​ក្លឹប Chelsea មានសង្ឃឹម​ខ្លាំង​ឡើង​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ស្លាប វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ទាក់ទង​ទៅ​លោក ពី​នី ហ្សា​ហា​វី (Pani Zahavi) ឲ្យ​ជួយ​សម្របសម្រួល​ក្នុងការ​ចាកចេញ​ពី​ពហុកីឡាដ្ឋាន Selhurst Park ។​
​ ​
ភ្នាក់ងារ ពី​នី ហ្សា​ហា​វី មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​មនុស្ស​ជាច្រើន​នៅ​ក្លឹប​ឆេ​ល​ស៊ី ហើយ​ថែមទាំង​មាន​ភាពជិតស្និទ្ធ​នឹង​ម្ចាស់​ក្លឹប​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ដោយ​លោក​ធ្លាប់​សម្រេច​កិច្ចការ​ធំ​ជាច្រើន​កន្លងមក​។​
​ ​
​ហ្សា​ហា បាន​ផ្តាច់ទំនាក់ទំនង​ពី​ភ្នាក់ងារ​យូរអង្វែង​របស់ខ្លួន​គឺ​ក្រុមហ៊ុន Will Salthouse កាលពី ខែកញ្ញា​ឆ្នាំមុន ដោយសារតែ​ការខកចិត្ត​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ បន្ទាប់ពី​ក្លឹប Everton និង Arsenal ព្យាយាម​ដាក់សំណើ​ផ្ទេរ ៥២​លាន​ផោន​។
​ ​
ទោះបីជា​យ៉ាងណា កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​នៅជាប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Salthouse `s Unique Sports Management រហូតដល់​រដូវក្តៅ​។​
​ ​
ក្រុមហ៊ុន Salthouse នៅមាន​សិទ្ធិ​ក្នុង​ការតវ៉ា ហើយ​បញ្ហា​នេះ​នឹងត្រូវ​ដោះស្រាយ​នៅក្នុង សវនាការ​ក្រុមប្រឹក្សា​ដោយឡែក​មួយ​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​មាន​សិទ្ធិ​តាម​ប្រមាញ់ ហ្សា​ហា នៅ​ខែ​នេះ បន្ទាប់ពី​រួចផុត​ពី​បម្រាម​ផ្ទេរ​របស់ FIFA ប៉ុន្តែ​ពួកគេ​ប្រហែលជា​ត្រូវ​រង់ចាំ​រហូតដល់​រដូវ​ក្តៅ ខណៈ​ក្លឹប Palace កំណត់​តម្លៃ​យ៉ាងហោច ណាស់​៨០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha)