ដោយ: ចាន់តូ / ភ្នំពេញ: បុរសម្នាក់បើករថយន្តមូយគ្រឿងបោះពួយក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដឹកពោតពេញ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍កើតឡើងវេលាម៉ោង១២ និង ៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខវត្តជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ។
អ្នកបើកបររថយន្តកូរ៉ូឡារងរបួសធ្ងន់មានឈ្មោះ ព្រហ្ម តារារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាល ទីកន្លែងកំណើត ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល អាសយដ្ឋាន ផ្ទះលេខ១៩ ផ្លូវលេខ២១៤ ភូមិ២ សង្កាត់បឹងរាំងាំង ខណ្ឌដូនពេញ ជិះរថយន្តកូឡា ពណ៌ស្លែពាក់ផ្លាកលេខ 2A 0242 បើកបរតែម្នាក់ឯង។
ចំណែកអ្នកបើកបររថយន្តកូរ៉េរងរបួសស្រាលមានឈ្មោះ អេង ពុធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅជិត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ជិះរថយន្តម៉ាកហ៊ុយិនដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ 2AJ 3116 បើកបរតែម្នាក់ឯង។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉ូឡា បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតបើកយ៉ាងលឿនបានទៅបុក រថយន្តកូរ៉េ ដឹកពោតបើកដោយបុរសម្នាក់ពីកើតទៅលិចបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យជ្រុះពោតធ្លាក់រាយប៊ាយពេញផ្លូវ។ ចំណែកម្ចាស់រថយន្តកូរ៉ូឡារងរបួសធ្ងន់ ជាប់ក្នុងរថយន្តត្រូវបានបងប្អូនឃើញហេតុការណ៍ ជួយគាស់យកចេញមកខាងក្រៅ ហើយក៏ទាក់ទងហៅរថយន្តសាម៉ុយមកដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។
ក្រោយកើតហេតុ សមត្ថកិច្ចមកធ្វើការវ៉ាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ល