វត្តមានយោធាអាម៉េរិកនៅមជ្ឈិមបូព៌ាត្រូវបានធ្លាក់ចូលក្នុងគ្រោះថ្នាក់កាលពីថ្ងៃអាទិត្យទី៥មករាខណៈដែលសភាអ៊ីរ៉ាក់បានបោះឆ្នោតបណ្តេញកងទ័ពអាម៉េរិកចេញពីប្រទេសរបស់ពួកគេ ស្របពេលដែលមេដឹកនាំក្រុមហេសបូឡារបស់លីបង់និយាយថាយោធាអាម៉េរិកនៅទូទាំងតំបន់ “នឹងត្រូវបង់ថ្លៃ” សម្រាប់ការសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់។
លោក ហាសសាន់ ណាស្រាឡា (Hassan Nasrallah) បាននិយាយថាមូលដ្ឋានទ័ពនាវាចម្បាំងនិងទាហានអាម៉េរិកនៅមជ្ឈិមបូព៌ាគឺជាគោលដៅត្រូវវាយប្រហារទាំងអស់ បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អាម៉េរិកសម្លាប់ឧត្តមសេនីយ៍ កាសសេម សូឡីម៉ានី ដែលជាអ្នករៀបចំយុទ្ធនាការយោធាក្នុងតំបន់របស់អ៊ីរ៉ង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការវិវឌ្ឍទាំងពីរនេះគឺជាសញ្ញាថ្មីនៃប្រតិកម្មពីការសម្លាប់លោកសូឡីម៉ានីនិងមន្ត្រីអ៊ីរ៉ាក់ជាន់ខ្ពស់មួយចំនួននៅឯព្រលានយន្តហោះបាកដាដហើយបានបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ ដែលមានការប្រុងប្រយ័ត្នខ្ពស់ និង ត្រៀមខ្លួនសម្រាប់ការសងសឹកពីអ៊ីរ៉ង់រួចជាស្រេច។
កាលពីយប់ថ្ងៃអាទិត្យ យ៉ាងហោចណាស់មានការផ្ទុះ ៣ ដងធ្វើឱ្យរញ្ជួយរដ្ឋធានីអ៊ីរ៉ាក់និងសំឡេងស៊ីរ៉ែនលាន់ឮនៅទូទាំងទន្លេទីគ្រីស។ ការផ្ទុះនេះហាក់ដូចជាកាំភ្លើងត្បាល់ឬគ្រាប់រ៉ុក្កែតដែលបានធ្លាក់ចូលទៅក្នុងតំបន់បៃតងដែលមានការការពារខ្លាំងក្លានិងជាកន្លែងនៃស្ថានទូតអាម៉េរិកនិងស្ថានទូតនានាក៏ដូចជាអាសនៈរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីចំនួនអ្នកស្លាប់និងរបួសនៅឡើយទេ។ នេះជាការវាយប្រហារលើកទី ២ ក្នុងរយៈពេល ២ ថ្ងៃ។
លោកណាស្រាឡាបាននិយាយថា “អ្នកវាយប្រហារអត្តឃាតដែលបង្ខំឱ្យអាម៉េរិកចាកចេញពីតំបន់របស់យើងកាលពីអតីតគឺនៅទីនេះនៅឡើយ ហើយចំនួនរបស់ពួកគេបានកើនឡើង”។ គេមិនច្បាស់ទេថាតើការផ្ទុះគ្រាប់បែកអត្តឃាតណាមួយដែលលោកណាស្រាឡាចង់សំដៅទៅលើ។ ប៉ុន្តែការវាយប្រហារនៅឆ្នាំ ១៩៨៣ លើបន្ទាយទាហានជើងទឹកអាម៉េរិកនៅទីក្រុងបៃរូតប្រទេសលីបង់បានសម្លាប់ទាហានអាម៉េរិកចំនួន ២៤១ នាក់ ហើយបាននាំឱ្យប្រធានាធិបតីរ៉ូណាល់ រីហ្គែនដកកងទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសនេះ។
លោកណាស្រាឡានិយាយថា “នៅពេលទាហានអាម៉េរិកត្រឡប់ទៅវិញតាមក្តារមឈូស នៅពេលពួកគេមកដល់ឈរនិងទៅសហរដ្ឋអាម៉េរិកវិញដេក ពេលនោះត្រាំនិងរដ្ឋបាលរបស់គាត់នឹងដឹងថាពួកគេបានបាត់បង់តំបន់ហើយនឹងចាញ់ការបោះឆ្នោត”។ លោកបានបន្ថែមថាជនស៊ីវិលអាម៉េរិកនៅក្នុងតំបន់មិនគួរត្រូវកំណត់គោលដៅវាយប្រហារទេ ពីព្រោះការវាយប្រហារលើពួកគេនឹងធ្លាក់ចូលអន្ទាក់របស់ប្រធានាធិបតីដូណាល់ ត្រាំ៕ ដោយ៖ កញ្ញាដាលីស