ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រីនៃព្រះរាចាណាចក្រកម្ពុជាមាន ប្រសាសន៍ថា៖មានសន្តិភាពទើបធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជនមានសន្តិភាពទើបធានាដល់ ការស្ថិតស្ថេរនិងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពហើយជោគជ័យនៃដំណើរការអភិវឌ្ឍនិងភាពរឹងមាំនៃប្រជាធិបតេយ្យនិងជះឥទ្ធិពលត្រឡប់ មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងមីទ្ទិញរំលឹកខួប៤១ឆ្នាំថ្ងៃមហាជ័យជម្នះ៧ មករានាព្រឹកថ្ងៃទី ៧ មករា។សម្តេចតេជោ ហ៊ុន សែនបានមានប្រសាស ន៍ថា៖ចាប់ពីថ្ងៃជ័យជម្នះ ៧ មករាជាប្រវត្តិសាស្ត្រប្រជាជាតិខ្មែរបានក្រោកឈរឡើងវិញនិងបានធ្វើដំណើរ ទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវប្រកបដោយភាពជា ម្ចាស់លើជោគវាសនារបស់ខ្លួន។ ៤១ ឆ្នាំកន្លងទៅនេះ គឺ ៤១ ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ការពុះពារប្តូរផ្តាច់របស់យើងក្នុងរយៈពេល ៤១ឆ្នាំនេះ បានកែប្រែមាតុភូមិ យើងពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាពបំផុត។ នៅលើកំណាត់ផ្លូវដ៏វែងនេះគណបក្សប្រជាជន កម្ពុជាដែលបានដឹកនាំការប្រយុទ្ធតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បានឋិតនៅ រួមសុខរួមទុក្ខជានិច្ចជាមួយប្រជាជនធ្វើជាបង្អែករបស់ប្រជាជននៅ គ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុការពារជាតិការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាពនិងបង្រួបបង្រួមជាតិនិងទាំងបុព្វហេតុស្ថារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បន្តថា៖ច្បាស់ណាស់ថាផ្លូវទៅមុខនឹងនៅតែមានឧបសគ្គច្រើនទៀតប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងដំណើររបស់ជាតិយើងបាន ឡើយឲ្យតែយើងរក្សាបាននូវឯកភាពជាតិរួមគ្នាបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនេះទៅមុខទៀត។ យើងជឿជាក់លើកម្លាំងនៃការប្រឹងប្រែងរបស់យើងហើយចងចាំ ថាគឺកត្តាផ្ទៃក្នុងនោះហើយដែលជាកត្តាកំណត់នៃជ័យជម្នះ។ ក្នុងស្មារតីនេះយើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាពដែលយើងសម្រេចបានមក ដោយលំបាកជាទីបំផុតនោះឲ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ចមិនអនុញ្ញាតឲ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។មានសន្តិភាពទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យនិងជះឥទ្ធិពលត្រឡប់មកវិញ ធានានូវចីរភាពនៃសន្តិភាព។បើយើងបាត់បង់សន្តិភាពនោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។ នៅក្នុងឱកាសនេះ ខ្ញុំក៏សូមបញ្ជាក់យ៉ាងច្បាស់ថារាជរដ្ឋាភិបាល កម្ពុជាការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យជាតិទោះស្ថិតក្នុងកាលៈទេសៈនិងស្ថានភាពណាក្តីហើយការប៉ុងប៉ងណាដែលធ្វើឲ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជា ធិបតេយ្យ និងនីតិរដ្ឋ ដោយដាក់បង្ខំឲ្យកម្ពុជាមិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ គឺពុំអាចទទួលយកបានឡើយ ។ ការពិតជាក់ស្តែងបានបង្ហាញ ហើយថាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងត្រូវបានគោរពថែរក្សា និង លើកកម្ពស់ឥតឈប់នៅក្នុងផលប្រយោជន៍របស់ជាតិ និង ប្រជាជនកម្ពុជា។ ដូច្នេះពុំមានមូលហេតុត្រឹមត្រូវណាមួយ ដែលមជ្ឈដ្ឋានខាងក្រៅខ្លះបានលើកឡើងដដែលៗ អំពីការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនិង សិទ្ធិមនុស្សនៅកម្ពុជានោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថាមជ្ឈដ្ឋានទាំងនោះនឹងពិចារណាឲ្យបានត្រឹមត្រូវចំពោះការវិវត្តន៍ប្រកបដោយភាពវិជ្ជមាននៅកម្ពុជាហើយគោរពចំពោះសិទ្ធិនៃការជ្រើសរើសរបស់ប្រជាជនកម្ពុជានូវមាគ៌ាសម្រាប់ការអភិវឌ្ឍរបស់ខ្លួនដែលស្របទៅនឹងប្រវត្តិសាស្ត្រស្ថានភាពសង្គមវប្បធម៌និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។ សម្តេចក៏សង្ឃឹមផងដែរថាទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសខ្លះដែលធ្លាប់មានទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះនឹងត្រូវបាន ថែរក្សាពូនជ្រំលើកស្ទួយ ឲ្យល្អប្រសើរឡើង ដែលនឹងមិនក្លាយជាចំណាប់ខ្មាំងនៃទំព័រដ៏ខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្រឡើយ ៕