ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ ថ្មធម្មជាតិ ដែលមានសណ្ឋានជ្រុងៗ មាននៅក្នុងទឹកដីនៃស្រុកពេជ្រាដា ត្រួវបានសកម្មជនព្រៃឈើខេត្តមណ្ឌលគិរី អះអាងថាមានការជួញដូរទៅក្រៅប្រទេស ស្របពេលដែលអជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញកំពុងបើកការសុើបអង្កេតក្នុងករណីខាងលើ។

លោក គ្រើង តុលា សកម្មជន ព្រៃឈើ នៅ ឃុំ ប៊ូស្រា ប្រាប់ ទៅអ្នកកាសែតកាលពី ថ្ងៃ៥មករាថា កាលពី ថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍ មុន លោក និង ពលរដ្ឋ មួយចំនួនទៀត បាន សហការ ជាមួយ ប៉ូលិស ប៉ុស្ដិ៍ ឃុំ ប៊ូស្រា ចំនួន ៣ នាក់ ចុះ ទៅ ដល់ ទីតាំង ចំណុច អូរស្រា ក្នុង ភូមិ ឡាំម៉េះ ស្រុក ពេជ្រាដា បន្ទាប់ពី អ្នកភូមិ រាយការណ៍ ថា ទីតាំង នោះ កំពុងមាន ទាហាន ខ្មែរ និង ជនជាតិ វៀតណាម ធ្វើ សកម្មភាព គាស់ កាយ យក សសរថ្ម ធម្មជាតិ ដើម្បី ដឹក ទៅ លក់ នៅ ប្រទេស វៀតណាម ។ សសរថ្ម ធម្មជាតិ នោះ មាន មុខកាត់ ចាប់ពី ៤០ ទៅ ៦០ សង់ទីម៉ែត្រ និង ប្រវែង ២ ទៅ ដល់ ៤ ម៉ែត្រ ។

លោក គ្រើងតុលា បន្តអះអាងថា នៅ ទីតាំង នោះមាន សសរថ្ម រាប់ពាន់ ដើម ដែល ពលរដ្ឋ ជឿជាក់ថា មាន អាយុ រាប់រយឆ្នាំ ដែល ស្ថិតនៅ ចម្ងាយ ពី ផ្ទះ របស់ ប្រជាពលរដ្ឋ ប្រហែល ១០ គីឡូម៉ែត្រ និង ពី ប្រទេស វៀតណាម ប្រហែល ៤០ គីឡូ ។ លោក បញ្ជាក់ថា ក្នុង សសរ ១ ដើម ត្រូវបាន គេ ថ្លឹង លក់ និង មាន តម្លៃ រាប់ពាន់ ដុល្លារ នៅពេល ដឹក ទៅ លក់ នៅ ប្រទេស វៀតណាម ដោយ យកទៅ ធ្វើជា របស់ លម្អ សម្រាប់ ដាក់តាំង នៅក្នុង ផ្ទះ ។

លោក គ្រើង តុលា ប្រាប់ ថា ៖ « គ្រាន់តែ បាន ដឹង ពី ប្រជាពលរដ្ឋ រាយការណ៍ ភ្លាម ខ្ញុំ បាន ខល ទៅ អភិបាលស្រុក ពេជ្រាដា ដើម្បី សុំ កម្លាំង ដោយសារ ក្រុម ហ្នឹង ដែលជា ទាហាន គឺមាន កាំភ្លើង អ៊ីចឹង ខ្ញុំ មិន ហ៊ាន ទៅជា មួយ សហគមន៍ ទេ ។ មាន ប៉ូលិស ប៉ុស្ដិ៍ ៣ នាក់ ទៅជា មួយ ពួកខ្ញុំ ប៉ុន្តែ ដោយសារ បែកការណ៍ មុន ពួក ហ្នឹង បាន រត់ ហើយ មកជួប យើង នៅតាម ផ្លូវ ដែល មាន ចម្ងាយ ពី ទីតាំង កើតហេតុ ប្រហែល ១ គីឡូ ។ យើង បាន ចុះទៅ ដល់ កន្លែងកើតហេតុ ផ្ទាល់ ហើយ មិនអាច ឃាត់ ពួកគេ បាន ទេ ដោយសារ យើង គ្មាន ភ័ស្ដុតាង ពីព្រោះ ជួប ( ពួក ) វា តាមផ្លូវ » ។

