ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​និង​រងរបួស​នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅក្នុង​ខេត្ត​កែប​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​កន្លងទៅ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ដែនដី​កងកម្លាំងប្រដាប់អាវុធ​សហគ្រាស​ឯកជន​សប្បុរ​សជន​ប្អូនៗ​យុវជន​និង​បងប្អូន​ជនរួមជាតិ​ដែល​បាន​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ខិតខំ​ជួយសង្គ្រោះ​និង​ចូលរួម​ឧបត្ថម្ភ​។​

ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​និង​ជីវភាព​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ដែល​ស្តែង​ឱ្យឃើញ​អំពី​ស្មារតី​រឹងមាំ​និង​សាមគ្គីភាព​ជាតិ​។​ជាពិសេស​ការយកចិត្ត​ទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះ​ដឹកនាំ​ប្រតិបត្តិ​ការសង្គ្រោះ​ដោយផ្ទាល់ រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ​។​

​ប្រតិបត្តិការ​នៃ​ការរុករក​ជនរងគ្រោះ​នៅក្រោម​គំនរ​បាក់បែក​នៃ​អគារ​រលំ​ក្នុង​ខេត្ត​កែប​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​ម៉ោង​១១:៣៥​នាទី​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០​។​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​ក្រុមការងារ​បាន​ជួយសង្គ្រោះ​យកចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​រលំ មាន​ចំនួន ៥៩​នាក់ (​ស្រី ២២​នាក់​) ។​ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន ៣៦​នាក់ (​ស្រី ១៤​នាក់​)​។​

​ក្នុងចំណោម​ជនរងគ្រោះ មាន​ក្មេង​ចំនួន ៦​នាក់ (​ក្មេងស្រី ២​នាក់​) និង​រងរបួស​ចំនួន ២៣​នាក់ (​ស្រី ៨​នាក់​)​។​ចំពោះ​ជនរងគ្រោះ​បាត់​បង់ជីវិត​ត្រូវបាន​ក្រុមគ្រួសារ​មក​បំព​ញ​ឯកសារ​ដើម្បី​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​