ដោយៈ​សាត​ចាន់​បុត្រ​/​ខេត្តមណ្ឌលគិរី​៖​ជន​ត្រូវ​ចោទ​ចំនួន​៣​រូប​ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន​ពីបទ​កាប់​គាស់​និង​រុករាន​ព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៦២ និង​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​

​សូម​រំលឹកថា​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​កម្លាំង​អភិរក្ស​បរិស្ថាន​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​សហការ​ជាមួយ​ក្រុមការងារ​លេខា​ធិ​ការដ្ឋាន​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​កែវ​សីមា​បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​សកម្មភាព​នៅ​ចំណុច​អូរ​ឬ​ស្សី​ស្ថិត​ក្នុងភូមិ​ពូ​គង់​ឃុំ​ស្រែ​ព្រះ​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​

​សមត្ថកិច្ច​បាន​ប្រទះឃើញ​ទីតាំង​កាប់​រុករាន​ថ្មី​និង​ចាស់​ដែលមាន​ទំហំ​សរុប​ប្រមាណ​១០​ហិកតា​ខណៈនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ភ្លាមៗ​យកទៅ​សាកសួរ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ជន​ត្រូវ​ចោទ​ដែល​កម្លាំង​អភិរក្ស​ចាប់​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​មាន​១​ឈ្មោះ គា កែម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​នាង​ន​យ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​, ។​

២.​ឈ្មោះ រី​ម សារី​ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ឡា​ប៉ា​ខេ​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី និង​៣.​ឈ្មោះ​ឃ​ន​ប៉ូ​ឡូ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​គីឡូម៉ែត្រ​១១៦​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នូល ខេត្តក្រចេះ​។​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ពីបទ​កាប់​រុករាន​ឆ្ការ​ដុត​ព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​៕S/​