អ្នកពន្លត់អគ្គិភ័យអូស្ត្រាលីបានប្រើប្រាស់អាកាសធាតុត្រជាក់នៅថ្ងៃអង្គារទី៧ខែមករានេះដើម្បីព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃជិត ២០០កន្លែងនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ខណៈដែលលោកស្កត់ ម័ររីសុន នាយករដ្ឋមន្ត្រីបានត្រៀមជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងនិងធនាគារដើម្បីពិភាក្សាអំពីវិបត្តិនេះ។
ភ្លើងឆេះព្រៃនេះ បានឆេះបំផ្លាញដីព្រៃជាង៨លានហិចតានៅទូទាំងប្រទេសអូស្ត្រាលីដោយបានសម្លាប់មនុស្ស២៥នាក់និងបំផ្លាញផ្ទះរាប់ពាន់ខ្នងហើយមនុស្សរាប់ពាន់នាក់ បានក្លាយជាជនគ្មានទីជម្រក។
ក្រុមប្រឹក្សាធានារ៉ាប់រងអូស្ត្រាលីបានបង្កើនការប៉ាន់ស្មានរបស់ខ្លួនចំពោះការអះអាងទារសំណងនិងបណ្តឹងអំពីការខូចខាតដោយអគ្គិភ័យ គឺអស់ទឹកប្រាក់៧០០ លានដុល្លារអូស្ត្រាលី (៤៨៥,៥៩ លានដុល្លារអាម៉េរិក)នៅថ្ងៃអង្គារនេះដោយមានការវាយតម្លៃថាចំនួនការខូចខាតនេះនឹងកើនឡើងបន្ថែមទៀតនៅពេលដែលតំបន់ដែលរងគ្រោះដោយភ្លើងឆេះបន្ថែមទៀត នឹងត្រូវបានរាយការណ៍។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី បានសន្យាផ្តល់ប្រាក់២ពាន់លានដុល្លារអូស្ត្រាលីដល់ភ្នាក់ងារពន្លត់ភ្លើងនិងការជួយសង្គ្រោះជាតិដែលទើបបង្កើតថ្មីដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃនេះ៕ប្រែសម្រួល៖សុខា/sn