​ដោយ​សុផល​/​ភ្នំពេញៈ​នា​រសៀល​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​នៅ​វិមាន​ព្រឹទ្ធសភា​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួប​សវនាការ​ជាមួយនឹង​ឯកឧត្តម Muhammad Faruk Khan ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​កិច្ចការបរទេស​នៃ​រដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា​។​

​ក្នុងនាម​ព្រឹទ្ធសភា​និង​ក្នុងនាម​សម្តេច​ផ្ទាល់​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម និង​គណៈប្រតិភូ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ដំណើរ​ទស្សនកិច្ច នាពេលនេះ ពិតជា​រួមចំណែក​ដល់​ការពង្រឹង ពង្រីក​នូវ​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ដ៏​ល្អ​រវាង​ប្រជាជន​រដ្ឋាភិបាល​និង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​MuhammadFarukKhan​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ទទួល​ជួប​គណៈប្រតិភូ​នាឱកាស​នេះ​។

​ឯកឧត្តម​បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា​និង​ប្រទេស​បង់​ក្លា​ដេ​សមាន​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​តាំងពីរ​យូរលង់​ណាស់​មកហើយ​តាមរយៈ​ទំនាក់ទំនង​នេះ​ប្រទេស​ទាំងពីរ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នៃ​ថា្នក់​ដឹកនាំ​ជាន់ខ្ពស់​។​ដូចជា​លោកជំទាវ​ប្រធានរដ្ឋសភា​ដំណើរ​ទស្សនកិច្ច​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​និង​ថ្នាក់ដឹកនាំ​ការងារ​បច្ចេកទេសរ​វា​ង​ក្រសួង​ជំនាញ​ផងដែរ​។

​ឯកឧត្តម​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​ប្រទេស​កម្ពុ​ជាមាន​ថ្នាក់ដឹកនាំ​ដ៏​ល្អ​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ខ្លាំង​លើ​គ្រប់​វិស័យ​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុ​ជាមាន​កំណើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ពីរ​ទស្សវត្ស​កន្លងមកនេះ​។​ឯកឧត្តម​បាន​ជម្រាប​អំពី​គោលបំណង​របស់​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ

​គឺ​៖ ទី​១-​ដើម្បី​បង្កើតឱ្យមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និត​រវាង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ ទី​២-​គឺ​ដើម្បី​លើកកម្ពស់​ឱ្យ​កាន់តែ​ប្រសើរឡើង​និង​ស្វែងយល់​គ្នា​ទៅវិញទៅមក​នូវ​កិច្ច​សហ​ប្រតិការ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​ជាមួយគ្នានេះ​ឯកឧត្តម​បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​អំពី​បញ្ហាលំបាក​របស់​ប្រទេស​បង់​ក្លាស​ដេ​សគឺ​ការហូរចូល​នូវ​ជនអន្តោប្រវេសន៍​យ៉ាង​សន្ធឹកសន្ធាប់​ចូលមកក្នុង​ប្រទេស​បង់​ក្លា​ដេ​ស​។​បច្ចុប្បន្ននេះ​មាន​ជនអន្តោប្រវេសន៍​រ៉ូ​ហ៊ីង​យ៉ា​ជាង​១​លាន​១​សែន​នាក់ បាន​ភៀសខ្លួន​មក​រស់នៅក្នុង​ប្រទេស​ប​ង់​ក្លា​ដេ​ស​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា​ទំនាក់ទំនង​ការទូត​កម្ពុជា​-​បង់​ក្លា​ដេ​សត្រូវ​បាន​ប្តូ​ច​ផ្តើមឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​រវាង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​“​ព្រះ​បរម​រតន​កោដ្ឋ​”​ជាមួយ​បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស​នៅ​ឆ្នាំ​១៩៧៣​។​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​តាំងពី​ពេល​នោះមក​។​ជាមួយគ្នានេះ​ឯកឧត្តម​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា​ដែល​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា​ជាថ្មី​ម្តងទៀត​និង​លោកជំទាវ​ឯកឧត្តម​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា​កម្ពុជា ជាថ្មី​ម្តងទៀត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​ដែល​បាន​ថ្លែង​សរសើរ​អំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​និង​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​កា​រ​ដ៏​ល្អ​រវាង​ប្រជាជន រដ្ឋាភិបាល ក៏​ដូ​ជា​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ ។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ឯកភាព​ចំពោះ​អ្វីដែល​ឯកឧត្តម​បានលើកឡើង​ថា​ទំនាក់ទំនង​ការទូត​កម្ពុជា​-​បង់​ក្លា​ដេ​ស ត្រូវបាន​បង្កើតឡើង​ដោយ​ស្នា​ព្រះហស្ត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​“​ព្រះ​បរម​រតន​កោដ្ឋ​”​ជាមួយ​បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស​។​ដើម្បី​ជា​កិច្ច​ដឹងគុណ​ដល់​បុព្វបុរស​នៃ​ប្រទេស​យើង​ទាំងពីរ​រដ្ឋាភិបាល​បង់​ក្លា​ដេ​សបាន​សម្រេចយក​យក​ព្រះរាជ​នាម​របស់​ព្រះករុណា​ព្រះមហាវីរៈក្សត្រ​ព្រះវររាជបិតា​ជាតិខ្មែរ​នរោត្តម​សីហនុ​”​ព្រះ​បរម​រតន​កោដ្ឋ​”​ដាក់ឈ្មោះ​ផ្លូវ​មួយ​នៅ​តំបន់​អគារ​ស្ថាប័នរដ្ឋ​ក្នុង​ទីក្រុង​ដា​កា​។​ចំណែក​ប្រទេស​កម្ពុជា​បានសម្រេច​ដាក់ឈ្មោះ​បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស​នូវ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​រំលឹកថា ចំពោះ​ទំនាក់​ទំ​នង់​រវាង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ លោកជំទាវ​ប្រធានរដ្ឋសភា​បង់​ក្លា​ដេ​ស បាន​អញ្ជើញ​ចូលរួម “​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩​កម្ពុជា​”​។​ក្នុងឱកាស​នោះ​សម្តេច​ក៏បាន​ទទួល​បដិសណ្ឋារកិច្ច​លោកជំទាវ​ដោយបាន​ពិភាក្សា​ប្រកបដោយ​មិត្តភាព​និង​ផ្លែផ្កា​រួមចំណែក​ដល់​ការពង្រឹង​និង​ពង្រីក​នូវ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​អង្គ​នីតិ​ប្ប​ញ្ញ​តិ្ត​នៃ​ប្រទេស​យើង​ទាំងពីរ​ឱ្យ​កាន់​មាន​ការរីក​ម្រើ​ន​ថែមទៀត​។​

