ភ្នំពេញ:រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អង់ហ្គោឡា ប្រារព្ធទិវា កាន់ទុក្ខ នៃ ការបង្ក្រាបរបស់អាណានិគម នៅថ្ងៃទី ៤ ខែ មករា ដើម្បី រំឭកដល់ថ្ងៃដែលបាតុករដែលជាកម្មករ កសិករ ស្លូតត្រង់ជនជាតិ អង់ហ្គោឡា ជាងមួយម៉ឺននាក់ ត្រូវបានអាណានិគម ព័រទុយហ្កាល់ បាញ់សម្លាប់យ៉ាងឃោឃៅកាលពីឆ្នាំ ១៩៦១ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋ អង់ហ្គោឡា មានផ្ទៃដី ១.២៤៦.៧០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅ ភាគខាងត្បូង នៃ ទ្វីបអាហ្វ្រិក មានព្រំដែនជាប់នឹងប្រទេស ណាមីប៊ី សាធារណរដ្ឋ កុងហ្គោ ហ្សាំប៊ី និងមហា សាគរ អាត្លង់ទិក ។ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋជាង ៣២ លាននាក់ភាគច្រើនជាអ្នកកាន់ សាសនា គ្រិស្ត ភាសាផ្លូវការគឺភាសា ព័រទុយហ្កាល់ រដ្ឋធានី គឺទីក្រុង លូអង់ដា។
ប្រវត្តិសាស្ត្រ
ជនជាតិ ព័រទុយហ្កាល់ ដែលបានទៅដល់ទឹកដី អង់ហ្គោឡា មុនដំបូងបំផុតគឺជាអ្នកស្រាវជ្រាវ ឈ្មោះ Diogo Cao នាឆ្នាំ ១៤៨៤ ។ ឆ្នាំមុនៗនេះ ជនជាតិព័រទុយហ្កាល់ បានបង្កើតទំនាក់ទំនង ជាមួយ អាណាចក្រ កុងហ្គោ (ដែលលាតសន្ធឹងពីជើងទៅត្បូង ចាប់ពី សាធារណរដ្ឋ ហ្កាបោន បច្ចុប្បន្ន ទៅដល់ទន្លេ Kwanza ) ហើយបានត្រួតត្រាកាន់កាប់ អាណាចក្រ អង់ហ្គោឡា នៅឆ្នាំ ១៤៨២ ។
ជនជាតិ ព័រទុយហ្កាល់ បានបង្កើតប៉ុស្តិ៍ពាណិជ្ជកម្មរបស់ពួកគេ នៅ សូយ៉ូ (បច្ចុប្បន្នគឺតំបន់ ភាគ ខាងជើង នៃ អង់ហ្គោឡា ) ។ លុះដល់ឆ្នាំ ១៥៧៥ លោក Paulo Dias de Novais បានកសាង ទីក្រុង São Paulo de Loanda ( ហៅកាត់ថា Luanda) ដោយមានអ្នកតាំងលំនៅឋានមួយរយ គ្រួសារ និង កងទ័ព ៤០០ នាក់ ។ ហើយបានកសាងទីក្រុង Benguela ជាទីក្រុងទី ៤០ នៅឆ្នាំ ១៥៨៧ ហើយ ត្រូវបានតម្កើងជា រដ្ឋធានី នៅឆ្នាំ ១៦១៧ ។
ជនជាតិ ព័រទុយហ្កាល់ បានកសាងតំបន់តាំងលំនៅឋាន បន្ទាយកងទ័ព និងប៉ុស្តិ៍ពាណិជ្ជកម្មជា ច្រើនកន្លែងទៀតនៅតាមបណ្តោយឆ្នេរសមុទ្ទ អង់ហ្គោឡា ជាពិសេសសម្រាប់ជំនួញទាស កម្មករ អង់ហ្គោឡា សម្រាប់ធ្វើការនៅលើកសិដ្ឋាន នៃ ប្រទេស ប្រេស៊ីលដែលធម្មតាលក់ ដោយការដោះដូរ ដោយ សម្ភារដែលបានកែច្នែពីអឺរ៉ុប ។ ពាណិច្ចកម្មទាសកម្មករនេះ បានបន្តរហូតដល់បន្ទាប់ពី ឯករាជ ភាព ប្រេស៊ីល នៅអំឡុងទសវត្សរ៍ឆ្នាំ ១៨២០ ។
