ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកនេះថ្នាក់ដឹកនាំមហាជនប្រមាណ៣ម៉ឺននាក់នៅរាជ ធានីភ្នំពេញបានមកជួបជុំគ្នានៅមុខមហោស្រពកោះពេជ្រដើម្បីប្រារព្ធទិវាមហាជ័យជម្នះ៧មករា ខួប៤១ឆ្នាំ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ ។ ថ្ងៃ៧មករា កាលពី ៤១ ឆ្នាំមុនគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសដែល នៅសេសសល់ពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត មហាឃោរឃៅ។
នៅវេលាម៉ោង៧៖២០ នាទីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញដល់កន្លែងប្រារព្ធពិធីក្រោមការស្វាគមន៍ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិង សម្តេចអនុប្រធានគណ បក្សប្រជាជនកម្ពុជា និង អង្គមីទ្ទិញទាំងមូល ។
ការប្រារព្ធពិធីដ៏មហោឡារិកនេះឡើងដើម្បីរំឭកនូវការចងចាំមិនឤចបំភ្លេចបានចំពោះមហាឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ ពួក ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិនិងប្រជាជនកម្ពុជាក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនយុទ្ធនារីនិងអ្នកស្នេហាជាតិទាំង ឡាយដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍និងការពារមិនឱ្យរបបនេះឤចវិលត្រឡប់មកកម្ពុជាជាថ្មីវិញបាន។ ព្រមជាមួយការលំឱនកាយវាចាចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិរាប់លាននាក់ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុតនៅក្នុងរបបដ៏យង់ឃ្នងនា ពេលនោះហើយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដរាប។
មហាជ័យជម្នះ ៧ មករាបានសង្គ្រោះទាន់ពេលវេលានូវឤយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលនៅរង់ចាំតែសេចក្តីស្លាប់ បានធ្វើឱ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួនហើយបានស្រកស្រុតស្ទើររលាយសាបសូន្យបាត់អស់នៅក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត គ្រានោះរស់ឡើងមកវិញបានបិទទំព័រដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្រកម្ពុជាហើយបើកឡើងនូវសករាជថ្មីគឺ សករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមជូនដល់ប្រជាជាតិដ៏កំសត់មួយនេះ និង បានផ្តល់ជូនប្រជាជនកម្ពុជានូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់ លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។ លើសពីនេះទៀតមហាជ័យជម្នះ ៧ មករា ១៩៧៩ ក៏បានរួមវិភាគទានដ៏សកម្មដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ផងដែរ ។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ១៩៧៩គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករាក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានជនណា ឬ កម្លាំងណាឤចមកបំភ្លៃឬបំផ្លាញបានឡើយ។
ជាការពិតជ័យជម្នះ ៧ មករា ១៩៧៩ សម្រេចបានមកដោយឈរលើមូលដ្ឋាននៃការគួបផ្សំយ៉ាងស្អិតរមួតរវាងកម្លាំងពីរគឺកម្លាំងមហាសាមគ្គីជាតិរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងការជួយឧបត្ថម្ភយ៉ាងធំធេងទាន់ពេលនិងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម។បើគ្មានការគួបផ្សំនៃកម្លាំងទាំងពីរនេះទេគឺពិតជាមិនឤចមានមហាជ័យជម្នះ៧មករា១៩៧៩បានឡើយ ។ឈរលើមូលដ្ឋានជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនាប្រជាជនកម្ពុជា ពិតជាអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក្នុងការតស៊ូ រំដោះប្រទេសនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងបានបន្តជួយទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញបាន ។ គុណូបការៈដ៏ថ្លៃថ្លានេះត្រូវបាន ចារិកទុកជានិច្ចនៅក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា ៕