បុរសខ្លាំងលីប៊ី ខាលីហ្វា ហាហ្វថា កាលពីថ្ងៃចន្ទទី៦មករាបានវាយដណ្តើមកាន់កាប់ទីក្រុងឆ្នេរសមុទ្រ សឺត (Sirte) ពីក្រុមស្មោះត្រង់នឹងរដ្ឋាភិបាលក្រុងទ្រីប៉ូលី ដោយរឹតបង្កើនភាពតានតឹងខណៈតួកគីនិយាយថាខ្លួនកំពុងដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។
ទីក្រុងសឺត ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រពីភាគខាងកើតនៃរដ្ឋធានីទ្រីប៉ូលី ត្រូវបានកាន់កាប់តាំងពីឆ្នាំ ២០១៦ ដោយកងកម្លាំងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ (GNA)។
ប៉ុន្តែកាលពីថ្ងៃចន្ទអ្នកនាំពាក្យម្នាក់របស់កងទ័ពជាតិលីប៊ីរបស់លោកហាហ្វថាបាននិយាយថាទីក្រុងនេះបានធ្លាក់ក្រោមថ្វីដៃអ្នកប្រយុទ្ធរបស់គាត់ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
លោក អាម៉ាត អាល់ម៉េសម៉ារី បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ថា “ទីក្រុងសឺតត្រូវបានរំដោះទាំងស្រុង”។
លោកអាល់ម៉េសម៉ារីបាននិយាយថា “ប្រតិបត្តិការនេះមានល្បឿនលឿនហើយមានរយៈពេលតែ ៣ ម៉ោងប៉ុណ្ណោះ” ទោះបីការត្រៀមខ្លួនបានចាប់ផ្តើមប៉ុន្មានខែមុនដោយមានការវាយប្រហារតាមអាកាសទៅលើទីតាំងឈរជើងរបស់កងកម្លាំងគាំទ្រ GNA ក៏ដោយ។
លោកបាននិយាយថា ទាហានស្មោះត្រង់របស់ហាហ្វថាបានវាយប្រហារពីទីតាំងលើដីគោកនិងសមុទ្រចំនួន ៥ និង មានជើងអាកាសវាយការពារពីក្រោយ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
រដ្ឋាភិបាល GNA មិនបានបញ្ជាក់ភ្លាមៗអំពីការដួលរលំទីក្រុងសឺតទេ ប៉ុន្តែមេបញ្ជាការយោធាគាំទ្រ GNA នៅក្នុងទីក្រុងសឺត ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក បានទទួលស្គាល់ការដួលរលំនេះហើយ។
ប្រទេសអាហ្វ្រិកខាងជើងសម្បូរប្រេងមួយនេះបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូឆ្នាំ ២០១១ បានសម្លាប់មេដឹកនាំផ្តាច់ការ ម៉ូអាម៉ា ហ្គាដាហ្វី។
ឥឡូវនេះ លីប៊ីត្រូវបានបែងចែករវាងរដ្ឋាភិបាល GNA ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីទ្រីប៉ូលីនិងកងកម្លាំងរបស់លោកហាហ្វថា នៅភាគខាងកើតប្រទេស និង គ្រប់គ្រងភាគខាងត្បូងផងដែរ។
ភាពតានតឹងបានកើនឡើងកាលពីឆ្នាំមុននៅពេលលោកហាហ្វថាបានបើកប្រតិបត្តិការវាយលុកកាលពីខែមករាដើម្បីលុបបំបាត់ “ក្រុមភេរវករនិងឧក្រិដ្ឋជននៅភាគខាងត្បូងលីប៊ី” និងបានដណ្តើមកាន់កាប់ទីប្រជុំជនជាច្រើនដោយមានការគាំទ្រពីកុលសម្ព័ន្ធក្នុងស្រុក។
បន្ទាប់មកលោកហាហ្វថាបានផ្តោតលើរដ្ឋធានីទ្រីប៉ូលី ដោយបើកការវាយលុកលើរដ្ឋធានីនេះនៅខែមេសាឆ្នាំមុនដើម្បីផ្តួលរំលំរដ្ឋាភិបាល GNA ។
GNA បានស្វែងរកជំនួយពីតួកគីដែលសភារបស់ខ្លួនបានអនុម័តច្បាប់មួយដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលបញ្ជូនកងទ័ពទៅលីប៊ីដើម្បីគាំទ្រដល់រដ្ឋាភិបាលក្រុងទ្រីប៉ូលី។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីតួកគីលោករីស៊ីប ថាយយីប អឺដូហ្គាន បានប្រកាសថា ទាហានរបស់លោកបានចាប់ផ្តើមដាក់ពង្រាយនៅក្នុងប្រទេសលីប៊ី៕ ដោយ៖ កញ្ញាដាលីស