​បន្ទាប់ពី​សភា​អ៊ីរ៉ាក់​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​សុំឲ្យ​អាម៉េរិក​បញ្ចប់​វត្តមាន​យោធា​នៅក្នុង​ប្រទេស​របស់​ខ្លួន ប្រធានាធិបតី​អាម៉េរិក ​លោក​ដូណាល់ ត្រាំ​ បាន​​ចេញ​មក​បញ្ជាក់​ភ្លាម​ថា អាម៉េរិក​នឹងមិន​ចាកចេញ​ពី​អ៊ីរ៉ាក់​ឡើយ​ ដរាបណា​អ៊ីរ៉ាក់​នៅ​មិន​ទាន់​សង​ប្រាក់​សាងសង់​មូលដ្ឋាន​ទ័ពអាកាស​អាម៉េរិក​មួយ​នៅ​ជិត​ក្រុង​​បា​ដា​ត​។​

​លោក​ត្រាំ ចង់​និយាយ​សំដៅ​ទៅ​រក​មូលដ្ឋានទ័ព​អាកាស​បា​ឡា​ត​(Balad)​ដែល​ដាក់​កងកម្លាំង​អាម៉េរិក នៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ​ពី​ក្រុង​បា​ដា​ត​។​

​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មករា​ថា​«​យើង​បាន​ចំណាយ​សម្បើម​ណាស់​លើ​មូលដ្ឋាន​អាកាស​នេះ​។​វា​មាន​តម្លៃរាប់​ពាន់​លាន​ដុល្លារ​។​មុន​ខ្ញុំ​ចេញពី​តំណែង នឹង​មិន​មាន​ការចាក​ចេញ​របស់​អាម៉េរិក​ទេ បើសិនជា​គេ​មិន​សង​ប្រាក់​មក​យើង​វិញ​…​យើង​នឹង​ដាក់​ទណ្ឌកម្ម​លើ​ពួកគេ​…»​។​

​រដ្ឋការ​ត្រាំ​ក៏​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់​សភា​អ៊ីរ៉ាក់ ហើយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាម៉េរិក​បាន​និយាយថា ខ្លួន​នឹង​ផ្អាក​ប្រតិបត្តិ​ការប្រឆាំង​​ភេរវកម្ម​នៅ​អ៊ីរ៉ាក់ ដោយ​ផ្តោត​សកម្មភាព​មក​ការពារ​បណ្តា​មូលដ្ឋាន​យោធា​អាម៉េរិក​នៅ​អ៊ីរ៉ាក់​វិញ ក្រោយ​កងកម្លាំង​អាម៉េរិក​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​​ម្នាក់​នៅ​ក្រុង​បា​ដា​ត​កាលពី​សប្តាហ៍​មុន​។​

​ក្រុម​កាតា​អ៊ី​ប ហេស​បូ​ឡា ដែល​ជា​ក្រុម​ជីវពល​អ៊ីរ៉ាក់​គាំទ្រ​អ៊ីរ៉ង់​មួយ បាន​និយាយថា​ ខ្លួន​នឹង​វាយប្រហារ​លើ​ទីតាំង​យោធា​របស់​កងកម្លាំង​អាម៉េរិក​នៅ​អ៊ីរ៉ាក់ បើ​​អាម៉េរិក​មិន​ដកទ័ព​ចេញ​ទេ​។​កាលពី​ថ្ងៃអាទិត្យ អ្នករស់នៅ​ក្នុង​រដ្ឋធានី​បា​ដា​ត បាន​ឮ​សំឡេង​ផ្ទុះ​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់ នៅ​តំបន់​ប្រជាជន​រស់នៅ​អាល់​-​ចា​​ឌ្រី​យ៉ា និង មូលដ្ឋានទ័ព​បា​ឡា​ត តែ​មិន​មាន​ក្រុម​ណាមួយ​អះអាងថា​ជា​ជា​អ្វី​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

មូលដ្ឋាន​យោធា​អាម៉េរិក ជិត​ក្រុង​បា​ដា​ត ត្រូវ​លោក​ត្រាំ​អះអាងថា​ចំណាយ​លើ​ការសាងសង់​អស់​រាប់​ពាន់​លាន​