អាគារកំពស់៥ជាន់មួយនៅក្រុងហ្សាការតា បានរលំបាក់មួយផ្នែកកាលពីថ្ងៃចន្ទទី៦មករា ឆ្នាំ២០២០ ដោយបណ្តាលអោយរបួសមនុស្សយ៉ាងតិច៨នាក់និងជាច្រើននាក់ទៀតជាប់ក្រោមគំនរបាក់បែក។
គេនៅមិនទាន់ដឹងថាតើមានមនុស្សស្លាប់ឬយ៉ាងណានៅក្នុងគ្រោះថ្នាក់បាក់ផ្ទះនេះ ឬក៏ថាតើវាមានជាប់ពាក់ព័ន្ធនឹងទឹកជំនន់កាលពីសប្តាហ៍មុន ដែលបណ្តាលអោយស្លាប់មនុស្សជាង៦០នាក់នោះដែរឬអត់។
រូបភាពក្នុងទូរទស្សន៍បានបង្ហាញតួអាគារពាក់កណ្តាល បានបាក់ដោយថ្មស៊ីម៉ង់ត៍និងគំទេចកំទីធា្លក់នៅលើផ្លូវ និងអ្នកជួយសង្គ្រោះបានសែងអ្នករងរបួស។
មន្ត្រីនៅទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា «យើងនៅកំពុងជម្លៀសជនរងគ្រោះជាប់ក្នុងអាគារ។យើងមិនទាន់អាចបញ្ជាក់មូលហេតុនៅឡើយទេ»។
អាគារនោះត្រូវបានគេរាយការណ៍ថា មានកន្លែងស្នាក់នៅនិងកន្លែងបើកហាងលក់គ្រឿងទេសនិងភេសជ្ជៈមួយនៅជាន់ក្រោម និងបន្ទប់ជួលនៅជាន់លើ។
សូមបញ្ជាក់ថា ស្តង់ដាសុវត្ថិភាពអន់និងការអនុវត្តច្បាប់ធូររលុង បានបង្កការព្រួយបារម្ភអំពីសុវត្ថិភាពសំណង់នៅឥណ្ឌូនេស៊ី។កាលពីឆ្នាំ២០១៨ មនុស្សមួយក្រុមបានស្លាប់ដោយការរលំបាក់អាគារនៅក្រុង ស៊ីរេបុននិងក្រោយមកក្នុងឆ្នាំដដែលមនុស្ស៧៥នាក់រងរបួសដោយបាក់ដំបូលផ្សារហ៊ុនមួយនៅក្រុងហ្សាការតា៕ប្រែសម្រួល៖វាសនា