ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ស័ក្តិ​៤​កន្លះ​ម្នាក់​ឈ្មោះ​ភិន​រតនៈ​ប៉ូលិស​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​រួច​បង្ហោះ​ជា​សាធារណៈ​និង​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​

​ជនសង្ស័យ​ភិន​រតនៈ​អាយុ​៣៧​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ​អ៊ុ​រិទ្ធី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ពពេល​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​ជនរងគ្រោះ អះអាងថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ ឈ្មោះ ភិន រតនៈ និង មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ៣​នាក់​ទៀត ជិះ​រថយន្ត​ម៉ាក អាល់​ហ្វា​ត និង បក្ខពួក​២​នាក់ ទៀត ជិះ​ម៉ូតូ​ណៃ​ហ​ត ទៅ​ឈប់​នៅមុខ​ផ្ទះ​របស់​ជនរងគ្រោះ ។​

​បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ​ភិន​រតនៈ​បាន​ដក​អាវុធខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ឡើងលើ​មួយ​គ្រាប់​និង​បញ្ជា​ឱ្យ​កូនចៅ​ទៅយក​លុយ​ពី​ជនរងគ្រោះ​ចំនួន​៣.២០០​ដុល្លារ​,​លុយ​ខ្មែរ​ចំនួន​២៨​ម៉ឺន​រៀល​និង​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​ចំនួន​១​គ្រឿង​។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​ក្រុម​ជនសង្ស័យ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោងក្រោម​ភ្លាមៗ​ទើប​ឈានដល់​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។​

​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ឃ្លី​ប របស់​ជនសង្ស័យ​ឈ្មោះ ភិន រតនៈ ប្រើប្រាស់​គ្រឿងញៀន តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ផងដែរ ៕S/​