ក្លិបអាសេណល( Arsenal) បានតាមដានការវិវឌ្ឍរបស់ខ្សែការពារ ជឺរ៉ូម បូថេង (Jerome Boateng)ខណៈក្លិបកាំភ្លើងធំនេះថ្លឹងថ្លែងពីលទ្ធភាពផ្ទេរខ្សែការពារឆ្នើមរូបនេះមកជំនួសកីឡាករ ខាឡុម ឆេមបឺ (Calum Chambers) ដែលមានរបួស។
ខ្សែការពារកណ្តាលរូបនេះមានគម្រោងចង់ចាកចេញពីពហុកីឡដ្ឋាន Allianz Arena នៅខែនេះ បន្ទាប់ពីមិនសូវមានឱកាសបង្ហាញមុខ ហើយក្លិប Arsenal ត្រូវការពង្រឹងខ្សែការពារដោយសារ ខ្សែការពារសំខាន់ ឆេមបឺ ហិកទ័រ បេលឡេរីន (Hector Bellerin) និង គារ៉ាន ធានី (Kieran Tierney) មានបញ្ហារបួស ។
តាមព័ត៌មានថា ក្លិបបៃយឺន ម៉ូនិច( Bayern Munich) មានបំណងឲ្យ បូថេង ចាកចេញក្នុង តម្លៃ១២,៨លានផោន ហើយក្លិប Arsenal បានសួរនាំអំពីប្រាក់ឈ្នួលរបស់ខ្សែការពាររូបនេះ តម្លៃផ្ទេរ និង លទ្ធភាពខ្ចីជើង។
បើទោះបីជា បូថេង រងការរិះគន់ខ្លះ បន្ទាប់ពីធ្វើមិនសូវបានល្អមួយរយៈនេះប៉ុន្តែបទពិសោធ អាចមានសារសំខាន់សម្រាប់ក្រុមរបស់លោក មីគែល អាតេតា (Mikel Arteta)ខណៈពួកគេ ចង់ស្រវា យកតំណែងកំពូលទាំងបួនវិញ។
ប្រព័ន្ធការពាររបស់ក្រុម Arsenal ហាក់មិនសូវមាំទាំទេនៅរដូវកាលនេះ ក្រោមការដឹកនាំ របស់លោក អ៊ូណៃ អេមឺរី (Unai Emery) និងលោក ហ្វ្រេដឌី យុងបឺក (Freddie Ljungberg) ប៉ុន្តែអ្វីៗហាក់ដូចជាប្រែប្រួលសម្រាប់កីឡាករ ដេវីដ ល្វីស (David Luiz) និង សូក្រាទីស (Sokratis) អំឡុងពេលប្រកួតជាមួយក្រុមយូណាយធីតនៅក្រោមការដឹកនាំរបស់លោក អាតេតា ៕ ប្រែសម្រួល: ពិសិដ្ឋ