សកម្មជន ព្រៃឈើ រូបនេះ បន្តថា ទាហាន ចំនួន ៣ នាក់ ដែល សហការ ជាមួយ ជនជាតិ វៀតណាម ដើម្បី លួច យក សសរថ្ម ពី ខ្មែរ ទៅ លក់ នៅ ប្រទេស វៀតណាម គឺជា ទាហាន មកពី មូលដ្ឋាន កងទ័ព គ ១ ប្រចាំ នៅ ស្រុក ពេជ្រាដា ។ សសរថ្ម ទាំងនេះ គឺជា សម្បត្តិ របស់ ជាតិ ដែល មាន តម្លៃ ស្មើនឹង សម្បត្តិ ធនធានធម្មជាតិ ផ្សេងទៀត ដូចជា ព្រៃឈើ និង រ៉ែ ជាដើម ។

លោក ថ្លែងថា ៖ « ខ្ញុំ គិតថា អ្វី ដែល គួរ ធ្វើ គឺ រក្សា អ្វី ដែល ជា សម្បត្តិ ដូនតា និង សម្បត្តិ របស់ ជាតិ យើង គឺជា រឿង ត្រឹមត្រូវ ហើយ បើ យើង យក ទៅ លក់ ឱ្យគេ វា ក្លាយ ជា សម្បត្តិ របស់គេ ។ អ៊ីចឹង ខ្ញុំ មាន ការសោកស្ដាយ ហើយ ខ្ញុំ សំណូមពរ ឱ្យ អាជ្ញាធរ និង ថ្នាក់ដឹកនាំ កំពូលៗ ដែល មាន ប្រាក់ខែ ហើយ គួរ ស្ងប់ ហើយ ក្នុង នាម ជា កងទ័ព មាន កាតព្វកិច្ច ស្នេហា ជាតិ ត្រូវ ចេះ ស្រឡាញ់ ជាតិ » ។

លោក បញ្ជាក់ទៀតថា នៅពេល ក្រុម ពលរដ្ឋ និង ប៉ូលិស ចុះ ដល់ ទីតាំង នោះ សង្កេត ឃើញ ថ្ម មួយចំនួន ត្រូវ គាស់ ចេញពី ដី ប៉ុន្តែ មិនបាន ឃើញ មាន គ្រឿងចក្រ ត្រៀម ដឹក ចេញ នោះទេ ។

លោក លន់ គឹមហេង មេ ប៉ុស្ដិ៍ ឃុំ ប៊ូស្រា និយាយ ដែរ ថា ពិតជា មាន ជនជាតិ វៀតណាម ចូលមក គាស់ សសរថ្ម ទាំងនោះ ក្នុង មូលដ្ឋាន របស់លោក មែន ។ លោក បន្តថា សសរថ្ម ទាំងនោះ ត្រូវបាន គេ ដឹង តៗ គ្នា ថា បាន ដុះ ឡើង ដោយ ខ្លួនឯង នៅតាម ចង្កេះភ្នំ ប៉ុន្តែ មើល ទៅ ប្រៀបដូចជា ត្រូវបាន គេ លើក បន្តុប លើ គ្នា ដែល ហាក់ដូច ជា ទីតាំង របស់ ប្រាសាទ ដែរ ។

មេបញ្ជាការ មូលដ្ឋាន កងទ័ព គ ១ លោក គង់ ដាំ ថា មិន បានដឹង ទាហាន ឃុបឃិត ជាមួយ ជនជាតិ វៀតណាម លួច ថ្ម ពី ខ្មែរ ទៅ លក់ នៅ ប្រទេស វៀតណាម ឡើយ ។ លោក ថា ៖ « និយាយ រួម ខ្ញុំ មិនដែល ឮថា នៅ ស្រុក ពេជ្រាដា មាន ថ្ម ហ្នឹង ផង » ។

ករណីនេះលោកទេព បូរាណ ដែលជាប្រធានវរៈ២កាពារព្រំដែន បានអោយដឹងថា ករណីនេះលោកកំពុងសួរនាំទៅខាងទាហានលោកដែរតែគ្មានករណីឃបឃិតគ្នាធ្វើការគាស់លក់ដូរអីទេ។លោកបញ្ជាក់ទៀតថា សូមជួយធ្វើការសុើបអង្កេតអោយច្បាស់ផង ព្រោះនេះអាចជាការភ័ណ្ឌច្រឡំ។

នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀលោកវុធ សារុំ ថ្លែងថាថ្មប្រភេទនេះមានច្រើនដេរដដាស់ក្នុងដែនព្រៃលោកកាពារ ។ចំពោះករណីមានការគាស់យកទៅលក់ដូរលោកមិនហ៊ានអះអាងទេ ព្រោះទាំងអជ្ញាធរនិងជំនាញរបស់លោកកំពុងបើកការសុើបអង្កេតរឿងនេះហើយ លទ្ធផលយ៉ាងណាយើងនិងជម្រាបជូនតាមក្រោយ៕B/