នៅអំឡុងសតវត្សរ៍ទី ១៦ ព័រទុយហ្កាល់ បានគ្រប់គ្រងតំបន់ឆ្នេរសមុទ្ទនានារបស់ អង់ហ្គោឡា តាមរយៈសន្ធិសញ្ញា និង ការធ្វើសង្គ្រាមនានាជាបន្តបន្ទាប់ ។ ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ អាណានិគម ព័រទុយហ្កាល់ បានជួបការលំបាកលំបិន ហើយរីកចម្រើនយ៉ាងយឺតយ៉ាវ ។ ប្រជាពលរដ្ឋ ជួបគ្រោះអត់ឃ្លានជាមធ្យមរៀងរាល់៧ ឆ្នាំ ម្តងមួយអន្លើដោយជំងឺកាចសាហាវ នានា បានសម្លាប់ ប្រជាពលរដ្ឋប្រមាណជាមួយភាគ បី ។
ស្តេច ហ្វ៊ីលីប ទី ៣ របស់ អេស្ប៉ាញ ( ជាហ្វ៊ីលីប ទី ២ របស់ ព័រទុយហ្កាល់ ) បានចូលទិវង្គត នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ១៦២១ ហើយស្នងរាជ្យបន្តដោយស្តេច ហ្វីលីប ទី ៤ (ជាហ្វ៊ីលីបទី ៣ របស់ព័រទយុហ្កាល់ ) ។ ពន្ធដារ លើពាណិជ្ជករ ព័រទុយហ្កាល់ត្រូវបានដំឡើង បណ្តាលឱ្យ អំណាចរបស់ អភិជន ព័រទុយហ្កាល់ បានធ្លាក់ទៅក្នុងកណ្តាប់ដៃអេស្ប៉ាញហើយតំណែងនៅ ក្នុងរដ្ឋាភិបាល ព័រទុយហ្កាល់ ត្រូវបានកាន់កាប់ដោយជនជាតិ អេស្ប៉ាញ ច្រើនទៅៗ អំណាចរបស់អភិជនព័រទុយហ្កាល់ បានបាត់បង់ ។ អ្វីដែលអាក្រក់បំផុតនោះ គឺស្តេច ហ្វីលីប ទី ៤ បានព្យាយាមធ្វើឱ្យ ព័រទុយហ្កាល់ ក្លាយទៅជាខេត្តមួយរបស់ អេស្ប៉ាញ ។
ទីបំផុតក៏មានបដិវត្តន៍ ព័រទុយហ្កាល់ ដែលចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ ១៦៤០ បានផ្ទុះឡើងប្រឆាំងនឹង អេស្ប៉ាញ ។ បដិវត្តន៍នេះបានរីករាលដាលកើតទៅជាសង្គ្រាមបដិវត្តន៍ ព័រទុយហ្កាល់ និង អេស្ប៉ាញ ។ សង្គ្រាមនេះអូសបន្លាយអស់រយៈពេល ២៨ ឆ្នាំ ទើបត្រូវបានបញ្ចប់នៅក្នុង សន្ធិសញ្ញាទីក្រុង លីសបោន នាថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ១៦៦៨ក្រោមកិច្ចសម្របសម្រួលរបស់ អង់គ្លេស ។ តាមរយៈសន្ធិសញ្ញានេះ អេស្ប៉ាញ បានទទួលស្គាល់អធិបតេយ្យភាពព័រទុយ ហ្កាល់ ដែលបានសេចក្តីថា បញ្ចប់នូវការត្រួតត្រា របស់អេស្ប៉ាញ ទៅលើព័រទុយហ្កាល់ បន្ទាប់ពីអេស្ប៉ាញ បានត្រួតត្រាអស់រយៈពេល ៦០ ឆ្នាំ មក ។
ខណៈដែល ព័រទុយហ្កាល់កំពុង ជាប់ដៃធ្វើសង្គ្រាមប្រឆាំង អេស្ប៉ាញ នោះ នៅឆ្នាំ ១៦៤១ ហុល្លង់ បានចូលកាន់កាប់ទីក្រុង Luanda ហើយបានបង្កើតសម្ព័ន្ធជាមួយប្រជាពលរដ្ឋក្នុងស្រុក ក្រោកប្រឆាំងនឹងការត្រួតត្រារបស់ ព័រទុយហ្កាល់ ហើយបានដណ្តើមកាន់កាប់តំបន់ផ្សេងៗ ទៀត នៃ អាណាចក្រ អង់ហ្គោឡា ។
កងនាវាព័រទុយហ្កាល់ក្រោមបញ្ជាការរបស់លោក សាលវ៉ាឌឺរ៍ ដឺ សា បានវាយដណ្តើមទីក្រុង Luanda ពី ហុល្លង់ និង ប្រជាពលរដ្ឋក្នុងប្រទេសវិញ នៅឆ្នាំ ១៦៤៨ ហើយបានលុកលុយត្រួត ត្រា អង់ហ្គោឡា ទាំងស្រុងឡើងវិញនៅឆ្នាំ ១៦៥០ ។ ចាប់ពីពេលនោះមក អង់ហ្គោឡា បានស្ថិតក្នុងកណ្តាប់ដៃរបស់ ព័រទុយហ្កាល់ យ៉ាងណែន ។
