ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែតបានបញ្ជាឱ្យកងទ័ពត្រៀមបញ្ជូនយន្តហោះ និងនាវារបស់ខ្លួនដោយរង់ចាំតែមានបញ្ជាដើម្បីជម្លៀសកម្មករហ្វីលីពីនរាប់ពាន់នាក់នៅប្រទេសអ៊ីរ៉ាក់និងអ៊ីរ៉ង់ ដោយមានការភ័យខ្លាចខ្លាំងឡើងអំពីការផ្ទុះអំពើហិង្សានៅមជ្ឈិមបូព៌ា។
ប្រទេសអាស៊ីមួយចំនួនទៀតដែលមានចំនួនកម្មករច្រើនធ្វើការនៅមជ្ឈិមបូព៌ា ក៏អាចនឹងការសម្រេចចិត្តស្រដៀងគ្នានេះផងដែរ ចំពេលភាពតានតឹងកើនឡើងរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់បន្ទាប់ពីការវាយប្រហារតាមអាកាសដោយអាម៉េរិកកាលពីសប្តាហ៍មុនបានសម្លាប់ ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់នៅទីក្រុងបាដាត។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថាខ្លួននឹងបង្កើនសន្តិសុខដល់ជនជាតិរបស់ខ្លួនប្រមាណជា១.៦០០ នាក់នៅប្រទេសអ៊ីរ៉ាក់ ដែលពួកគេភាគច្រើនធ្វើការនៅតាមការដ្ឋានសំណង់។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បាននិយាយថា ឥណ្ឌាមិនមានគម្រោងជម្លៀសពលរដ្ឋណាម្នាក់ចេញពីតំបន់ដែលងាយរងគ្រោះនោះនៅឡើយទេ។
បន្ទាប់ពីការវាយប្រហារតាមអាកាសនេះ អ៊ីរ៉ង់បានប្តេជ្ញាសងសឹកហើយ ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានព្រមានថា កងទ័ពអាម៉េរិកនឹងវាយបកវិញទៅលើគោលដៅអ៊ីរ៉ង់ចំនួន៥២គោលដៅ ប្រសិនបើជនជាតិអាមេរិកស្ថិតនៅក្រោមការវាយប្រហារ៕ ប្រែសម្រួល៖សុខា/sn
លោក រ៉ូឌ្រីហ្គោ ឌុយទែតធ្វើកិច្ចប្រជុំជាបន្ទាន់ជាមួយក្រុមមន្ត្រីយោធានិងប៉ូលិសជាន់ខ្ពស់កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីផែនការជម្លៀសនេះ