ភ្លាម ជាការ​វាយបក​ពេញទំហឹង ហើយ​ប្រហែលជា​ក្នុង​លក្ខណៈ​ប្រើ​កម្លាំង​មិន​សមមាត្រ​គ្នា​ផង​»​។​

​ការព្រមាន​ពី​មេដឹកនាំ​អាម៉េរិក​ កើតឡើងនៅ​ពេល​លោក​ផ​ម​ផេវ បាន​និយាយថា អ៊ីរ៉ង់​នឹង​ប្រហែល​ជា​ព្យាយាម​វាយប្រហារ​ទាហាន​អាម៉េរិក​ បន្ទាប់​ពី​អាម៉េរិក​​វាយប្រហារ​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់​អ៊ីរ៉ង់​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​Fox News​ ដែល​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ លោក​ផ​មផេវ​បាន​និយាយថា​«​យើង​គិតថា​អ៊ីរ៉ង់​ប្រហែល​នឹងធ្វើ​​កំហុស​មួយ​និង​សម្រេចចិត្ត​តាម​ប្រមាញ់​កងកម្លាំង​របស់​យើង​នៅ​អ៊ីរ៉ាក់ ឬ​ទាហាន​នៅ​ស៊ី​រី​ឦសាន​»​។​

​ការលើកឡើង​របស់​លោក​ ​កើត​ឡើង​ក្រោយ​ពី​ទីប្រឹក្សា​យោធា​របស់​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ បាន​និយាយថា នឹងមាន​«​ការឆ្លើយតប​ដោយ​យោធា​»​លើ​ទីតាំង​យោ​​ធា​ពី​សំណាក់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ ក្រោយ​ពី​អាម៉េរិក​សម្លាប់ កា​សេម សូ​ឡេ​ម៉ានី​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ផ​ម​ផេវ​៖ យើង​ត្រៀម​ទប់ទល់​ការឆ្លើតតប​គ្រប់​ប្រភេទ រួម​ទាំង​ការវាយប្រហារ​តាម​អេឡិចត្រូនិក​