ការអភិវឌ្ឍតំបន់ ជួរក្រោយ ត្រូវបានចាប់ផ្តើមបន្ទាប់ពីមានសន្និសីទទីក្រុង ប៊ែកឡាំង នាឆ្នាំ ១៨៨៥ ដែលបានកំណត់ព្រំដែនអាណានិគម ។ ការអភិវឌ្ឍតំបន់ជួរក្រោយនោះ គឺជាការ អភិវឌ្ឍរួមរវាងចក្រភពអង់គ្លេស និង ព័រទុយហ្កាល់ ដោយពួកគេបានវិនិយោគទៅលើ ការរុករករ៉ែ ផ្លូវដែក និង កសិកម្ម ។
បន្ទាប់ពីត្រូវបានត្រួតត្រារបស់ ព័រទុយហ្កាល់ អស់រយៈពេលជិត ៥០០ ឆ្នាំទៅ ប្រជាពលរដ្ឋ អង់ហ្គោឡា ហាក់ដូចជាវង្វេងវង្វាន់បាត់បង់អត្តសញ្ញាណជាតិរបស់ខ្លួនស្ទើរតែមិនយល់ពាក្យ ថា “ ឯករាជ្យជាតិ “ មានន័យថាម៉េចផង ។ ដូច្នេះនៅពេលដែលមានចលនាទាមទារឯករាជភាព ក៏មានការចាប់អារម្មណ៍តិចតួចប៉ុណ្ណោះ ។
រហូតដល់ទសវត្សរ៍ឆ្នាំ ១៩៥០ ទើបមានចលនាជាតិនិយមសម្ងាត់ៗ លេចឡើងអាចទាក់ទាញ ចំណាប់អារម្មណ៍ ដោយទាមទាររក សិទ្ធិស្វ័យសម្រេច ជាពិសេសនៅលើវេទិកាអន្តរជាតិ ដូចជានៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធជាដើម ។
ការសម្លាប់រង្គាលបាតុករជាងមួយម៉ឺននាក់
នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ១៩៦១ ពួកកសិករ ដែលធ្វើការនៅលើចម្ការកប្បាស របស់ក្រុមហ៊ុន Cotonang ជាក្រុមហ៊ុន ព័រទុយហ្កាល់-ប៊ែលហ្ស៊ិក ដែលជួបក្តីលំបាកក្នុងជីវភាព បាននាំគ្នាធ្វើ បាតុកម្មតវ៉ា ទាមទារតំឡើងប្រាក់ឈ្នួល និង លក្ខន្តិកៈការងារឱ្យប្រសើរជាងមុនឱ្យលប់បំបាត់ ការបង់ពន្ធពីពួកកសិករ និង បញ្ឈប់ការបង្ខិតបង្ខំឱ្យធ្វើការ ។ បាតុកម្មនេះដឹកនាំដោយឈ្មោះ អាន់នីញ៉ូ ម៉ារៀណូ និង ឈ្មោះ គូលូ-ស៊ីនហ្គូជាជនដែលគេមិនស្គាល់អត្តសញ្ញាណ ច្បាស់លាស់ ។
នៅថ្ងៃទី ០៤ ខែ និង ឆ្នាំ ដដែលនោះ ព័រទុយហ្កាល់មិនគ្រាន់តែមិនផ្តល់តាមការទាមទាររបស់ កម្មករ កិសករ ទាំងនោះទេ ថែមទាំងបានបើកការបង្ក្រាបយ៉ាងឃោរឃៅព្រៃផ្សៃដោយបាន សម្លាប់កម្មករ កសិករ ស្លូតត្រង់ ជាងមួយម៉ឺននាក់ ។
ព្រឹត្តិការណ៍ដ៏ទុក្ខសោកនេះ បញ្ឆេះឱ្យមានចលនាតស៊ូប្រឆាំងនឹងអាណានិគម ព័រទុយហ្កាល់ ពាសពេញផ្ទៃប្រទេស ដែលមានជាទម្រង់ចលនាជាតិនិយម និង ចលនាឧទ្ទាមកម្ម ។
ចលនាដែលលេចធ្លោបំផុតនោះមានដូចជា ចលនា ប្រជាពលរដ្ឋ ដើម្បី សេរីភាព អង់ហ្គោឡា (MPLA) ត្រូវបានបង្កើតកាលពីឆ្នាំ ១៩៥៦ , រណសិរ្យជាតិ ដើម្បី សេរីភាព អង់ហ្គោឡា (FNLA) បង្កើតនៅឆ្នាំ ១៩៦១, សហជីពជាតិ ដើម្បី ឯករាជភាពទាំងស្រុង នៃ អង់ហ្គោឡា (UNITA) បង្កើតនៅឆ្នាំ ១៩៦៦ ។
