ដោយ៖ឆាយានា/ភ្នំពេញ៖អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ថ្លែងប្រាប់នៅល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០២០នេះថាលោករៀលសុភិនជាព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់ប៉ូលិសនៃមន្ទីរប្រឆាំងគ្រឿងញៀនជាផ្លូវការហើយចំនួន២បទល្មើសគឺបទលួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។
លោកគុជគឹមឡុងបន្តថាបច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការរបស់ចៅក្រមស៊ើបសួរ។ជនសង្ស័យភិនរតនៈអាយុ៣៧ឆ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះអ៊ុរិទ្ធីភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិព្រៃពពេលសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ អះអាងថា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ឈ្មោះ ភិន រតនៈ និង មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀត ជិះរថយន្តម៉ាក អាល់ហ្វាត និង បក្ខពួក២នាក់ ទៀតជិះម៉ូតូណៃហតទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ។បន្ទាប់មកជនសង្ស័យឈ្មោះភិនរតនៈបានដកអាវុធខ្លីមិនស្គាល់ម៉ាកបាញ់ឡើងលើមួយគ្រាប់និងបញ្ជាឱ្យកូនចៅទៅយកលុយពីជនរងគ្រោះចំនួន ៣.២០០ដុល្លារ លុយខ្មែរចំនួន ២៨ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន១គ្រឿង ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមភ្លាមៗទើបឈានដល់មានការឃាត់ខ្លួនជនសង្ស័យតែម្តង។កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីប របស់ជនសង្ស័យឈ្មោះ ភិន រតនៈ ប្រើប្រាស់គ្រឿងញៀន តាមបណ្តាញសង្គម ហ្វេសប៊ុក ផងដែរ ៕S/