ដោយ: មុនីរ័ត្ន/ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៤៧.៥០០ដុល្លារអាមេរិកជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែបចំនួន៥៩នាក់។
ក្នុងនោះចំពោះជនរងគ្រោះចំនួន៣៦នាក់ដែលបានស្លាប់ក្នុងម្នាក់ៗទទួលបាននូវព្រះរាជទ្រព្យចំនួន៤លានរៀលនិងអ្នកនៅរស់រានមានជីវិតចំនួន២៣នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងម្នាក់ៗទទួលបាននូវព្រះរាជទ្រព្យចំនួន ២លានរៀល។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជហឫទ័យសោកស្តាយសូមចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារនៃសពព្រមទាំងសូមជូនពរដល់បងប្អូនជនរងគ្រោះដែលកំពុងសម្រាកព្យាបាលឲ្យឆាប់ទទួលបានការជាស្បះស្បើយ។
សូមជម្រាបថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំក្នុងខេត្តកែប បានបិទបញ្ចប់ជាស្ថាពរត្រឹមម៉ោង១១:៣៥នាទីថ្ងៃទី៥ខែមករាឆ្នាំ២០២០។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែបបានឱ្យដឹងថាជនរងគ្រោះដែលក្រុមការងារបានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួន ៥៩នាក់ (ស្រី ២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន ៣៦នាក់ (ស្រី ១៤នាក់)។
ក្នុងចំណោមជនរងគ្រោះមានក្មេងចំនួន៦នាក់(ក្មេងស្រី២នាក់)និងរងរបួសចំនួន២៣នាក់(ស្រី៨នាក់)។ចំពោះជនរងគ្រោះបាត់បង់ជីវិតត្រូវបានក្រុមគ្រួសារមកបំពញឯកសារដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕S/