ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើដ៏ទទូចដល់គណ:បញ្ជាការឯកភាពគ្រប់ស្រុកក្រុងទាំង ១០ របស់ខេត្តនេះ រួមទាំងប្រជាពលរដ្ឋទាំងអស់សហការផ្តល់ព័ត៌មាន លុបបំបាត់បទល្មើស។ ដើម្បីឲ្យភូមិឃុំក្លាយជាភូមិឃុំមានសុវត្ថិភាពពោល គឺដើម្បីប្រែក្លាយជាភូមិឃុំដែលជាប់ចំណាត់ថ្នាក់ជាភូមិឃុំជ័យលាភី ជារៀងរាល់ឆ្នាំ សម្រាប់ការប្រកួតប្រជែងរបស់ក្រសួងមហាផ្ទៃ។
លោកអភិបាលខេត្តកំពង់ចាមបានស្នើយ៉ាងដូច្នេះ នៅចំពោះមុខវត្តមានលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តមួយកន្លែងស្ថិតក្នុងឃុំពាមជីកង ស្រុកកងមាស នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២០។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅលោកធ្លាប់បានទទួលព័ត៌មានក្រុមអ្នកលេងល្បែងមាន់ជល់ និងអាប៉ោងស្កាត់មកពីភ្នំពេញ និងតាមបណ្តាខេត្តដទៃ គឺមានការចាក់ភ្នាល់ក្នុងមួយគូមាន់ជល់តម្លៃពី ១៨លាន ទៅ ២០លាន រៀល នៅតំបន់វាលស្រែប្រាំងជាប់ខេត្តកណ្តាល ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស។
លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថា កាលនោះដោយសារផ្លូវទៅកាន់កន្លែងប្រព្រឹត្តបទល្មើសត្រូវឆ្លងទឹកបណ្តាលឲ្យ ក្រុមមនុស្សជាអ្នកលេងល្បែងស៊ីសងបានរត់គេចខ្លួនមុនកម្លាំងសមត្ថកិច្ចទៅដល់។ ប៉ុន្តែដល់គណ:បញ្ជាការឯកភាពស្រុកក្រុងទាំងអស់របស់ខេត្តកំពង់ចាម រៀបចំបង្កើតក្រុមការងារដែលអាចគ្រប់គ្រងការងារនេះឲ្យមានប្រសិទ្ធិភាព។ ដោយមិនត្រូវឲ្យគេយកទីតាំងភូមិឃុំរបស់យើង ជាកន្លែងប្រព្រឹត្តបទល្មើសដោយរលូននោះទៀតទេ។
លោកបានបន្ថែមថា ដើម្បីឆ្លងតបបញ្ហានេះ យើងបើកទូលាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យើងចូលរួមផ្តល់ព័ត៌មានទាំងគ្នា ទើបយើងទប់ស្កាត់ និងលុបបំបាត់នូវភាពអសកម្ម គឺប្រែក្លាយជាភូមិឃុំរបស់យើង ជាភូមិឃុំមានសុវត្ថិភាព។ ជាភូមិឃុំទទួលបាននូវជ័យលាភីសម្រាប់ការប្រកួតប្រជែងជារាល់ឆ្នាំដែលក្រសួងមហាផ្ទៃបានរៀបចំនោះ។
លោកបានបន្តថា ជាពិសេសសូមកុំឲ្យភូមិឃុំរបស់យើងស្ថិតក្នុងតារាងចំណាត់ថ្នាក់ជាភូមិឃុំពណ៌ខ្មៅរបស់ក្រសួងមហាផ្ទៃឲ្យសោះពោល គឺជាភូមិឃុំស្ថិតក្នុងតារាងពណ៌សជា ភូមិគ្មានបទល្មើសគ្រឿងញៀន គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានល្បែងស៊ីសង គ្មានទំនើង និងគ្មានអំពើហិង្សាក្នុងគ្រួសារ។ សំខាន់បំផុត ទាមទារជាចាំបាច់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់តែម្តង គឺដើម្បីកសាងភាពជោគជ័យ និងគ្រឹះសន្តិភាពឲ្យកាន់តែរឹងមាំ៕B/