សហរដ្ឋអាម៉េរិកហាក់បានប្រកាសថាកងទ័ពអាម៉េរិកកំពុងដកចេញពីទីក្រុងបាកដាដបន្ទាប់ពីរយៈពេលជិត ១៧ ឆ្នាំ ក្នុងពេលមានភាពតឹងជាច្រើនម៉ោងកាលពីថ្ងៃចន្ទទី៦មករា។
ប៉ុន្តែចុងក្រោយទើបដឹងថា ការប្រកាសនោះជា “កំហុសដ៏ស្មោះត្រង់” តែប៉ុណ្ណោះ។
លោកម៉ាក មីលលី នាយអគ្គសេនាធិការចម្រុះ និយាយថា “កត្តាសំខាន់នៅទីនេះគឺថា នេះជាកំហុស” ខណៈលោកព្យាយាមកែកុនព័ត៌មានមិនពិតដែលកើតឡើងនៅពេលកំពុងមានភាពតានតឹងកើនឡើងជាមួយមជ្ឈិមបូព៌ា។
សារខុសឆ្គងនេះបានចាប់ផ្តើមលេចឡើង នៅពេលសេចក្តីព្រាងលិខិតមួយច្បាប់ពីមេបញ្ជាការងកងម៉ារីន លោកឧត្តមសេនីយ៍ វីលលៀម ស៊ីលី (William Seely) ចាប់ផ្តើមផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ថ្លែងទៅកាន់មន្ត្រីម្នាក់នៅក្រសួងការពារជាតិអ៊ីរ៉ាក់ លិខិតនោះសរសេរថា កងទ័ពអាម៉េរិកនឹងត្រូវរើទីតាំងឈរជើងដើម្បីត្រៀមខ្លួនចល័តទីឆ្ពោះទៅមុខ។
លោកស៊ីលីបានបន្ថែមទៀតថា “យើងគោរពការសម្រេចចិត្តអំពីអធិបតេយ្យភាពរបស់អ្នកក្នុងការបញ្ជាឱ្យពួកយើងចាកចេញ”។
បទបញ្ជា ដែលលោកស៊ីលីលើកឡើង គឺចង់សំដៅទៅលើការបោះឆ្នោតរបស់សភាអ៊ីរ៉ាក់កាលពីចុងសប្តាហ៍ដើម្បីបណ្តេញកងទ័ពអាម៉េរិកចេញ បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់នៅទីក្រុងបាកដាដ។
សេចក្តីរាយការណ៍ព័ត៌មានជាច្រើនបានកើតឡើងបន្ទាប់ពីឃើញលិខិតរបស់លោកស៊ីលី ដោយព័ត៌មានទាំងនោះសរសេរថាសហរដ្ឋអាម៉េរិកនឹងបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់។
ប៉ុន្តែបន្ទាប់ពីការបដិសេធនិងការហៅតាមទូរស័ព្ទអស់ពីរបីម៉ោង មេដឹកនាំកំពូលនៃមន្ទីរបញ្ចកោណបានព្យាយាមធ្វើការគ្រប់គ្រងលើការខូចខាតនេះ ដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិកគ្មានផែនការចាកចេញទេ ហើយនិយាយថា លិខិតនោះគឺព្រាងឡើងដោយប្រើពាក្យខុស ដែលមិនគួរចេញផ្សាយទេ។
លោកមីលលីនិយាយថា “គ្មានទាហានណាម្នាក់ត្រូវចាកចេញទេ។ មិនមានការចល័តទ័ពចេញនោះឡើយ។ វាជាកំហុសដ៏ស្មោះត្រង់”។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ និយាយថា សហរដ្ឋអាម៉េរិកបានកំណត់ទីតាំងឈរជើងរបស់កងទ័ពឡើងវិញ ភាគច្រើនគឺដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខកើនឡើងពីអ៊ីរ៉ង់។ លោកអេស្ពើនិងលោកមីលលីនិយាយថា លិខិតនោះមានគោលបំណងដើម្បីសម្របសម្រួលជាមួយយោធាអ៊ីរ៉ាក់លើការកើនឡើងនៃឧទ្ធម្ភាគចក្រនិងការចល័តកងទ័ព នៅពេលពួកគេផ្លាស់ប្តូរទីតាំងឈរជើងនៅទូទាំងប្រទេស។
លោកអេស្ពើនិយាយថា “គ្មានការសម្រេចចិត្តចាកចេញពីអ៊ីរ៉ាក់ទេ។ គ្មានការសម្រេចចិត្តចាកចេញទេ ហើយយើងក៏មិនមានគម្រោងចាកចេញឬត្រៀមខ្លួនចាកចេញនោះដែរ”៕ ដោយ៖ កញ្ញាដាលីស