ចិន កាលពីថ្ងៃអាទិត្យថ្ងៃទី៥ខែមករាបាននិយាយថា ការផ្ទុះជំងឺរលាកសួតដ៏អាថ៌កំបាំងដែលបានធ្វើឱ្យប៉ះពាល់ដល់មនុស្ស៥៩នាក់ គឺមិនមែនជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ(ជំងឺSars )ដែលបានសម្លាប់មនុស្សរាប់រយនាក់កាលពីជាងមួយទសវត្សរ៍កន្លងទៅនោះទេ។
ការឆ្លងជំងឺនេះត្រូវបានរាយការណ៍ជាលើកដំបូងកាលពីសប្តាហ៍មុននៅទីក្រុងវូហានប្រទេសចិន ដែលនាំឱ្យមានការភ័យខ្លាចនិងមានការរំពឹងអំពីការកើតឡើងវិញនៃវីរុសជំងឺSars ដែលអាចបង្កការឆ្លងរាលដាលខ្លាំង។
គណៈកម្មការសុខភាពនៃក្រុងវូហាន បាននិយាយថា”យើងបានច្រានចោលនូវការលើកឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមថា វាជាជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ(Sars)ឬជារោគសញ្ញាផ្លូវដង្ហើម(ជំងឺMers)ដែលកើតនៅមជ្ឈិមបូព៌ា”។
កាលពីថ្ងៃពុធប៉ូលិសក្រុងវូហាន បាននិយាយថាពួកគេបានដាក់ទោសមនុស្ស៨ នាក់ពីបទផ្សព្វផ្សាយឬបញ្ជូនព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ីនធឺណែត។ គណៈកម្មការសុខាភិបាលនេះ បាននិយាយថា អ្នកជំងឺ៧នាក់ក្នុងចំណោម៥៩ នាក់មានជំងឺធ្ងន់ធ្ងរ ប៉ុន្តែគ្មាននរណាម្នាក់បានស្លាប់ទេ។ អ្នកទាំងអស់នោះកំពុងត្រូវបានព្យាបាលនៅដាច់ដោយឡែកពីគ្នា។
ការផ្ទុះជំងឺរលាកសួតនេះ បានកើតឡើងរវាងថ្ងៃទី១២និង២៩ខែធ្នូ នៅទីក្រុងវូហានហើយរហូតមកដល់ពេលនេះ មិនបានភស្តុតាងអំពីការឆ្លងជំងឺនេះ ពីមនុស្សទៅមនុស្សនោះទេ៕ប្រែសម្រួល៖សុខា/sn
មន្ត្រីសុខាភិបាល ប្រើប្រាស់ឧបករណ៍វាស់កំដៅដើម្បីពិនិត្យមើលអ្នកដំណើរដែលមកដល់អាកាសយានដ្ឋានក្រុងហុងកុងក្រោយលេចឮព័ត៌មានអំពីការកើតជម្ងឺផ្លូវដង្ហើមដ៏អាថ៌កំបាំងនៅចិន