​នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ និង​កម្រ​បានឃើញ​រវាង​រថយន្ត និង​សេះមួយ​ក្បាល ដែល​បណ្ដាលឱ្យ​សេះ​ប៉ើង​ខ្ទាត​គាប់​ជាប់​ក្នុង​កញ្ចក់​មុខ​។​

​តាមរយៈ​រូបភាព​វីដេអូ​ទាំងនេះ ខ្លួន​សេះ​ទាំងមូល​បាន​គាប​ជាប់​ក្នុង​កញ្ចក់​មុខ ដោយ​ទម្លាក់​តែ កន្ទុយ​បក់​រវិច​លើ​គម្រប​ក្បាល​រថយន្ត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពីពេល​ថ្មីៗ​នៅ​ក្រុង​ក្វេ​ណា​បូ (Guaynabo) ប្រទេស​ពើ​រូ រី​កូ​។

​ក្រោយ​បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណិត វីដេអូ​ឃ្លី​ប​នេះ​មាន​អ្នក​ចូល​ទស្សនា​រូត​ដល់​ទៅ​ជាង ២,២ លាន​ដង ហើយ​យុទ្ធនាការ​មួយ​ត្រូវបាន​ផ្តួចផ្ដើមឡើង​ដើម្បី​រៃអង្គាសប្រាក់​ជួយ​ព្យាបាល របួស​របស់​សេះ​នេះ​។

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឱ្យដឹងថា ភ្នាក់ងារ​សង្គ្រោះបន្ទាន់​បាន​បង្ខំចិត្ត​កាត់​ដំបូល រថយន្ត​ចោល​ដើម្បី​ទាញ​សេះ​ចេញមកក្រៅ​។ សេះ​នេះ​បាន​រងរបួស​ដាច់រយះ​ជាច្រើន​កន្លែង ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​។

​ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​ពី​អ្នក​នៅក្នុង​រថយន្ត​ទេ ថា​តើ​មាន​អ្នករបួស ឬក៏​អត់​។ ហើយ សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ដើម្បី​កំណត់​ច្បាស់​ថា តើ​ករណីនេះ​កើតឡើង​បាន​ដោយ របៀប​ណា​៕ ប្រែ​សម្រួលៈ​ខុម