ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា មេដឹកនាំដែលត្រឹមត្រូវ និងមានទឹកចិត្ត គឺជាកត្តាកំណត់នាំឱ្យមានលំនឹងស្ថិរភាពសង្គមនិងការអភិវឌ្ឍ។
ប្រជាពលរដ្ឋខ្មែរទាំងអស់អាចរួបរួមសាមគ្គីគ្នាក្រោមស្មារតីតែមួយថែរក្សាសេចក្តីសុខនិងការរីកចម្រើនរបស់ប្រទេសជាតិយើង។ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីសម្ពោធពុទ្ធរូបព្រះអង្គធំនិងសមិទ្ធិផលនានា ក្នុងវត្តនិគ្រោធារាម នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ពេលខ្លះយើងអាចមើលមិនឃើញ ឬចាប់អារម្មណ៍ និងឱ្យតម្លៃតិចបំផុតចំពោះអ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតយើង ដូចជាសន្តិភាពជាដើម។ សន្តិភាព ជារបស់មនុស្សជាតិទាំងអស់គ្នា យើងអាចរស់បានដោយសារសន្តិភាព ហើយវាមានតម្លៃណាស់ នៅពេលដែលវាបាត់បង់។
ប៉ុន្តែយ៉ាងណាក៏ដោយឆ្លងតាមសភាពការណ៍ជាក់ស្តែងកន្លងមកក៏បានបង្ហាញដែរថាប្រជាពលរដ្ឋខ្មែរភាគច្រើនបានយល់ច្បាស់និងឱ្យតម្លៃលើសេចក្តីសុខនិងសន្តិភាពរបស់ប្រទេសជាតិគឺសន្តិភាពដែលសម្រេចបានដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនិងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
សន្តិភាពនេះគឺជាសមិទ្ធិផលរួមប្រកបដោមោទនភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាហើយមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា។សូមអរគុណសន្តិភាពដែលកំពុងមាននេះ,សូមអរគុណដល់អ្នកជួយរកសន្តិភាពនិងសូមចូលរួមទាំងអស់គ្នាថែរក្សាការពារឱ្យខានតែបាន។
លោកបានបញ្ជាក់ថា បញ្ហាប្រឈម និងការខ្វះខាតក៏នឹងបន្តកើតមានជាដរាប ប៉ុន្តែអ្វីដែលសំខាន់ គឺការមានទឹកចិត្ត និងការយកចិត្តទុកដាក់ចូលរួមជួយចែករំលែក និងដោះស្រាយបញ្ហាទាំងអស់គ្នា ។ដើម្បីបង្កលក្ខណៈឱ្យយើងមានឱកាសនិងលទ្ធភាពបន្តកសាងនិងអភិវឌ្ឍទៅមុខទៀតដោយអ្វីៗគ្រប់យ៉ាងគឺធ្វើដើម្បីប្រជាពលរដ្ឋ។
នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រីដែលចង់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសុភមង្គលសប្បាយរីករាយនិងទទួលបានការបម្រើសេវាសាធារណៈល្អប្រសើរលើគ្រប់វិស័យ៕S/