ដោយ​បូកគោ​/​កំពត​៖​ជនរងគ្រោះ​ពីរ​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ដោយសារ​ការបាក់រ​លំអ​គារ​សំណង់​នៅ​ក្រុងកែប​បានទទួល​អំណោយ​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​ផ្នែក​សំខាន់​ក្នុងការ​សម្រាល​ក្តី​ទុក្ខលំបាក​សម្រាប់​ក្រុមគ្រួសារ​។​

​ក្នុងឱកាស​ប្រគល់​ថវិកា​ពីរម៉ឺន​ដុល្លារ​ដល់​ជនរងគ្រោះ​ទាំងពីរ​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ក្នុងនាម​តំណាងឱ្យ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ថ្ងៃនេះ​លោក​ពិត​ជាមាន​កិត្តិយស​ដោយបាន​នាំយក​ថវិកា​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ប្រគល់ជូន​ជនរងគ្រោះ​ឈ្មោះ​លី​ប៊ុន​ណា​រិ​ទ្ធ​និង​ឈ្មោះ​ឡៃ​ស៊ីនួន​។​

​ថ្វី​ដ្បិត​ម្នាក់​ក្នុងចំណោម​នេះ​មាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ​តែ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យប្រញាប់​យក​ថវិកា​មក​ប្រគល់ជូន​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ដើម្បី​ឆាប់​បាន​ប្រើប្រាស់​តាម​តម្រូវការ​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ទីណា​មានទុក្ខ​លំបាក សម្តេច​ទាំងពីរ​តែងតែ​យកចិត្តទុកដាក់ ហើយ​នៅ​ជាមួយ​ប្រជាពលរដ្ឋ និង​ជួយ​ដល់​បងប្អូន​ជានិច្ច​។ ជាក់ស្តែង​ក្នុង​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​នៅ​ខេត្ត​កែប​នេះ​សម្តេច​តេ​ជោ​មាន​វត្តមាន​តាំងពី​ថ្ងៃ​ដំបូង​រហូតដល់​បញ្ចប់​ប្រតិបត្តិការ​នៃ​ការស្វែងរក​ជនរងគ្រោះ​មួយរយ​ភាគរយ​។

​លោក​ជាវ​តា​យ​បានបញ្ជាក់​ទៀតថា​ពាក់ព័ន្ធ​នឹង​សោកនាដកម្ម​នោះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់ឱ្យ​ជនរងគ្រោះ​ក្នុង​ម្នាក់​មួយ​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​សម្រាល​ក្តី​លំបាក​។​ចំណែក​ក្រុមគ្រួសារ​អ្នក​បាត់​បង់ជីវិត​សម្រាប់​សព​មួយ​សម្តេច​ប្រគល់ជូន​ដល់​សាច់ញាតិ​ប្រាំ​ម៉ឺន​ដុល្លារ​និង​១០​លាន​រៀល​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​ក្នុងករណី​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា​នៅមាន​សល់ សម្តេច​នឹង​បន្ត​គិតគូរ​ចំពោះ​ក្រុមគ្រួសារ អនក​បាត់បង់​ជីវិត​បន្តទៀត​។​

​សូម​រំលឹកថា​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​មាន​ករណី​បាក់​រលំ​សំណង់​អគារ​កម្ពស់​ប្រាំពីរ​ជាន់​ដែល​កំពុង​សាងសង់​មួយ​ស្ថិតក្នុង​ទឹកដី​ភូមិ​កែប សង្កាត់​កែប ក្រុងកែប បណ្តាលឱ្យ​សង្កត់​កម្មករ​រាប់សិប​នាក់​។​ដោយ​ប្រើ​រយៈពេល​ជាង​៤០​ម៉ោង​ជនរងគ្រោះ​ត្រូវបាន​រកឃើញ និង​នាំ​ចេញពី​គំនរ​បាក់បែក​ជា​បន្តបន្ទាប់​មាន​៥៩​នាក់​ដែល​បានមកពី​១១​ខេត្ត​ផ្សេងៗ​គ្នា​។

ក្រៅពី​អ្នក​បាត់បង់​ជីវិត​៣៦​នាក់​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​២៣​នាក់​បាននិងកំពុង​ទ​ទួល​ការព្យាបាល​ដោយ​១៩​នាក់​ស្ថិតក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប​ពីរ​នាក់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​និង​ពីរ​នាក់​ទៀត​បាន​ប​ញ​ញ​ជូនទៅ​រាជធានី​ភ្នំពេញ​៕S/​