ដោយ​បូកគោ​/​កំ​ពតៈ​ចៅក្រម​សាលាដំបូង​ខេត្តកំពត​បានសម្រេច​ឃុំខ្លួន​ប្តី​ប្រពន្ធ​ជា​ម្ចាស់​សំណង់​អគារ​បាក់រ​លំនៅ​ខេត្ត​កែប​បណ្តោះអាសន្ន​ក្រោម​បទ​បង្ក​របួសស្នាម​និង​មនុស្សឃាត​ដោយ​អ​ចេតនា​ដើម្បី​ស៊ើបអង្កេត​បន្ត​។​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​បាន​ប្រាប់​ឱ្យដឹងថា​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់​គឺ​ប្តី​ឈ្មោះ​ឯក​សារុន និង​ប្រពន្ធ​ឈ្មោះ​ឈី​វ សុធី មាន​ទីលំនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ជា​ម្ចាស់​សំណង់​អគារ​បាក់រ​លំហើយ​នាំមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​តាម​នីតិវិធី​។ បន្ទាប់ពី​បំពេញ​សំណុំរឿង​រួចរាល់​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​រួច​ចៅក្រម​ក៏​សម្រេច​ឃុំខ្លួន​អ្នក​ទាំងពីរ​ជា​បណ្តោះអាសន្ន​ដើម្បី​ដំណើរការ​ស៊ើបអង្កេត​ប​ន្ត​ក្រោម​បទ​មនុស្សឃាត​ដោយ​អ​ចេតនា និង​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​។

​សូម​រំលឹកថា​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​មាន​ករណី​បាក់​រលំ​សំណង់​អគារ​កម្ពស់​ប្រាំពីរ​ជាន់​ដែល​កំពុង​សាងសង់​ស្ថិតក្នុង​ទឹកដី​ភូមិ​កែប​សង្កាត់​កែប​ក្រុងកែប​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​ចំនួន​៣៦​នាក់​បាត់​បង់ជីវិត​និង​២៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​។

​ជុំវិញ​ករណីនេះ​លោក​វ៉ៅ​សុខា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កែប​បាន​បញ្ជាក់ថា​ជំនាញ​ធ្លាប់​ហាមឃាត់​មិនឱ្យ​ដំណើរការ​សាងសង់​ចំនួន​ពីរលើក​រួចមកហើយ​បន្ទាប់ពី​រកឃើញថា​បេតុង​នៃ​សំណង់​នោះ​មាន​កម្រិត​គុណភាព​អន់​។

អគារសំណង់កម្ពស់៧ជាន់កាលមិនទាន់បាក់ដួលរលំ

​ប៉ុន្តែ​ម្ចាស់​ព្យាយាម​បន្ត​ជួល​កម្មករ​និង​លួច​ធ្វើ​រហូត​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​តែម្តង​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ជាមួយនឹង​ករណីនេះ​មន្ទីរជំនាញ​បានដាក់​បណ្តឹង​ហើយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​បាន​ចាត់វិធានការ​ដោយ​តម្រូវឱ្យ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ជា​ម្ចាស់​សំណង់​តាំងពី​ក្រោយ​កើតហេតុ​ភ្លាមៗ​៕S/​