ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុក ខាន់ Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេសនារសៀលថ្ងៃទី៦ ខែ មករា ២០២០ នៅវិមានសន្តិភាពទីស្តីការ នាយករដ្ឋមន្ត្រី ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងថាក្នុងជំនួបនេះលោក មហាម៉ាត់ ហ្វារុកខាន់ បានគោរពពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខនិងជូនពរ សព្វសាធុការពរជូនសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនិងជម្រាបជូនសម្តេចតេជោថាលោកបានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនឹងសមភាគី សភាកម្ពុជាហើយក្នុងកិច្ចពិភាក្សាគ្នានេះក៏បានជំរុញនិងពង្រឹងទំនាក់ទំនងរវាងសភានិងសភាពីបងដែរ ។ លោកគោរពជម្រាបជូនសម្ដេចតេជោដែរថានៅឆ្នាំ ២០២០ នេះកម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបហើយលោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលនោះដើម្បីចូលរួមនៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក មហាម៉ាត់ចំពោះការនាំមកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខនិងជូនពរសព្វសាធុការពរពីលោកស្រី នាយករដ្ឋមន្ត្រី។សម្ដេចបានសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរហើយជាពិសេសការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសបង់ក្លាដេស ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថាយើងគប្បីណាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរបស់ប្រទេស ទាំងពីរដើម្បីធ្វើយ៉ាងណាឲ្យមានការយល់ដឹងគ្នាកាន់តែខ្លាំងឡើងខ្ពស់និងទំនាក់ទំនងកាន់តែខ្លាំងឡើងក្នុងន័យស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងរួមទាំងកិច្ច សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចវិនិយោគនិងពាណិជ្ជកម្មផង។
សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកសម្ដេចបានស្វែងយល់អំពីតម្រូវរបស់ប្រទេសបង់ក្លាដេសដែលមានបំណងស្វែងរកទិញអង្ករពីកម្ពុជាក្នុងនេះ។សម្ដេចបានមានប្រសាសន៍ថាគប្បីរកវិធីសាស្ត្រដើម្បីអាចទិញអង្ករពីកម្ពុជាបាននូវតម្លៃដ៏សមស្របមួយនោះគឺតាមវិធីដែលប្រជាជនឬក៏អ្នកវិនិយោគបង់ក្លាដែស អាចមកវិនិយោគ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និង ប្រមូលទិញស្រូវពីប្រជាជនផ្ទាល់តែម្ដង ដើម្បីធ្វើការកិននាំចេញទៅប្រទេស បង់ក្លាដែសដែលក្នុងន័យនេះ តម្លៃអង្កររបស់កម្ពុជានឹងអាចមានតម្លៃប្រកួតប្រជែងជាមួយប្រទេសដទៃទៀតផង ៕