ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ​កម្ពស់​៦​ជាន់ នៅ​ខេត្ត​កែប​។​

​សូមជម្រាបថា ប្រតិបត្តិការ​នៃ​ការរុករក​ជនរងគ្រោះ​នៅក្រោម​គំនរ​បាក់បែក​នៃ​អគារ​រលំ​ក្នុង​ខេត្ត​កែប បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​ម៉ោង​១១:៣៥​នាទី​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០​។​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​ក្រុមការងារ​បាន​ជួយសង្គ្រោះ​យកចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​រលំ មាន​ចំនួន ៥៩​នាក់ (​ស្រី ២២​នាក់​) ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន ៣៦​នាក់ (​ស្រី ១៤​នាក់​)​។​

​ក្នុងចំណោម​ជនរងគ្រោះ មាន​ក្មេង​ចំនួន ៦​នាក់ (​ក្មេងស្រី ២​នាក់​) និង​រងរបួស​ចំនួន ២៣​នាក់ (​ស្រី ៨​នាក់​)​។​ចំពោះ​ជនរងគ្រោះ​បាត់​បង់ជីវិត​ត្រូវបាន​ក្រុមគ្រួសារ​មក​បំព​ញ​ឯកសារ​ដើម្បី​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​