ដោយ: ចាន់តូ / ភ្នំពេញ: បុរសជាមន្ត្រីប៉ូលិសពាក់ស័ក្តិ៣ម្នាក់បានបាក់កស្លាប់ បន្ទាប់ពីជិះម៉ូតូមកឈប់ស្តុប ត្រូវរថយន្តមួយគ្រឿងបុករះទាំងកំរោល និងបណ្ដាលឲ្យរបួសធ្ងន់ពីរនាក់ទៀត ហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល។ ហេតុការណ៍កើតឡើងកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចស្តុបចំការដូងកែង និងផ្លូវព្រៃសរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សពបុរសរងគ្រោះមានឈ្មោះ ចន រតនា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាល ឋានន្ថរស័ក្តិអនុសេនីយ៍ឯក អាសយដ្ឋានផ្ទះលេខ១៣៤អឺ៤ហ្សិតផ្លូវ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បច្ចុប្បន្នស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេញកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 9621 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំទៅផ្លូវព្រៃសរ បានបុករះម៉ូតូ៤គ្រឿង និងម៉ូតូសពរងគ្រោះកំពុងឈប់ស្តុប ម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG 8171 និងម៉ូតូមួយគ្រឿងទៀតម៉ាកស្មាកវី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L 6686 បណ្ដាលឲ្យម្ចាស់ម៉ូតូវ៉េវបាក់កស្លាប់នៅនឹងកន្លែង ចំណែកម៉ូតូស្មាក់រងរបួសធ្ងន់២នាក់ភ្លាមៗ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើរត់គេចចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌចុះវាស់វែងយកម៉ូតូរងគ្រោះយករក្សាទុកធ្វើកំណត់ប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ល