វៀតណាម​ខួង​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង​

1102
ចែករម្លែក

យោងតាម​ប្រភពព័ត៌មាន​ប៊ី​ប៊ី​ស៊ី​កាលពី​ថ្ងៃទី ៥ កក្កដា​បានឱ្យដឹងថា ប្រទេស​វៀតណាម​បានចាប់ផ្ដើម​ខួង​យក​ប្រេង​នៅ​តំបន់​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដ៏​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ដែល​ចិន​អះអាងថា​ជា​របស់ខ្លួន​ដែរនោះ​។​

អ្នកពិគ្រោះ​យោបល់​ឧស្សាហកម្ម​ប្រេង​មួយរូប​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា នាវា​ខួង​ប្រេង ដែល​ជាប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ Talisman-Vietnam កំពុងធ្វើការ​នៅ​សមុទ្រ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​។​

កត្តា​នេះ​ហាក់​បង្ហាញ​ពី​មូលហេតុ ដែល​មន្ត្រី​ចិន​ជាន់ខ្ពស់​ម្នាក់​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម​កាលពី​ខែ​មុន​។​

ប្រទេស​ចិន​អះអាង​សឹង​សមុទ្រ​ចិន​ខាងត្បូង​ទាំងអស់​ថា​ជា​របស់ខ្លួន ដោយ​រួមបញ្ចូល​ថ្ម​ប៉ប្រះ​ទឹក​និង​កោះ​ដែល​ត្រូវបាន​ជំទាស់​ដោយ​ប្រជាជាតិ​ដទៃទៀត​។​

​យោងតាម​លោក អៀន ក្រោះ (Ian Cross) ដែលជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Moyes & Co មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​បានឱ្យដឹងថា នាវា​ខួង​ប្រេង Deepsea Metro I បានចាប់ផ្ដើម​ខួង​នៅ​តំបន់​ចម្ងាយ​ពី​ឆ្នេរ​វៀតណាម​ប្រមាណ ៤០០ គីឡូម៉ែត្រ​។

​មើលទៅ​ហាក់ដូចជា​ដំណឹង​នេះ​ត្រូវបាន​រក្សា​ជាការ​សម្ងាត់​ដោយសារ​វា​មាន​លក្ខណៈ​រសើប​ខ្លាំង​។​

ប្រភព​ឧស្សាហកម្ម​ប្រេង​ផ្សេងទៀត​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា ក្រុមហ៊ុន Talisman-Vietnam ត្រូវបាន​ច្រានចោល​សំណើ​ខួង​ប្រេង​នាបី​ឆ្នាំ​ចុងក្រោយ​ដើម្បី​បញ្ចៀស​ការខកចិត្ត​រប​ស់​ចិន​។​

ដោយ​ចាត់​ចំណាត់ការ​គ្មាន​ភ័យខ្លាច​ពី​គ្រោះថ្នាក់ ក្រុម​ថ្នាក់ដឹកនាំ​នៅ​ក្រុង​ហាណូយ​ឥឡូវ​ហាក់​លែង​ព្រួយបារម្ភ​អំពី​ហានិភ័យ​ហើយ​នាពេលនេះ​។​

វៀតណាម​អាច​វិនិច្ឆ័យ​ថា ជាមួយ​ចិន​ថ្មីៗ​នេះ​កំពុង​ជំរុញ​ផ្សព្វផ្សាយ​នូវ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​និង​ផ្លូវ​” ទៅក្នុង​តំបន់ និង ជំរុញ​ទឹកចិត្ត​ប្រទេស​ជាច្រើន​ដើម្បី​យល់ព្រម​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ស្របពេល​ជាមួយគ្នា​ដែល​ចិន​កំពុង​ត្រៀមខ្លួន​សម្រាប់​សមាជ​ប​ក្ស​កុម្មុយនីស្ត​ដ៏​សំខាន់​របស់ខ្លួន នោះ​ចិន​ទំនង​នឹង​មិនមាន​ចេតនា​បង្ក​វិបត្តិ​ក្នុង​តំបន់​ឡើយ​។

ពុំទាន់​មាន​សញ្ញា​ណាមួយ​នៃ​ការសង​សឹក​ពី​ចិន​ទេ​មកទល់​ឥឡូវ ប៉ុន្តែ​យើង​ឃើញ​មានការ​ឆ្លើយតប​ស្រដៀង​គ្នា​ទៅវិញទៅមក​ដែរ ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រគល់​សិទ្ធិ​ធ្វើ​ប្រតិបត្តិការ​ខួង​ប្រេង​ក្នុង​តំបន់​មួយ ដែល​វៀតណាម​អះអាង​កាន់កាប់​ផងដែរ​។ ប៉ុន្តែ​នេះ​នឹងត្រូវ​ចំណាយពេល​យូរ​បន្តិច​ដើម្បី​រៀបចំ​ខួង​ប្រេង​៕ ​ដោយ ៖កញ្ញាដាលីស

វៀតណាម និង​ចិន​អះអាង​កាន់កាប់​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដូចគ្នា

ទីតាំងផ្សាយពាណិជ្ជកម្ម