ការឈឺចាប់ដ៏លើសលប់ហួសពីការអត់ទ្រាំ នៅឆ្នាំ ១៩៦១ ក្រុមពួកអ្នកដែលហៅខ្លួនឯងថា អ្នកប្រយុទ្ធដើម្បីសេរីភាព បានបើកការវាយប្រហារទៅលើទាំងជនស្បែកខ្មៅ និង ជនស្បែកស (ដែលពួកគេចាត់ទុកថាជាជនជាតិ ព័រទុយហ្កាល់ និង បក្សពួក ) នៅតំបន់សហប្រតិបត្តិការឆ្លង កាត់ព្រំដែននៅភាគ ឥសាន នៃ ប្រទេស អង់ហ្គោឡា ។ សង្គ្រាមនេះត្រូវបានឱ្យឈ្មោះថា សង្គ្រាម អាណានិគម ។
រង្គោះរង្គើនៅព័រទុយហ្កាល់
របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ នៅ ព័រទុយហ្កាល់ បានដួលរលំដោយសាររដ្ឋប្រហារ ដែលរៀបចំឡើង នៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩១០ ដោយ គណបក្សសាធារណរដ្ឋ ព័រទុយ ហ្កាល់ ហើយបង្កើតជា សាធារណរដ្ឋ ព័រទុយហ្កាល់ ដែលត្រូវបានគេហៅថា សាធារណរដ្ឋ ទី ១ ។
ប៉ុន្តែសាធារណរដ្ឋនេះ គ្មានស្ថេរភាពឡើយ ហើយទីបំផុតក៏មានរដ្ឋប្រហារយោធា ត្រូវបានធ្វើ ឡើងនៅថ្ងៃទី ២៨ ខែ ឧសភា (បដិវត្តន៍ ២៨ ឧសភា ) ឆ្នាំ ១៩២៦ ហើយបង្កើតបានជា សាធារណរដ្ឋ ព័រទុយហ្កាល់ ទី ២ ដែលត្រូវបានគេហៅថាជារបប ហ្វាស៊ីស ។ របបសាធារណ រដ្ឋទី ២ នេះត្រូវបានធ្វើរដ្ឋប្រហារយោធានៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ១៩៧៤ ។
ភាពរង្គោះរង្គើផ្ទៃក្នុងផង ប្រឈមនឹងបម្រែបម្រួលស្ថានភាពពិភពលោកផងប្រឈមនឹងសង្គ្រាម ពីសំណាក់ចលនាជាតិនិយមនានានៅ អង់ហ្គោឡា ផង ព័រទុយហ្កាល់ពិតជាមិនអាចទប់ទល់ បានឡើយ ។
ក្រុមឧទ្ទាមជាតិនិយម អង់ហ្គោឡា ទាំងបី (FNLA, MPLA និង UNITA ) បានព្រមព្រៀងគ្នា បង្កើតជារដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងខែ មករា ឆ្នាំ ១៩៧៥ ។ ទីបំផុត ព័រទុយហ្កាល់ ព្រមប្រគល់ឯករាជភាពឱ្យ អង់ហ្គោឡា នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ។
បន្ទាប់ពីទទួលបានឯករាជ្យនេះមក នៅឆ្នាំ ១៩៩៦ រដ្ឋាភិបាល អង់ហ្គោឡា បានរៀបចំថ្ងៃទី ០៤ ខែ មករា ថាជាថ្ងៃសម្រាកជាតិដោយឱ្យឈ្មោះថា “ ទិវាមរណទុក្ខ នៃការបង្ក្រាបរបស់អាណា និគម (ព័រទុយហ្កាល់) “ ដើម្បី រំឭកដល់ការវាយបង្ក្រាបរបស់ពួកអាណានិគម ព័រទុយហ្កាល់ ទៅលើកម្មករ កសិករ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ១៩៦១ ។
ទោះយ៉ាងណា បន្ទាប់ពីបានរួបរូមគ្នាត្រឹមតែមិនលើសពី ២ ខែផង រដ្ឋាភិបាលបណ្តោះ អាសន្ន ក៏ចាប់ផ្តើមបែកបាក់ និងវាយប្រហារគ្នា ហើយផ្ទៃប្រទេសត្រូវបានត្រួតត្រាដោយបក្សដោយក្រុមអូសបន្លាយរហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០១២ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា