ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​មួយរយៈ​នេះ​គេ​សង្កេតឃើញថា​ ទឹកដី​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​ មាន​ករណី​លួច​ឆក់​ប្លន់​ជា​ញឹកញាប់​ណាស់​។​ជាក់ស្តែង​ករណី​ចោរលួច​កាច់កម៉ូតូ​មួយគ្រឿង​បានសម្រេច​នៅក្នុង​ផ្ទះជួល​មួយកន្លែង​កាលពី​វេលា​ម៉ាង​៨​ព្រឹក ​នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០​ ចំណុច​ផ្ទះជួល​លេខ​៨៩A​ផ្លូវ​២៧១ ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​ម៉ូតូ​មួយគ្រឿង​ដែល​បាត់​នោះ ម៉ាក GPX Demon 150GR​ពណ៌ ក្រហម ផ្លាក​លេខ ភ្នំពេញ 1HS-8198 ម្ចាស់​ឈ្មោះ ឆឺ​យ វិ​ច្ឆ​កា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ ស​និស្សិត​សាលា​IFL​ភាសា​ជប៉ុន​ មក​រៀន​នៅ​ភ្នំ​ភេ​ញ មកពី​ខេត្តព្រៃវែង ​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ ។​

​បើតាម​ម្ចាស់​ម៉ូតូ​បាន​ប្រាប់ថា​ គាត់​ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី​ពីរ​ លុះ​ព្រឹក​ឡើង​បាន​ចុះមក​យក​ម៉ូតូ​ទៅ​រៀន​ ស្រាប់តែ​មិនឃើញ​ម៉ូតូ​ ក៏​ផ្អើលឆោឡោ​ប្រាប់​អ្នកជិតខាង​ហើយ​បាន​ឆែក​កាមេរ៉ា​សុ​វត្ថិភាព​របស់​ផ្ទះជួល​ទើបបាន​ដឹងថា​ម៉ូតូ​ត្រូវបាន​ចោរលួច​កាច់ក​យកទៅ​បាត់​ពិតប្រាកដ​មែន​។​ក្រោយ​បានឃើញ​មុខសញ្ញា​ចោរលួច​ច្បាស់​ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មុខសញ្ញា​ចាស់​ត្រូវជា​កូនប្រុស​យាយ​លក់​បាយ​នៅក្បែរ​ផ្ទះជួលនេះឯង ។

​បន្ទាប់មក​បាន​ប្រ​ញាប់​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​ទី​១​នៅ​ម៉ោង​ប្រហែល​ជាង​១០​ព្រឹក​ថ្ងៃ​ដដែល​។​លុះ​ពេលទៅដល់​ប៉ុស្តិ៍​មិនបាន​ជួប​មេ​ប៉ុស្តិ៍​ទេ​ បាន​ជួបតែ​ប៉ូលិស​ប្រចាំការ​ពីរ​បីនាក់​។​ប៉ូលិស​ទទួល​ពាក្យបណ្តឹង​និយាយថា​ថ្ងៃនេះ​ជា​ថ្ងៃ​សម្រាក​ អត់​ធ្វើការ​ទេ ​ចាំ​ស្អែក​ ហើយ​អ្នក​លួច​ក៏​ប៉ូលិស​ស្គាល់​ ហើយ​ជា​មុខសញ្ញា​ចាស់​ ឥឡូវ​វា​អត់​នៅផ្ទះ​ទេ ​ពេល​វា​មកវិញ​ចាំ​ហៅ​វា​មក​សួរ​ អ្នកឯង​ទៅវិញ​សិន​ចុះ​។​

​ពាក់ព័ន្ធ​ករណីនេះ​ លោក​វឿន​ មេ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១​បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​៥​ខែមករា​ថា​”​លោក​ទើបតែ​បានទទួល​ពាក្យបណ្តឹង​ហើយ​លោក​កំពុងតែ​ដាក់សំណើទៅ​អធិការ​ខណ្ឌ​ដើម្បី​ចុះ​ស្រាវ​ជាវ​ហើយ​។ សារព័ត៌មាន​កុំ​ទាន់​ចុះផ្សាយ​ នាំ​តែ​ផ្អើល​ដល់​ជនសង្ស័យ​ទេ ព្រោះ​ខាង​ប៉ូលិស​គេ​កំពុងតែធ្វើការ​”​។​

​ក្រោយមក​ក៏មាន​ព័ត៌មាន​មួយ​ចុះផ្សាយ​ក្រោម​ចំណងជើង​ថា « ភ្ញាក់ពីដេក​ចោរលួច​កាច់ក​បាត់​ម៉ូតូ រត់​ទៅប្តឹង ប៉ូលិស​ថា​អត់​ធ្វើការ​ទេ​ឈប់សម្រាក ចាំ​ស្អែក នៅ​ខណ្ឌមានជ័យ » លោក ម៉ៅ សាវឿន​នាយ​នគរបាល​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​ទី​១​បាន​ក៏​អះអាងថា​”​គ្មាន​នគរបាល​ណា​ម្នាក់​និយាយថា​ថ្ងៃអាទិត្យ​ឈប់សម្រាកចាំ​ស្អែក​ចាំ​មក​ដាក់​ពាក្យបណ្ដឹង​ទេ ​ឱ្យតែ​ប្រជាពលរដ្ឋ​មកប្ដឹង​សមត្ថកិច្ច​និង​ទទួលភ្លាមៗ ហើយ​ដាក់​កម្លាំង​ឱ្យ​ចុះ​ស្រាវជ្រាវ​”៕S/​Ha