Home ព័ត៌មានអន្តរជាតិ អាម៉េរិករិះគន...

អាម៉េរិករិះគន់រុស្ស៊ីនិងចិនចំពោះការខកខានថ្កោលទោសការវាយទូតខ្លួននៅបាកដាដ

សហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទទី៦មករាបានរិះគន់រុស្ស៊ីនិងចិនចំពោះការខកខានរបស់ពួកគេក្នុងការថ្កោលទោសការវាយប្រហារកាលពីសប្តាហ៍មុនលើស្ថានទូតរបស់ខ្លួននៅទីក្រុងបាកដាដពីសំណាក់ក្រុមបាតុករគាំទ្រអ៊ីរ៉ង់។

ខណៈអបអរសាទរប្រទេសចំនួន ២៧ ក្នុងចំណោមប្រទេសជាសមាជិក ១៩៣ ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការប៉ុនប៉ងវាយប្រហារថ្ងៃទី ៣១ ធ្នូដើម្បីលុកលុយបរិវេណស្ថានទូតនោះ ទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ភាពស្ងាត់ស្ងៀមរបស់រុស្ស៊ីនិងចិនបានបំផ្លាញក្រុមប្រឹក្សាសន្តិសុខ។

សេចក្តីថ្លែងការណ៍របស់អាម៉េរិកបាននិយាយថា “ការមិនអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍ជាមូលដ្ឋានបំផុត ដែលគូសបញ្ជាក់ពីការមិនអាចរំលោភបានលើបរិវេណស្ថានទូតនិងស្ថានកុងស៊ុល ជាថ្មីម្តងទៀតបាននាំឱ្យមានការចោទជាមន្ទិលអំពីភាពគួរឱ្យជឿជាក់បានរបស់ក្រុមប្រឹក្សានេះ”។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ការបញ្ចេញសំឡេងគាំទ្រដល់អនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦១ ដែលការពារស្ថានទូត “មិនគួរមានភាពចម្រូងចម្រាសឬទាមទារភាពក្លាហានអ្វីនោះទេ”។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា “ដូចដែលយើងបានបង្ហាញអ៊ីចឹង យើងនឹងមិនអត់ធ្មត់ចំពោះការវាយប្រហារមកលើបុគ្គលិកនិងទីតាំងនានារបស់អាម៉េរិកនោះឡើយ ហើយនឹងឆ្លើយតបដោយម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ ពលរដ្ឋ និង សម្ព័ន្ធមិត្តរបស់យើង”។

ការវាយប្រហារទៅលើស្ថានទូតអាម៉េរិកនៅក្រុងបាកដាដ ដែលមិនបណ្តាលឱ្យមានមនុស្សស្លាប់ឬរងរបួសនោះ គឺមានគោលបំណងតវ៉ាប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់អាម៉េរិកទៅលើក្រុមកាថេបហេសបូឡា (KH) ជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដែលអាម៉េរិកបន្ទោសចំពោះការវាយប្រហាររ៉ុក្កែតទៅលើទីតាំងរបស់ខ្លួននៅភាគខាងជើងអ៊ីរ៉ាក់ បណ្តាលឱ្យស្លាប់របស់អ្នកម៉ៅការអាមេរិកម្នាក់។

ប្រធានាធិបតីដូណាល់ ត្រាំបានឆ្លើយតបនឹងការវាយប្រហារស្ថានទូតខ្លួនដោយបញ្ជាឱ្យមានការវាយប្រហារដោយដ្រូននៅទីក្រុងបាកដាដ ដែលបានសម្លាប់មេបញ្ជាការយោធាកំពូលម្នាក់របស់អ៊ីរ៉ង់គឺលោក កាសសេម សូឡីម៉ានី និង ប្រធានកងជីវពល KH ម្នាក់។

រុស្ស៊ីនិងចិនបានច្រានចោលការចោទប្រកាន់របស់អាម៉េរិកដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាម៉េរិកមិនអាចបដិសេធចំពោះការសម្លាប់សូឡីម៉ានីនិងឧត្តមសេនីយ៍អ៊ីរ៉ាក់នោះឡើយ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក វ៉ាសស៊ីលី ណេបិនហ្សា បានប្រាប់អ្នកយកព័ត៌មានថា “តាមគោលការណ៍យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទៅលើស្ថានទូតណាមួយនៅលើពិភពលោក។ សេចក្តីថ្លែងការណ៍ថ្កោលទោសនោះគឺជិតរួចរាល់ហើយ ហើយវាត្រូវបានព្រមព្រៀងគ្នាយ៉ាងហោចណាស់ក៏ជាមួយអាម៉េរិករួចហើយដែរ”។

ប៉ុន្តែនៅពេលដំណឹងនៃការវាយប្រហារដោយដ្រូនកាលពីថ្ងៃ ៣ មករាលេចឡើង វាមិនអាចទៅរួចទេដែលមើលរំលងបរិបទទាំងមូល។

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោកចាង ជុនបានបន្ថែមថា “ចិនមិនទទួលយកការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកឡើយ។ ចិនគាំទ្រយ៉ាងមុតមាំចំពោះការការពារសុវត្ថិភាពស្ថានទូតបរទេសដោយអនុលោមតាមច្បាប់អន្តរជាតិ។ សកម្មភាពយោធាឯកតោភាគីរបស់អាម៉េរិកបាននាំឱ្យមានការផ្លាស់ប្តូរទាំងស្រុងចំពោះស្ថានភាពក្នុងតំបន់”។

លោកបានបន្ថែមថា រាល់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ “គួរតែឆ្លុះបញ្ចាំងពីការវិវឌ្ឍចុងក្រោយនៃស្ថានភាពនិងជួយការពារការកុំឱ្យមានការកើនឡើងនៃភាពតានតឹង”។

ប្រភពពីអង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃចន្ទថារហូតមកទល់ពេលនេះគ្មានប្រទេសណាមួយបានអំពាវនាវឱ្យមានការប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ានោះទេ៕ ដោយ៖ កញ្ញាដាលីស

បាតុករវាយទូតអាម៉េរិកនៅទីក្រុងបាកដាដកាលពីថ្ងៃទី៣១ធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...