ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅទីបំផុតក្រសួងមហាផ្ទៃអនុញ្ញាតឱ្យអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ជាផ្លូវការហើយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ការអនុញ្ញាតនេះ គឺបន្ទាប់ពីបានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។
សម្តេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២០ បានជម្រាបជូនលោកខឺយស៊ីនឿនតំណាងស្ថាបនិកគណបក្សខ្មែរស្រឡាញ់ជាតិថាក្រសួងមហាផ្ទៃអនុញ្ញាតឱ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិឈ្មោះសរសេរជាអក្សរកាត់(គ.ខ.ស.ជ)។មានទីស្នាក់ការតាំងនៅផ្ទះលេខ១៧ បេ១០ ផ្លូវលំ ភួមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ស្របតាមបទប្បញ្ញត្តិដូចមានចែងកក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
សម្តេចក្រឡាហោមសខេងបានបញ្ជាក់ថាដើម្បីទទួលបានសុពលភាពនិងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមវាក្យខណ្ឌទី២មាត្រា៩មាត្រា១៨ថ្មីមាត្រា១៩ថ្មីនិងមាត្រា២០នៃច្បាប់ស្តីពីគណបក្សនយោបាយ។
សូមជម្រាបថា គណបក្ស ខ្មែរស្រឡាញ់ជាតិ “អក្សរកាត់ គ.ខ.ស.ជ “ បាវចនា សេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ ឈ្មោះជាភាសាបរទេស Cambodian Nation Love Party (CNLP)។លោកខឺយ ស៊ីនឿនតំណាងស្ថាបនិកគណបក្សខ្មែរស្រលាញ់ជាតិបានថ្លែងប្រាប់រស្មីកម្ពុជាថាការបង្កើតគណបក្សថ្មីនេះត្រូវបានបង្កើតឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរសកម្មជនអតីតគណបក្សសង្គ្រោះជាតិ អ្នកប្រជាធិបតេយ្យនិងអ្នកស្នេហាជាតិដែលយើងខ្ញុំទាំងអស់គ្នាបានចុះតាមមូលដ្ឋានបានជួបពួកគាត់អស់រយៈពេលកន្លងមក៕S/