វ៉ៃកូ/ស្វាយរៀង៖ក្មេងស្រីវ័យ៦ឆ្នាំជាសិស្សពូកែម្នាក់ត្រូវបានសត្វឱម៉ាល់រោមទិចជាច្រើនមេបណ្តាលឱ្យស្លាប់ខណៈឳពុកម្តាយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីជួយសង្គ្រោះ។តែគ្រូពេទ្យអស់លទ្ធភាពក្នុងការសង្គ្រោះដោយសារជាតិពិសរាលដាល់ពេញខ្លួន។
ក៏ប៉ុន្តែក្រុមគ្រួសារចោទថាមកពីការធ្វេសប្រហែសរបស់គ្រូពេទ្យនិងគ្មានវេជ្ជបណ្ឌិតប្រចាំការពេលយប់។ ករណីឳម៉ាល់ទិចស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី៤ខែមករាឆ្នាំ២០២០ស្ថិតក្នុងភូមិថ្មីឃុំសំបួរស្រុកស្វាយទាបខេត្តស្វាយរៀង។
បើតាមឈ្មោះវាសនា ត្រូវជាអុំបង្កើតរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថាក្មេងស្រីរងគ្រោះឈ្មោះរៀម លីណាអាយុជាង៦ឆ្នាំរៀនថ្នាក់ទី២ជាសិស្សពូកែប្រចាំថ្នាក់។នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ទៅទិញនំក្នុងភូមិកើតហេតុ។នៅពេលដល់តូបលក់ចាប់ហ៊ួយក៏ឈប់កង់ក្បែសំបុកឪម៉ាល់ស្រាប់តែហ្វូងសត្វឪម៉ាល់ផ្អើលមកទិចទៅលើក្មេងស្រីជាច្រើនមេសុសពេញខ្លួននិងក្បាលជាច្រើនទ្រនិចបណ្តាលឲ្យដួលទៅលើដីសន្លប់តែម្តង។
ភ្លាមៗនោះក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ដោយគ្រូពេទ្យអស់លទ្ធភាពនិងពុំមានលោកវេជ្ជបណ្ឌិតប្រចាំការពេលយប់ដើម្បីសង្គ្រោះព្យាបាលបានឳពុកម្តាយបានសុំគ្រូពេទ្យឱ្យបញ្ជូនកូនបន្តទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ក៏ប៉ុន្តែក្រុមគ្រូពេទ្យប្រាប់ថាទុកសិនគ្រូពេទ្យកំពុងតាមដានរហូតដល់ម៉ោង១និង០០នាទីរំលងអាធាត្រឈានចូលថ្ងៃទី៥មករា២០២០ក្មេងស្រីមានអាការៈធ្ងន់ធ្ងរក្តៅខ្លាំង។
ក្រុមគ្រូពេទ្យប្រាប់ថាមិនអីទេវាគ្រាន់តែហើមតែមួយយប់គឺវាស្រកនិងធូស្រាលហើយ។លុះវេលាម៉ោង៣និង០០នាទីទាបភ្លឺក្មេងរងគ្រោះមានអាការៈក្តៅខ្លាំងឳពុកម្តាយបានទៅតាមរកគ្រូពេទ្យដើម្បីសុំបញ្ជូនទៅពេទ្យខេត្តដើម្បីសង្គ្រោះ។ប៉ុន្តែទម្រាំរកគ្រូពេទ្យឃើញគឺអ្វីៗហួសពេលទៅហើយក្មេងស្រីបានដាច់ខ្យល់ស្លាប់តែម្តងនៅម៉ោង៣និង០០នាទីទាបភ្លឺ។
ប្រភពបានបន្តទៀតថាក្មេងស្រីរងគ្រោះមានឪពុកឈ្មោះរៀមណារិនអាយុ៣៥ឆ្នាំនិងម្តាយឈ្មោះសឹមស្រីណាក់អាយុ២៧ឆ្នាំមុខរបរជាកម្មកររោងចក្រមានកូនពីនាក់នៅគ្រួសារហើយក្មេងស្រីរងគ្រោះជាកូនបង។
ប្រភពពីសាច់ញាត្តិក្មេងស្រីរងគ្រោះបានបង្ហើបឱ្យដឹងថាគ្រូពេទ្យបង្អែកស្រុកស្វាយទាបពុំសូវយកចិត្តទុកដាក់ក្នុងការព្យាបាលដោយទុកក្មេងស្រីរងគ្រោះទាល់តែធ្ងន់ធ្ងរមិនបញ្ជូនមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះទេ។បើបញ្ជូនបន្តក្មេងរងគ្រោះទៅមន្ទីរពេទ្យខេត្តស្វាយរៀងបានទាន់ពេលនោះក្មេងគ្រោះប្រហែលជាមិនស្លាប់នោះទេ៕S/