សម្តេច​ប្រធានព្រឹទ្ធសភា​បាន​បញ្ជាក់ថា​នាពេលខាងមុខ​នេះ​សភា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប (ASEP) ឆ្នាំ​២០២០​។ សម្តេច​ស​ង្ឈឹ​ម​ខ្ពស់​ថា​លោកជំទាវ​ប្រធានរដ្ឋសភា និង​ឯកឧត្តម​នឹងមាន​វត្តមាន​នៅលើ​ទឹក​ដី​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត​ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ​។​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែង​អរគុណ​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​ដែល​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​នារី​កម្ពុជា​ចំនួន​២០​នាក់​ពី​ឆ្នាំ​២០០៨​ដល់​២០១៧​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សកល​វិទ្យាល័យ​អាស៊ី​សម្រាប់​ស្ត្រី​និង​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​អប់រំ​កម្ពុជា​ជាមួយ​សាកលវិទ្យាល័យ អាស៊ី​សម្រាប់​ស្ត្រី (​ថ្ងៃ​២៤ ខែកញ្ញា ឆ្នាំ​២០១៨) ដោយ​សម្រេច​ផ្តល់​អាហារូបករណ៍​ក្នុង​មួយឆ្នាំៗ ៥០​កន្លែង​ដល់​និស្សិត​កម្ពុជា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា សូម​អបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​-​សង្គមរ​បស់បង់​ក្លា​ដេ​ស និង​សូម​ប្រសិទ្ធពរ​ជូន​ប្រជាជន​បង់​ក្លា​ដេ​ស​ទទួលបាន​នូវ​ការអភិវឌ្ឍ​ប្រទេស​កាន់តែ​ខ្លាំងក្លា​មាន​វិបុលភាព​វឌ្ឍនភាព​និង​កិត្យានុភាព​នូវលើ​ឆាក​អន្តរជាតិ​ក្នុងការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​ការធានា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​អន្តរជាតិ​។​សម្តេច​បាន​ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន​ឯកឧត្តម និង​គណៈប្រតិភូ សូម​ទទួលបាន​សុខភាព​ល្អ បរិបូរណ៍ និង​ប្រកបដោយ​ជោគជ័យ​៕S/​