ថ្លៃប្រេងបានឡើងជិត២ដុល្លារទៀតកាលពីថ្ងៃចន្ទទី៦មករា ដោយប្រេង Brent ហក់ឡើងដល់លើ៧០ដុល្លារក្នុងមួយបារ៉ែល(មួយធុងចំណុះ១៥៩លីត្រ) ក្រោយពីប្រធានាធិបតីអាម៉េរិកគំរាមដាក់ទណ្ឌកម្មលើអ៊ីរ៉ាក់ និងវាយប្រហារលើអ៊ីរ៉ង់។
ប្រេងឆៅBrent បានឡើងដល់កម្រិតខ្ពស់មួយ គឺ៧០,២៧ដុល្លារក្នុងមួយបារ៉ែល ដោយកើន១,៦៧ដុល្លារ ឬ២,៤ភាគរយ ធៀបនឹងថ្លៃលក់ចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែកប្រេងឆៅ West Texas Intermediate នៅផ្សារនៅអាម៉េរិកបានឡើងដល់៦៤,៣៩ដុល្លារ ក្នុងមួយបារ៉ែល ដោយកើន២,១ភាគរយ។
ប្រេងបានឡើងថ្លៃចាប់តាំងពីអាម៉េរិកវាយប្រហារសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់កាលពីសប្តាហ៍មុន។ការសម្លាប់លោកកាសេម សូឡេម៉ានី នាំឲ្យមានការព្រួយបារម្ភអំពីការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលអាចរារាំងដល់ការផ្គត់ផ្គង់ប្រេងចេញពីតំបន់នេះទៅកាន់ទីផ្សារពិភពលោក។
អាយហាម កាម៉ែល អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាយោបល់Eurasia Groupបាននិយាយថា ជម្លោះបច្ចុប្បន្ននឹងនាំដល់វដ្តនៃភាពតានតឹងក្នុងតំបន់ ដោយទ្រព្យសម្បត្តិអាម៉េរិកនិងហេដ្ឋារចនាសម្ព័ន្ធប្រេងប្រឈមហានិភ័យ។ជម្លោះមានកម្រិតមួយអាចកើតមាន រួមមានការវាយប្រហារលើគោលដៅប្រេងនៅឈូងសមុទ្រនិងការប៉ះទង្គិចទ័ពជើងទឹកដោយផ្ទាល់រវាងអាម៉េរិកនិងអ៊ីរ៉ង់»។
ក្រុមហ៊ុននេះរំពឹងថា ថ្លៃប្រេងអាចស្ថិតក្នុងរង្វង់៦៥ទៅ៧៥ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២០ ។
ទោះជាយ៉ាងណា ពួកអ្នកសេដ្ឋកិច្ចបានព្រមានថា ប្រេងអាចឡើង១៥០ដុល្លារក្នុងមួយបារ៉ែល បើសិនជាសង្គ្រាមផ្ទុះឡើងរវាងអាម៉េរិកនិងអ៊ីរ៉ង់។
ខារ៉ូលីន បៀន នៅក្រុមហ៊ុនCapital Economicsបាននិយាយថា«កំណើនភាពតានតឹងភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរបង្កឲ្យមានការសង្ស័យអំពីការផ្ទុះសង្គ្រាមនៅឈូងសមុទ្រ។ផលប៉ះពាល់សំខាន់បំផុតគឺការបាត់បង់អាយុជីវិតមនុស្ស តែបើនិយាយអំពីទីផ្សារប្រេង បើផ្ទុះសង្គ្រាម យើងរំពឹងថាប្រេងនឹងឡើងដល់១៥០ដុល្លារក្នុងមួយបារ៉ែល»៕ប្រែសម្រួល៖វាសនា/Ha