ក្លិបអាស្តុន វីលឡា( Aston Villa) នឹងត្រូវហ៊ានចំណាយប្រាក់ឈ្នួល១១០.០០០ផោនក្នុងមួយ សប្តាហ៍ ដើម្បីខ្ចីជើងកីឡាករ ឌែននី ឌ្រីងវ៉តធ័រ (Danny Drinkwater) ខណៈពេលក្លិបនេះ ចង់ពង្រឹងតំបន់បម្រើរបស់ខ្លួន។
ក្រុមរបស់លោក ឌីន ស្មីត (Dean Smith) មានមួយពិន្ទុនៅលើតំបន់កាត់ចេញ។ ស្របពេលខ្សែ បម្រើ ចន ម៉ាកហ្គីន (John McGinn) ខកខានការប្រកួតដោយសារមានបញ្ហារបួសយូរអង្វែង ហើយនៅពេលនេះ Aston Villa ចង់ខ្ចីជើងរយៈពេលខ្លី។
ឌ្រិងវ៉តធើ បានវិលត្រឡប់មកកាន់ពហុកីឡដ្ឋាន Stamford Bridge វិញនៅខែនេះបន្ទាប់ពីមានបញ្ហាអំឡុងពេលប្រកួតជាមួយក្រុម Burnley ដោយទើបលេងបានមួយប្រកួតប៉ុណ្ណោះ នៅក្របខណ្ឌព្រីមីញ៉េលីក បន្ទាប់ពីមានជម្លោះហិង្សានៅរង្គសាលមួយនៅទីក្រុងម៉េនឆេស្ទ័រ កាលពីខែកញ្ញា។
ឌ្រិងវ៉តធើ លេងតិចជាង២០០នាទី ក្នុងក្រុមជម្រើសដំបូងក្នុងរយៈពេលពីរឆ្នាំហើយថ្នាក់ដឹកនាំ ក្លិបឆេលស៊ីទាមទារឲ្យក្លឹបណាមួយដែលចង់បាន ឌ្រិងវ៉តធើ ត្រូវចំណាយប្រាក់ឈ្នួលពេញ ១០០ភាគរយ។
លោក ម៉ូរីស៊ីយ៉ូ សារី (Mauricio Sarri) អតីតគ្រូបង្វឹកឆេលស៊ីបានផ្តល់ឱកាសឲ្យ ឌ្រិងវ៉តធើ លេងបានត្រឹម៣០នាទី អំឡុងពេលប្រកួតដណ្តើមពាន Community Shield ចាញ់ក្រុមម៉េន ឆេស្ទ័រ ស៊ីធីកាលពីរដូវកាលមុន ហើយលោក ហ្វ្រែង ឡាំផាត (Frank Lampard) មិនទំនងជា ចាប់អារម្មណ៍នឹងខ្សែបម្រើរូបនេះទេ ៕ ប្រែសម្រួល: ពិសិដ្ឋ